ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិដើមភាគតិចព្នង នៅមណ្ឌលគិរី ធ្វើពិធីសែនព្រេន លើករាសី

3 ខែ មុន 21 tnn_admin

មណ្ឌលគិរី៖ ទោះជាបច្ចុប្បន្នជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី បានកែប្រែរបៀបរស់នៅជាច្រើន ប៉ុន្តែប្រពៃណីទំនៀមទម្លាប់វប្បធម៌ពួកគាត់នៅតែត្រូវបានរក្សាទុក និងយកមកអនុវត្តជារឿយៗ ដែលមិនធ្វើឲ្យប្រពៃណីទាំងនោះងាយប្រឈមជាមួយការបាត់បង់នោះទេ។ ថ្មីៗនេះគ្រួសារដែលមានដើមកំណើតជាជនជាតិដើមភាគតិចព្នង១គ្រួសារ នៅក្រុងសែនមនោរម្យ បានធ្វើពិធីសែនព្រេនលើករាសីយ៉ាងអធិកអធម និងមានការចូលរួមពីសំណាក់ចាស់ព្រឹទ្ធាចារ្យជនជាតិព្នង ដូចក៏ដូចជាបងប្អូនជនជាតិដើមភាគតិច និងជនជាតិខ្មែររាប់សិបនាក់។

លោក ណយ ច័ន្ទ តារា ជាម្ចាស់កម្មវិធីសែនព្រេនមានឈាមជ័រជាជនជាតិព្នង និងជាមន្ត្រីរាជការមួយរូបក្នុងខេត្តមណ្ឌលគិរីបានប្រាប់ថា នេះជាពិធីសែនព្រេនលើករាសីកាប់ក្របី និងផឹកស្រា ការធ្វើពិធីនេះ គឺចង់រលឹកគុណដល់ដូនតា និងអន្ទង់ហៅវិញ្ញាណក្ខន្ធដូនតាម្ចាស់ទឹកម្ចាស់ដីមកទទួលយកការសែនព្រេន បន្តថែរក្សា និងជួយជ្រោម ជ្រែងកូនចៅជំនាន់ក្រោយឲ្យជោគជ័យបន្ថែមទៅមុខទៀត។

លោក ណយ ច័ន្ទតារា បន្តថា ការសែនព្រេនក្នុងពិធីលើករាសីនេះ តម្រូវឲ្យមានបូជាសត្វក្របី១ក្បាល ជ្រូក១ ក្បាល មាន់៣ក្បាល និងស្រា៣ពាង ក្នុងនោះមានស្រាពាងរលូង១ពាង ជាស្រាពាងបូរាណ ដែលជនជាតិដើមភាគតិចព្នង គោរពសម្រាប់ផឹកស្បថស្បែ ឬសន្យាអ្វីមួយ មិនហ៊ានបំពានពាក្យនោះទេ។ ហើយក្រៅពីការសែនព្រេននោះ ក្នុងពិធីនេះ ក៏តម្រូវឲ្យមានការច្រៀងរាំរែកជាមួយរបាំប្រពៃណី ដូចជារបាំដាំស្រូវ របាំបេះផ្លៃឈើ និងរបាំជាច្រើនទៀត ដើម្បីបង្កបរិយាកាសសប្បាយរីករាយផងដែរ។

លោក ព្លើន ស៊ីផុន ជាជនជាតិដើមភាគតិចព្នង និងជាចាស់ព្រឹទ្ធាចារ្យម្នាក់នៅក្រុងសែនមនោរម្យ បានឱ្យដឹងថា ពិធីសែនព្រេនលើករាសីនេះ  ពីបូរាណមកគេប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ថ្ងៃទី១ សែនសុំបើកផ្លូវ ថ្ងៃទី២ ជាថ្ងៃពិសេស មានការកាប់ក្របីជ្រូកមាន់ ចំណែកថ្ងៃទី៣គឺសែនបញ្ចប់កម្មវិធីផ្កាប់ពាងស្រា ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ពុំសូវបានធ្វើគ្រប់៣ថ្ងៃនោះទេ គឺធ្វើតាមលទ្ធភាពដែលអាចធ្វើទៅបាន។ លោក បញ្ជាក់បន្ថែមថា ពិធីនេះ គេធ្វើនៅពេលឡើងឋានៈ ឫឡើងតួនាទី ម្ដងម្កាលមិនចាំបាច់ធ្វើរៀងរាល់ឆ្នាំនោះទេ ប៉ុន្តែប្រសិនបើយើងចង់ធ្វើពិធីនេះ គឺអាចធ្វើប៉ុន្មានដងក៏បានក្នុងមួយឆ្នាំ។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី លោក សី ទូច បានឲ្យដឹងដែរថា ការធ្វើពិធីសែនព្រេនលើករាសីនេះ លោកសង្កេតឃើញថា គេបានធ្វើជារឿយៗ និងជារឿងល្អមួយដែលជនជាតិព្នងនៅតែប្រកាន់ភ្ជាប់ជាមួយ ប្រពៃណីបានយ៉ាងល្អ។ លោកកត់សម្គាល់ថា ជនជាតិព្នងភាគច្រើននៅខេត្តមណ្ឌលគិរី បានអនុវត្តតាមសាសនាប្រពៃណី របស់ពួកគាត់បានល្អ លើកលែងជនជាតិដើមមួយចំនួនដែលចូលសាសនាផ្សេង គឺមិនអនុវត្តតាមប្រពៃណីទៀតទេ៕ ដោយ៖ ចិន្តា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ