ព្រឹតិ្តការណ៍ថ្មីៗ

បាំងតែប៉ុន្នានម៉ោងទៀត! ACU នឹងធ្វើសន្និសីទកាសែតបង្ហាញករណី កោះរ៉ុង ដែលឈានដល់ការចាប់ឧកញ៉ា សុខ ប៊ុន និងមន្ត្រី៥នាក់ដាក់ពន្ធនាគារ

4 ខែ មុន 306 តូ សុផល

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា នៅរសៀលថ្ងៃសុក្រទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ អង្គភាពប្រឆាំងអំពើពុករលួយនឹងរៀបចំសន្និសីទកាសែតមួយបង្ហាញអំពីករណី កោះរ៉ុង ជូនដល់អ្នកសារព័ត៌មាន និងអ្នកបណ្ដាញសង្គមហ្វេសប៊ុកទាំងអស់។

សូមជម្រាបជូនថា ពាក់ព័ន្ធករណី កោះរ៉ុង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ អង្គភាពប្រឆាំងអំពើពុករលួយបាន ចាប់បញ្ជូនខ្លួន មនុស្សចំនួន ៦នាក់ទៅតុលាការក្រុងភ្នំពេញ ពាក់ព័ន្ធករណី រួមគំនិតគ្នាជាប្រព័ន្ធក្លែងបន្លំឯកសាររំលោភយកដីរដ្ឋដោយខុសច្បាប់ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៩នេះ។

បន្ទាប់ពីសាកសួររួចរាល់ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ដដែល បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោកឧកញ៉ា សុខ ប៊ុន ជាអគ្គនាយក ក្រុមហ៊ុនអចលនទ្រព្យ សុខ ប៊ុន គ្រុប ពីបទ ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែង និងផ្តើមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ប្រព្រឹត្តនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ យោងតាមមាត្រា ២៨, មាត្រា មាត្រា ៦០១, មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។

ចំណែក លោក អ៊ុង និត ជាប្រធានក្រុមប្រឹក្សា ក្រុងកោះរ៉ុង, លោក សេង ហូលាង ជាចៅសង្កាត់កោះរ៉ុង, លោក ហែម សាឡេះ ជាសមាជិកក្រុមប្រឹក្សាសង្កាត់កោះរ៉ុង, លោក កែ សោម ជាចៅសង្កាត់រងទី២ និងលោក កែវ ពៅ មេភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ត្រូវតុលាការសម្រេចឃុំខ្លួនពីបទ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត, វីតិក្រម, ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅសង្កាត់កោះរ៉ុង ក្រុងកោះរុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ យោងតាមមាត្រា ៥៩២, មាត្រា ៥៩៣, មាត្រា ៦០១, មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ៕


បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ