ព្រឹតិ្តការណ៍ថ្មីៗ

ឪពុកជួញដូរគ្រឿងញៀន​ ម្ដាយ​វិកលចរិត​ព្រោះប្រើ​ថ្នាំញៀន​ កូនប្រុស លួចទ្រព្យសម្បត្តិ​អ្នកដទៃ ៩លើក ត្រូវអាវុធហត្ថខណ្ឌមានជ័យ​ឃាត់ខ្លួន​!

3 ខែ មុន 101 តូ សុផល

រាជធានីភ្នំពេញ​ ៖ នៅក្នុង​បរិបទ​សាកលភាវូបនីយកម្ម ប្រកបដោយ​ភាពស្មុគស្មាញ សង្គម​ទាំងឡាយ​លើ​សាកលលោកបាននិងកំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន ដូចជា​អំពើ​ពាលា​អាវ៉ាសែ អំពើ​អបាយមុខ បញ្ហា​គ្រឿងញៀន បញ្ហា​ក្មេង​ទំនើង បញ្ហា​សិក្សាអប់រំ បញ្ហា​សុខភាព​។​ល​។ បញ្ហា​ទាំងនេះ​ជា​បន្ទុក​ដ៏​ធ្ងន់​របស់​សមាជិក​សង្គម ក៏​ដូច​ក្រុមគ្រួសារទាំងអស់​ ដែល​តម្រូវឱ្យមាន​កិច្ចសហប្រតិបត្តិការ រួបរួមសាមគ្គី​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​ដោះស្រាយ​។​ ការយកចិត្តទុកដាក់​ឧបត្ថម្ភ​ផ្គត់ផ្គង់ ឱ្យបាន​គ្រប់គ្រាន់​ទាំង​សុខភាព សីលធម៌ និង​បំ​ណិ​ន​ជីវិត ទៅ​ឲ្យ​កូនៗ​នោះ​គឺជា​កាតព្វកិច្ច​របស់​ឪពុកម្ដាយ​ទាំងឡាយ ដើម្បី​កសាង​តម្លៃ​ជា​ធនធានមនុស្ស ជា​ពលរដ្ឋ​ល្អ ដែលជា​តម្រូវ​ការបស់​សង្គម​ទាំងមូល​។​

​គ្រួសារ​ជា​អ្នក​ផ្ដល់នូវ​ការអប់រំ​ដំបូង ដែល​គេ​ត្រូវ​គិតគូរ​យកចិត្តទុកដាក់​មុនគេ​ ព្រោះ​ការអប់រំ​ដំបូង​អាច​ផ្តល់​ទម្លាប់​ល្អ ​ឬ​អាក្រក់​ ប្រសិនបើ​ការអប់រំ​បានល្អ​ពីដំបូង នោះ​ការអប់រំ​បន្ដ​នឹង​ទៅជា​ការងាយស្រួល ប៉ុន្តែ​បើ​ការអប់រំ​ដំបូង​អាក្រក់​វិញ​ ការអប់រំ​បន្ដ​មុខជា​ពិបាក​ខ្លាំងណាស់​។ 

ជាក់ស្ដែង​ គ្រួសារមួយដែលមានឪពុកជាអ្នកជួញដូរគ្រឿងញៀន​ ចំណែកឯម្ដាយបានក្លាយជាមនុស្ស​បាត់បង់ម្ចាស់ការលេីខ្លួនឯង​(ឆ្កួត)​ដោយសារប្រេី​ថ្នាំញៀន​លេីសកម្រិត ដោយបន្សុលទុកកូនប្រុសតែម្នាក់​ រស់នៅជាមួយជីដូន​ ខ្វះការអប់រំ​ ប្រៀនប្រដៅ​ រហូតបណ្ដោយអោយគ្នា​ហ៊ាន​ប្រព្រឹត្តិបទល្មេីស​ ដេីរលួចទ្រព្យសម្បត្តិ​អ្នកដទៃ ៨លេីករួចមកហេីយ គឺលេីកទី៨ លួចលុយអ្នកលក់សាច់ជ្រូក​ នៅផ្សារពោធិញាណភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ត្រូវបានកងរាជអាវុធហត្ថខណ្ឌមានជ័យ ចាប់បញ្ជូនទៅមន្ទីរសង្គមកិច្ច ដើម្បីអប់រំចំនួន៣ខែ​ តែគួរឲ្យសោកស្ដាយ​ ពេលចេញមកវិញ​ មិនបានប៉ុន្មានផង​ នៅវេលាម៉ោង១៤:០០នាទី ថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៩ ក្មេងរូបនេះបានចូលទៅលួចទ្រព្យសម្បត្តិ​ នៅចំណុចផ្ទះលីហួរ វេលុយ មានទីតាំងនៅផ្ទះលេខ៩៤១ ក្រុមទី៣ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ តែត្រូវ​ម្ចាស់គេទាន់​ ចាប់បានប្រគល់ឲ្យកម្លាំង​កងរាជអាវុធហត្ថខណ្ឌមានជ័យ​ នាំយកទៅធ្វេីការ​សាកសួរ​បន្ត។ 

ជនរងគ្រោះឈ្មោះ លីម ហេង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាអ្នកវេលុយ ស្នាក់នៅផ្ទះលេខ៩៤១ ក្រុមទី៣ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១​ ។ ចំណែកជនសង្ស័យឈ្មោះ នៅ ឡេង ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅខណ្ឌច្បារអំពៅ ។

បេីតាមមន្ត្រីជំនាញអាវុធហត្ថ​ខណ្ឌមានជ័យ​ បានបញ្ជាក់ប្រាប់ TNN ថា​ ក្មេងប្រុសតូច(ជនសង្ស័យ​)នេះ ធ្លាប់ធ្វើសកម្មភាពលួចសរុប ចំនួន ៩ដងហេីយ) លើកទី១. នៅកន្លែងលក់ចេក ផ្សារច្បារអំពៅ (លួចបានលុយចំនួន ១០ម៉ឺនរៀល)​។ លេីកទី២.​ នៅផ្សារច្បារអំពៅ លួចលុយក្នុងកន្ត្រកម៉ូតូ បានចំនួនប្រហែល ៣០ម៉ឺនរៀល។ លេីកទី៣. នៅតូបលក់ដូរជិតផ្ទះ នៅខណ្ឌច្បារអំពៅ​ (លួចបានលុយចំនួន ៤ម៉ឺនរៀល​)។ លេីកទី៤. នៅក្នុងសាលាច្បារអំពៅ លួចកាបូបអ្នកគ្រូបង្រៀន (មានតែឯកសារ តែគ្មានលុយទេ)។ លេីកទី៥. នៅសាលាច្បារអំពៅដដែល លួចសិស្សសាលា (បានលុយប្រហែល ២០ម៉ឺនរៀល និងទូរស័ព្ទ Sumsung មួយគ្រឿងទៀត យកទៅលក់បានលុយ ៥០ដុល្លារ)។ លេីកទី៦. នៅផ្សារច្បារអំពៅ​ (លួចកាបូបស្ពាយ បានទូរសព្ទ IPhone5 មួយគ្រឿង និងលុយ១០០$ លុយខ្មែរ ២០ម៉ឺនរៀល និងអត្តសញ្ញាណប័ណ្ណ ១សន្លឹក)។ លេីកទី៧. នៅក្រោមស្ពានអាកាសច្បារអំពៅ (លួចស្បែកជើងគេ ម្ចាស់គេចាប់បាន តែអាណិតពេកក៏ដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ)។ លេីកទី៨. នៅផ្សារជិតវត្តអង្គពោធិ៍ញាណ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ (លួចលុយអ្នកលក់សាច់ជ្រូក​ ត្រូវបានកងរាជអាវុធហត្ថខណ្ឌមានជ័យបញ្ជូនទៅសង្គមកិច្ច ចំនួន៣ខែ ដើម្បីអប់រំ) ។ និងលើកទី៩.​ លួចទ្រព្យសម្បត្តិ​ នៅចំណុចផ្ទះលីហួរ វេលុយ (កេីតហេតុខាងលេី) ផ្ទះលេខ៩៤១ ក្រុមទី៣ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ តែត្រូវ​ម្ចាស់គេទាន់​ ចាប់បានប្រគល់ឲ្យកម្លាំង​កងរាជអាវុធហត្ថខណ្ឌមានជ័យ​ នាំយកទៅធ្វេីការ​សាកសួរ​បន្ត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ