ព្រឹតិ្តការណ៍ថ្មីៗ

អត់មានច្បាប់ផង សិប្បកម្មផលិតទឹកពិសា ៣ទីតាំង ហ៊ានដំណើរការផលិត និងចែកលក់

3 ខែ មុន 66 tnn_admin

មណ្ឌលគិរី៖ ដើម្បីកុំឱ្យប៉ះពាល់ដល់គុណភាពទឹកពិសា និងសុខភាពអ្នកប្រើប្រាស់ទូទៅ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរ ក្រុងសែនមនោរម្យ ដឹកនាំដោយលោក សុខ ប៊ុនធឿន អនុប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បានចុះត្រួតពិនិត្យសិប្បកម្មផលិតទឹកពិសារ នៅក្នុងក្រុងសែនមនោរម្យ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ  ដើម្បីអោយម្ចាស់សិប្បកម្មសុំច្បាប់អនុញ្ញាត។

លោក សុខ ប៊ុនធឿន អនុប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បានឱ្យដឹងថា ការចុះត្រួតពិនិត្យសិប្បកម្មផលិតទឹកពិសារដប ដោយពិនិត្យឃើញថា សិប្បកម្មទាំងនេះបានដំណើរការផលិត និងចែកចាយផលិតផលរបស់ខ្លួននៅលើទីផ្សារដោយគ្មានច្បាប់អនុញ្ញាតបង្កើតពីមន្ទីរឧស្សាកម្ម និងសិប្បកម្មទេ។

ហើយមន្រ្តីជំនាញក៏បានរកឃើញថាឧបករណ៍ចម្រោះទឹកដែលប្រើប្រាស់នោះ គឺអាចប្រើប្រាស់បានត្រឹមលក្ខណៈក្នុងរង្វង់គ្រួសារតែប៉ុណ្ណោះទាំងបរិមាណផលិត ទាំងគុណភាពផលិត រួមទាំងលក្ខណៈបច្ចេកទេសក្បួនអនាម័យផលិតកម្ម និងទីតាំងផលិត។ ម្យ៉ាងទៀត ខ្សែសង្វាក់ផលិតកម្មច្រកដប និងវេចខ្ចប់របស់សិប្បកម្មទាំងបីនេះ គឺមិនអនុលោមទៅតាមបទដ្ឋានបច្ចេកទេសទឹកពិសាដបដែលចែងក្នុងច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ-សិប្បកម្មរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលអាចធ្វើឱ្យប៉ះពាល់ដល់គុណភាពទឹកពិសា និងសុខភាពអ្នកប្រើប្រាស់នៅលើទីផ្សារ។ ក្នុងការចុះពិនិត្យនោះដែរ មន្រ្តីជំនាញ បានធ្វើការពន្យល់ និងណែនាំស្តីពីការគ្រប់គ្រងរោងចក្រ-សិប្បកម្ម និងនិតីវិធីមួយចំនួនផ្សេងទៀតទៅដល់ម្ចាស់សិប្បកម្ម នឹងដំណើរការផលិត និងចែកចាយលក់នៅលើទីផ្សារ ហើយក៏បានឱ្យម្ចាស់សិប្បកម្មផលិតទឹកពិសាដបស្លាកយីហោ អូគិថាណាចំនួនពីរកន្លែង និងស្មូត ១កន្លែង ស្ថិតនៅក្រុងសែនមនោរម្យ ត្រូវបញ្ឈប់សកម្មផលិត និងធ្វើអាជីវកម្ម រហូតដល់ពេលទទួលបានច្បាប់អនុញ្ញាតពីមន្ទីរឧស្សាហកម្ម និងសិប្បកម្ម។

លោក សុខ ប៊ុនធឿន បានធ្វើការណែនាំដល់ម្ចាស់សិប្បកម្មទាំងអស់ ត្រូវមកទំនាក់ទំនងសុំច្បាប់ បង្កើតរោងចក្រសិប្បកម្មនៅមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តមណ្ឌលគិរី ដើម្បីកែប្រែនូវប្រព័ន្ធផលិតកម្ម និងគុណភាពឱ្យសមស្របតាមស្តង់ដារបច្ចេកទេសទឹកពិសាដប និងនិតីវិធីផ្លូវច្បាប់ជាធរមានក្នុងរយៈពេល១សប្តាហ៍។ លោកបន្ថែមថា ក្នុងករណីម្ចាស់សិប្បកម្មមិនអនុវត្តន៍តាមការណែនាំរបស់មន្រ្តីជំនាញ ហើយឃើញនៅតែបន្តការផលិត និងចរាចរណ៍ចែកចាយលក់លើទីផ្សារទៀត មន្ទីរនឹងចាត់វិធានការតាមនីតិវិធីច្បាប់ ដោយមានស្ថានប័នជំនាញពាក់ព័ន្ធចូលរួមអនុវត្តច្បាប់ និងផាកពិន័យតាមច្បាប់ជាធរមាន៕ ដោយ៖ ចិន្តា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ