ព្រឹតិ្តការណ៍ថ្មីៗ

ទីតាំងហ្គេមអនឡាញ បង្កប់ល្បែងភ្នាល់ដ៍ធំដុះស្លែមួយកន្លែង តាំងបង្អូតភ្ញៀវជាតិ និង អន្តរជាតិ ត្រូវ លោក ប៉ាង លីដា ដឹកនាំកម្លាំងឆ្មក់បង្ក្រាប! (វីដេអូ)

4 ខែ មុន 195 tnn_admin

 

ភ្នំពេញ៖ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ទទួលបានការអនុញ្ញាតពី លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងចំរុះចុះបង្ក្រាប ទីតាំងណេត (ហ្គេមអនឡាញ) មួយកន្លែង ស្ថិតនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ នាវេលាម៉ោង១៩ និង ០០នាទីយប់ថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០១៩ ។

លោក ប៉ាង លីដា បញ្ជាក់ថា ក្រោយពីស្រាវជ្រាវរកឃើញថា ទីតាំងនេះមានបង្កប់ល្បែងហ្គេមបាញ់ត្រី នៅក្នុងនោះ ហើយនៅក្នុងខណៈនោះ កម្លាំងបានរឹបអូសយកសម្ភារៈ នៅក្នុងទីតាំងនោះទាំងអស់ ចំណែកម្ចាស់មិនត្រូវបានចាប់ខ្លួននោះឡើយ ព្រោះម្ចាស់មិននៅក្នុងទីតាំងនោះឡើយ។

អភិបាលរងខណ្ឌរូបនេះ ប្រាប់អោយដឹងថា ម្ចាស់ទីតាំងល្បែងខុសច្បាប់មួយនេះ ឈ្មោះ ហ៊ុន គឹមជាតិ ភេទប្រុស អាយុ៣៩ឆ្នាំ ហើយពេលកម្លាំងទៅដល់មិនបានឃើញម្ចាស់រូបនេះ ស្ថិតនៅក្នុងទីតាំងនោះឡើយ គឺនៅតែអ្នកមើលការខុសត្រូវ ម្នាក់ឈ្មោះ ព្រំ ណារាជ្យ ប៉ុណ្ណោះ។

បន្ទាប់មកកម្លាំងដកហូតបានវត្ថុតាងទាំងអស់ នៅក្នុងនោះរួមមាន កុំព្យូទ័រចំនួន២៧គ្រឿង កៅអីចំនួន២៩ និងដៃហ្គេមបាញ់ត្រីចំនួន៧គ្រឿង នាំយកទៅរក្សាទុកនៅសាលាខណ្ឌ ពោធិ៍សែនជ័យ រង់ចាំកោះហៅម្ចាស់ឲ្យចូលខ្លួនទៅសាកសួរ។

ប្រភពដដែលបានបន្តថា ទីតាំងខាងលើមានច្បាប់អនុញ្ញាតពីសាលារាជធានីភ្នំពេញ ដើម្បីបើកដំណើរការសេវាអ៊ីនធើណេតវិស័យព័ត៌មាន ប៉ុន្តែមិនបានអនុវត្តតាមការអនុញ្ញាតខាងលើទេ បែរជាដំណើរការល្បែង ហ្គេមបាញ់ត្រីទៅវិញ។ បន្ទាប់ពីមានការសង្ស័យ កម្លាំងបានធ្វើការស្រាវជ្រាវរហូតបានដឹងច្បាស់ ទើបនៅវេលាយប់ថ្ងៃទី២៨ ខែមិថុនា កម្លាំងសាលាខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ប៉ាង លីដា អភិបាលរងខណ្ឌ ចុះទៅធ្វើការបង្រ្កាបបែបនេះតែម្ដង៕

គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ក្នុងពិធីប្រកាស ដាក់ឲ្យដំណើរការរដ្ឋបាលខណ្ឌបឹងកេងកង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការទទួលសំណូកពីជនល្មើសទំាងនោះ គឺជាទង្វើរខុសច្បាប់ដែលមិនអាចលើកលែងឲ្យបានឡើយ ហើយអាជ្ញាធរមូលដ្ឋានទំាងអស់ ត្រូវដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់នេះ ឲ្យខាងតែបានដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសង្គម។

ឯកឧត្តម ឃួង ស្រេង បន្តថា ”ល្បែងស៊ីសងខុសច្បាប់សណ្តាប់ធ្នាប់សាធារណៈ កុំប៉ះពាល់លុយគេឲ្យសោះ បើប៉ះពាល់លុយគេ ដោះមិនចេញទេ អនុវត្តន៍មិចចេញ។ បើឯងយកលុយគេហើយ អាលូវអាចឹងៗៗ បែបប៉ះពាល់ដល់ការងាររបស់ខ្លួនហើយ ខ្ញុំនឹងតម្រឹមរឿងហ្នឹង បើប៉ះពាល់លុយគេចឹងទៀត ខ្ញុំត្រូវសារ៉េចេញ ចូលអភិក្រមចុងក្រោយ គឺវះកាត់ចេញ”។

សម្តេចក្រឡាហោម ស ខេង បានចេញសេចក្តីណែនាំអោយមន្ត្រី កងកំលាំងមានសមត្ថកិច្ចទាំងអស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យរបស់រាជដ្ឋាភិបាល។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួច បើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា៖ ល្បែងជ្រក ក្រោម ស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ភ្នាល់អនឡាញ ល្បែង អ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយ លេខ ល្បែងជល់មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រកក្រោមល្បែង ក្មេង លេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។

ទន្ទឹមនិងការដាក់បទបញ្ជាយ៉ាងតឹងរឹងពីសំណាក់ថ្នាក់នាំខាងលើ ជូនថ្នាក់ក្រោមយកមកអនុវត្តន៍ មហាជនលើកឡើងថា ទីតាំងហ្គេមអនឡាញ បង្កប់ល្បែងភ្នាល់ឡាយចេញពីកាស៊ីណូ ចាក់បាល់ ហ្គេមបាញ់ត្រី កន្ទុយលលេខ និងល្បែងស៊ីសងគ្រប់ប្រភេទ បាននិងកំពុងរីកដុះដាលយ៉ាងពេញបន្ទុក កន្លែងខ្លះជាប់របង សាលាសង្កាត់ ប៉ុស្តិ៍នគរបាល សាលាខណ្ឌ និង អធិការដ្ឋាននគរបាលខណ្ឌ អាចដំណើរការយ៉ាងរលូន គ្មានខ្លាចញញឺត សមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋានឡើយ។ ពលរដ្ឋឆ្ងល់ថា បងអាជ្ញាធរ និង សមត្ថកិច្ចមើលអត់ឃើញ ឬខ្លាចបារមីម្ចាស់ទីតាំង?

អង្គភាពសាព័ត៌មានយើងខ្ញុំ ស្វាគមន៍រាល់ការបកស្រាយបំភ្លឺពីសមីភាគីពាក់ព័ន្ធ ដើម្បីអោយមហាជនអស់មន្ទិលសង្ស័យ។ ទំនាក់ទំនង៖ 0974444174 / 0963899997

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ