ព្រឹតិ្តការណ៍ថ្មីៗ

ប្តឹង អភិបាល និងអភិបាលរង ស្រុកខ្សាច់កណ្តាល ទៅ ACU រឿងទិញលក់ដីបឹងឆ័ត្រ ទំហំ៧០ហិកតា តែ..

2 ខែ មុន 148 តូ សុផល

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញលិខិតស្តីពី អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលករណី ប្រមូលទិញដីបឹងឆ័ត្រទំហំ ៧០ហិកតា មកធ្វើជាកម្មសិទ្ធិ។

លិខិតខាងលើ បានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩កន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលពាក្យបណ្តឹងរបស់ពលរដ្ឋ ប្តឹងលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល និងលោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្តាល ពាក់ព័ន្ធករណី នាំគ្នាដើរប្រមូលទិញដីបឹងឆ័ត្រ ដែលជាដីសាធារណៈរបស់រដ្ឋ ទំហំ ៧០ហិកតា នៅចំណុចភូមិកំពង់ចំលង និងភូមិត្បូងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមរូបភាពឲ្យឈ្មួញឈរឈ្មោះជំនួស ដើម្បីយកទៅធ្វើកម្មសិទ្ធិ។

នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានធ្វើលិខិតបំភ្លឺជូន អង្គភាពប្រឆាំងអំពើពុករលួយ ដោយបានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់។ លោក ប៊ុន ផេង បានប្រាប់ ACU ថា ដីបឹងឆ័ត្រ ត្រូវបានអាជ្ញាធរភូមិ ឃុំ ចែកជូនប្រជាពលរដ្ឋ តាំងពីឆ្នាំ១៩៧៩ ដើម្បីបង្កបង្កើនផលស្រូវប្រាំង និងស្រែឈូក។

លោក ប៊ុន ផេង បានបន្តថា បច្ចុប្បន្នគឺពិតជាមានក្រុមហ៊ុន តូច ធំ ចុះទៅទិញដីនៅក្នុងស្រុកខ្សាច់កណ្តាល។ នៅក្នុងនោះក៏មានក្រុមហ៊ុនខិចខូចមួយចំនួន បានប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំដើម្បីទិញដីពីប្រជាពលរដ្ឋថែមទៀតផង។ ក្នុងនាមជាអាជ្ញាធរ លោក ប៊ុន ផេង និងលោក ចាន់ តារា គឺមានតែខិចខំតទប់ស្កាត់ និងការពារដីសាធារណៈរបស់រដ្ឋ។

សូមជម្រាបជូនថា កាលពីពេលថ្មីនេះ បន្ទាប់ពីតម្លៃដីឡើងថ្លៃកាន់តែខ្លាំង នៅក្នុងស្រុកខ្សាច់កណ្តាល ក៏មានការផ្ទុះឡើងនៅព័ត៌មានពីប្រជាពលរដ្ឋ ដោយចោទប្រកាន់ថា លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល និងលោក ចាន់ តារា ជាអភិបាលរង បានចេញមុខឈរជើងទិញដីបឹងឆ័ត្រ ដែលជាដីសាធារណៈរបស់រដ្ឋ ប្រណាំងប្រជែងជាមួយឈ្មួញទៀតផង។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា បច្ចុប្បន្ន ដីបឹងឆ័ត្រទំហំជាង ៧០ហិកតា នៅភូមិកំពង់ចំលង និងភូមិត្បូងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល កំពុងក្លាយ ទៅជាដីដែលកម្មសិទ្ធិឯកជនបណ្តើរៗហើយ។

បញ្ហាដ៏ចម្រូងចម្រាស ពាក់ព័ន្ធករណីទិញលក់ដីធ្លីសាធារណៈរបស់រដ្ឋ (បឹងឆ័ត្រ) នេះ បានធ្វើឲ្យពលរដ្ឋសម្រេចដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្រាវជ្រាវ និងស៊ើបអង្កេត វែកមុខអ្នកពាក់ព័ន្ធនៅក្នុងរឿងនេះ។

គួររម្លឹកថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុូករលួយ បានចាប់ខ្លួនឧកញ៉ា សុខ ប៊ុន និងអាជ្ញាធរជាន់ខ្ពស់ នៃមូលដ្ឋានក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បញ្ជូនទៅឲ្យ តុលាការដាក់គុក ពាក់ព័ន្ធករណីស្រដៀងគ្នានេះដែរ គឺរឿងរួមគំនិតគ្នាទិញលក់ដីសាធារណៈរបស់រដ្ឋ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ