ព្រឹតិ្តការណ៍ថ្មីៗ

សម្ដេចក្រឡាហោម ស ខេង ៖ ដាស់តឿនក្រើនរំលឹកឲ្យមន្ត្រី និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ “កុំ៤”

4 ខែ មុន 108 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតី ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធនៅសាលមហោស្រពកោះពេជ្រ។

ជាកិច្ចចាប់ផ្ដើម អង្គពិធីបានស្ដាប់របាយការណ៍បូកសរុបបញ្ជីស្ថិតិគ្រឿងញៀន សារធាតុគីមីផ្សំ និងសារធាតុពាក់ព័ន្ធផ្សេងៗទៀត ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចរឹបអូសកម្ទេចចោលនាថ្ងៃនេះ និងបានស្ដាប់ការអានសារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសុន្ទរកថា និងមានមតិសំណេះសំណាលទៅកាន់អង្គពិធី ដោយសម្ដេចបានមានប្រសាសន៍ថាការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ «សុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព»នៅថ្ងៃនេះ គឺដើម្បីឆ្លើយតបនឹងស្មារតីនៃមហាសន្និបាតអង្គការសហប្រជាជាតិ។

សម្ដេចបានបន្ថែថានៅថ្ងៃនេះ កម្ពុជា និងបណ្ដារដ្ឋផ្សេងទៀត បានប្រារព្ធទិវានេះឡើង ដើម្បីបំផុស ដាស់តឿន និងក្រើនរំលឹកដល់ជនគ្រប់រូប ឲ្យគាំទ្រ និងចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន បានយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ហើយសម្រាប់ថ្ងៃនេះ យើងក៏នឹងដុតកម្ទេចចោលគ្រឿងញៀនមួយចំនួនទៀតដែរ។

សម្ដេចក្រឡាហោម ក៏បានថ្លែងកោតសរសើរគ្រប់ភាគីដែលបានសហការគ្នាប្រារព្ធ និងចូលរួមក្នុងទិវានេះ ហើយដែលក៏បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក ទៅតាមតួនាទី ភារកិច្ច និងស្មារតីទទួលខុសត្រូវ ពិសេសបានចូលរួមយ៉ាងសកម្ម នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជាបន្តបន្ទាប់ជាមួយរាជរដ្ឋាភិបាល។

ជាមួយគ្នានេះសម្ដចក្រឡាហោម ក៏នៅមានតែមានការព្រួយបារម្ភចំពោះបញ្ហាគ្រឿងញៀន ដោយសារតែនិន្នាការសកល និងស្ថានភាពភូមិសាស្រ្ត ដែលធ្វើឲ្យក្រុមឧក្រិដ្ឋជន នៅតែបន្តព្យាយាមចរាចរណ៍គ្រឿងញៀនឆ្លងកាត់ប្រទេសកម្ពុជា ហើយពលរដ្ឋមួយចំនួននៅតែបន្តរងផលប៉ះពាល់ បើទោះបីជារាជរដ្ឋាភិបាលខិតខំបង្ការ ទប់ស្កាត់ និងបង្ក្រាបយ៉ាងសកម្មក្ដី។

សម្ដេចឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាជាមួយនឹងការប្រឈមខាងលើ កម្ពុជាក៏បង្កើនការធ្វើសកម្មភាពឆ្លើយតបយ៉ាងផុលផុស និងប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាគ្រឿងញៀននេះដែរ តាមរយៈការដាក់ចេញយុទ្ធនាការបង្ក្រាប ការផ្ដោតលើទីតាំងកំសាន្ត ការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ។

បន្ថែមពីនេះ សម្ដេចបានណែនាំឲ្យមន្រ្តី កម្លាំងអនុវត្តច្បាប់ និងគ្រប់ភាគី បន្តបង្កើនការយកចិត្តទុកដាក់សហការគ្នាបង្ក្រាបការប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅផ្ទះសំណាក់ ខារ៉ាអូខេ និងក្លឹបកំសាន្ត និងការចរាចរណ៍គ្រឿងញៀនតាមច្រកព្រំដែនចូលមកក្នុងប្រទេស ពីព្រោះករណីទាំងនេះសុទ្ធតែជាករណីធំៗ ដែលជាប់ពាក់ព័ន្ធនឹងមេក្លោង និងបណ្ដាញទាំងក្នុង និងក្រៅប្រទេស។

ជាមួយគ្នានេះ សម្ដេចបានផ្ដល់អនុសាសន៍មួយចំនួនទៀត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពាក់ព័ន្ធនឹងសមត្ថភាព និងការទទួលខុសត្រូវរបស់មន្រ្តី និងកម្លាំងអនុវត្តច្បាប់ ការពង្រឹងយន្តការភូមិឃុំសង្កាត់គ្មានគ្រឿងញៀន ការគៀងគរកិច្ចសហការពីគ្រប់ភាគី ការស្ដារនីតិសម្បទា វិធានការអនុវត្តច្បាប់ និងការផ្ដោតលើតំបន់ព្រំដែន។

សម្ដេចក៏បានណែនាំឲ្យពង្រឹងការអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន និងការចូលរួមអនុវត្តពីពលរដ្ឋ ពិសេសពីវិស័យឯកជន ក្រោមពាក្យស្លោក”ការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន គឺជាការការពារផលប្រយោជន៍ខ្លួនឯង” និងបានអំពាវនាវឲ្យបន្តចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយរាជរដ្ឋាភិបាល។

ជាការកត់សំគាល់ សម្ដេចក្រឡាហោម ស ខេង បានដាស់តឿនក្រើនរំលឹកឲ្យមន្រ្តី និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ កុំពាក់ព័ន្ធនឹងគ្រឿងញៀនឲ្យសោះ តាមរយៈការចៀសវាងឲ្យដាច់ខាតនៅនូវពាក្យគន្លឹះ«កុំ៤» គឺ”កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍” ក្នុងករណីបទល្មើសគ្រឿងញៀន។

បន្ទាប់ពីបញ្ចប់សុន្ទរកថា និងការមានមតិសំណេះសំណាល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់ថវិកាឧបត្ថម្ភដល់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រួមទាំងអង្គពិធីទាំងមូល មុននឹងអញ្ជើញបង្ហោះសារអបរំចងភ្ជាប់ប៉ោងៗជានិមិត្តរូប នឹងដុតបំផ្លាញគ្រឿងញៀនជាង២តោន ព្រមសារធាតុគីមីផ្សំជាច្រើនទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ