ក្រោយបែកធ្លាយ និង មានការចែកចាយរូបភាព ព្រះចៅអធិការវត្ត ពោធិ៍ចិនតុង ជាមួយស្ត្រីម្នាក់ មិនទាន់ស្ងប់ផង បែរជាលិចលឺថា ព្រះអង្គ ភៀសព្រះកាយចេញពីវត្ត…!

4 ខែ មុន 287 tnn_admin

ភ្នំពេញ៖ យោងតាម Page Facebook ផ្លូវការ  មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញបាន បញ្ជាក់នារសៀលថ្ងៃទី២៦ មិថុនា ២០១៩ នេះថា ៖ក្នុងនាមមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ សូមជូនដំណឹងដល់សាធារណជនជ្រាបថា តាមបណ្តាញព័ត៌មានសង្គមមួយចំនួនដែលបានចុះផ្សាយថា ព្រះចៅអធិការវត្តពោធិសត្ថារាម (វត្តពោធិ៍ចិនតុង) មិនបានគង់នៅក្នុងវត្តទេ គឺបានភៀសព្រះកាយចេញទៅក្រៅវត្តជាដើម តែតាមការពិត នៅពេលដែលក្រុមការងារនៃមន្ទីរធម្មការចុះពិនិត្យជាក់ស្តែង នៅក្នុងវត្ត គឺព្រះអង្គចៅអធិការកំពុងតែគង់ក្នុងវត្តជាធម្មតា។

ជាពិសេស នៅថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ យើងបានពិនិត្យ និងតាមដានសកម្មភាពរបស់ព្រះអង្គ គឺព្រះអង្គបានធ្វើដឹកនាំ គ្រប់គ្រង និងធ្វើសកម្មភាពជាធម្មតា ដូចសព្វដងដដែល។ ជាក់ស្តែងនៅថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ មន្ទីរធម្មការបាននិមន្តព្រះអង្គមកកាន់មន្ទីរ ដើម្បីសាកសួរបន្ថែមពីសកម្មភាពការងារផ្សេងៗក្នុងវត្ត។

ដូច្នេះ សូមសាធារណជន ជ្រាបជាដំណឹង។ ម្យ៉ាងទៀត សូមហាមដល់ជនឈ្លៀតឱកាស និងក្រុមបណ្តាញសង្គមរកផលប្រយោជន៍ផ្ទាល់ខ្លួនមួយចំនួនតូច ត្រូវឈប់ជាបន្ទាន់ចំពោះការបង្ហោះអ្វីដែលមិនពិត ធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃព្រះសង្ឃខ្មែរ និងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

គួររំលឹកដែរងថា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩  អាជ្ញាធរ និងមន្ដ្រីជំនាញ បានបើកការប្រជុំបន្ទាន់មួយ ក្រោយមានការបែកធ្លាយរូបភាពមិនប្រក្រតី នៅលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងព្រះចៅអធិការវត្តពោធិ៍ចិនតុង និងស្រីស្នេហ៍។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព ព្រះធម្មបញ្ញាមុនី សែម សុភា ព្រះអនុគណស្តីទីខណ្ឌពោធិ៍សែនជ័យ ដោយបាននិមន្តនិងអញ្ជើញ មន្ត្រីសង្ឃ និងភាគីពាក់ព័ន្ធ នៅសាលាអនុគណខណ្ឌពោធិ៍សែនជ័យ។

ក្នុងកិច្ចប្រជុំនោះ ព្រះធម្មបញ្ញាមុនី សែម សុភា មានសង្ឃដីកាថា ការបើកកិច្ចប្រជុំនេះ ដោយសារឃើញមានរូបភាពមិនប្រក្រតី ដែលបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក រឿងរូបថតរបស់ ភិក្ខុ វ៉ាន វន្លឺ ព្រះចៅអធិការវត្តពោធិសត្ថារាម (ហៅពោធិ៍ចិនតុង) និងនារីម្នាក់ ដែលបានកើតឡើងកាលពីម្សិលមិលរហូតមកទល់ថ្ងៃនេះ។

ព្រះសីលវោ ព្រហ្ម ស្ថភី ព្រះធម្មធរអនុគណ បានមានសង្ឃដីកាថា គួរតែឲ្យសាមីខ្លួនទាំងពីរបកស្រាយ អំពីរឿងហេតុដែលបានកើតឡើងមកនេះ តើវាជាការពិតដែរឬទេ? សូមឲ្យផ្តល់ចម្លើយពិតនិងស្មោះត្រង់ ដើម្បីឲ្យមានភាពងាយស្រួលដល់សាលាអនុគណដោះស្រាយ។

ភិក្ខុ វាន វន្និ បានរៀបរាប់ថា រូបភាពដែលបានបង្ហោះតាមហ្វេសប៊ុកនេះ មិនមែនជារូបពិតទេ គឺត្រូវបានគេកាត់ត ដើម្បីបង្អួចកិត្តិយសរបស់ព្រះអង្គ និងតម្លៃព្រះពុទ្ធសាសនា។

កញ្ញា លប ធីតា ជាម្ចាស់រូបដែលត្រូវបានគេបង្ហោះពេញហ្វេសប៊ុក បាននិយាយថា នាងពុំមានទំនាក់ទំនង អ្វីជាមួយលោកសង្ឃអង្គនេះទេ ហើយរូបថតទាំងនោះ ក៏មិនមែនជាការពិតដែរ គឺអ្នកដែលបង្ហោះនោះ មានចេតនាបរិហារកេរ្តិ៍បង្អួចកិត្តិយសនាងខ្ញុំ និងក្រុមគ្រួសារ។ នាងខ្ញុំសូមបដិសេធទាំងស្រុង ចំពោះរូបថតមិនពិតទាំងអស់នេះ។

បន្ទាប់មក ព្រះវិស្ព្វានុញាណ ផល ស្នា មានសង្ឃដីកា បន្តថា៖ ជុំវិញការលើកឡើងរបស់សាមីខ្លួនទាំងពីរខាងលើនេះ គឺបញ្ជាក់ថា រូបថតដែលបង្ហោះនៅលើហ្វេសប៊ុកមិនមែនជាការពិតទេ គឺមានជន ឬក្រុមណាមួយ មានចេតនាបង្ហោះ ដើម្បីបំផ្លិចបំផ្លាញតម្លៃព្រះពុទ្ធសាសនាតែប៉ុណ្ណោះ។

ព្រះគ្រូរតវិនយោ ជឿចិន្តា ព្រះសមុហ៍អនុគណខណ្ឌ មានសង្ឃដីកាថា បើសាមីជនទាំងពីរ មិនមានពាក់ព័ន្ធអ្វីជាមួយគ្នាទេ សូមឲ្យអ្នកទាំងពីរបង្ហោះសារឆ្លើយតបថា ខ្លួនពិតជាមិនដែលស្គាល់គ្នាទេ នៅលើបណ្តាញសង្គមហ្វេសប៊ុកនោះឡើយ ដើម្បីឲ្យមហាជនជ្រាប និងកុំឲ្យមានការយល់ច្រឡំ។

លោក ប្រាក់ ពិន ប្រធានការិយាល័យធម្មការនិងសាសនាខណ្ឌពោធិ៍សែនជ័យ បានឯកភាពតាមមតិខាងលើទាំងស្រុង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ