ព្រឹតិ្តការណ៍ថ្មីៗ

ប្តឹងឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអគ្គព្រះរាជអាជ្ញា ជួយ អន្តរាគមន៍ទៅលោក សៀង សុខ ព្រះរាជអាជ្ញាខេត្តព្រះសីហនុ ដែលមិនព្រមចោទប្រកាន់ជនដៃដល់

3 ខែ មុន 436 តូ សុផល

ភ្នំពេញ៖ ព្រោះតែរងចាំយុត្តិធម៌ពីលោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ អស់រយៈពេលជិតកន្លះឆ្នាំ តែមិនឃើញពន្លឺសោះនោះ បុរសម្នាក់ ដែលរួចជីវិតពីការចាប់ដុតទាំងស្រស់ពីសំណាក់លោក លី ស្រេង និងបក្ខពួក បានសម្រេចដាក់ពាក្យប្តឹងសុំឲ្យឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ ឲ្យជួយរកយុត្តិធម៌។

យោងតាមពាក្យបណ្តឹងសុំអន្តរាគមន៍ពីអគ្គព្រះរាជអាជ្ញា និងយោងតាមពាក្យបណ្តឹងសុំធ្វើអធិការកិច្ចពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជនរងគ្រោះឈ្មោះ ស៊ុយ ប៊ុនថាន អាយុ៣៦ឆ្នាំ ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរៀបរាប់ថា កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ខ្លួនបានស៊ីឈ្នួលបើកអេស្កាវ៉ាទ័រ ឈូសសម្អាតដីឲ្យឈ្មោះ ស៊ិន វិសាល ជាម្ចាស់ដី ដែលត្រូវតុលាការអនុវត្តដីកាសម្រេចប្រគល់ឲ្យ នៅចំណុចផ្លូវលេខ៨២២ ភូមិទី៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយពេលនោះ ឈ្មោះ លី ស្រេង និងមនុស្សមួយក្រុមទៀត បានចាក់សាំងដុត នៅចំពោះសមត្ថកិច្ចចម្រុះ មននគរបាល និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

លោក ស៊ុយ ប៊ុនថាន បានបញ្ជាក់នៅក្នុងពាក្យបណ្តឹងទាំងពីរនេះថា «អំពើរបស់ឈ្មោះ លី ស្រេង គឺជាបទល្មើសឧក្រិដ្ឋដ៏សាហាវ ឃោរឃៅ និងព្រៃផ្សៃបំផុត ដោយមានបំណងចង់សម្លាប់ខ្ញុំបាទ ដែលជាអ្នកស៊ីឈ្នួលបើកបរអស្កាវ៉ាទ័រ»។

ពាក្យបណ្តឹងបានរៀបរាប់បន្តទៀតថា ឈ្មោះ លី ស្រេង និងបក្ខពួក នាំគ្នាគប់ដុំថ្មលើអេស្កាវិទ័រ និងយកសាំងដុតជនរងគ្រោះ រួមទាំងអេស្កាវ៉ាទ័រតែម្តង ដែលភ្លាមៗនោះ សមត្ថកិច្ចបានជួយអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ ដោយបញ្ជូនទៅមន្ទីរពេទ្យ និងឃាត់ខ្លួនឈ្មោះ លី ស្រេង និងបក្ខពួកផងដែរ។ ប៉ុន្តែក្រោយមក ក្រុមជនសង្ស័យ ដែលប្រព្រឹត្តអំពើដ៏សាហាវ ក្នុងបំណងសម្លាប់ជនរងគ្រោះទាំងរស់បែបនេះ ក៏ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ រហូតមកដល់ពេលនេះ មិនត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ផ្តើមចោទប្រកាន់មកជននេះ នៅឡើយទេ។

ពាក្យបណ្តឹងបានរៀបរាប់ទៀតថា «នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះ ស៊ុយ ប៊ុនថាន ក៏បានដាក់ពាក្យប្តឹងឈ្មោះ លី ស្រេង និងបក្ខពួក ចូលស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ប៉ុន្តែតាំងពីដាក់ពាក្យប្តឹង រហូតមកដល់ពេលនេះ លោក សៀង សុខ ដែលជាព្រះរាជអាជ្ញា ទទួលបន្ទុកចាត់ការសំណុំរឿងនេះ ហាក់មិនទាន់មានចំណាត់ការអ្វីទាំងអស់ចំពោះ ក្រុមជនល្មើស»។

ពាក់ព័ន្ធករណីខាងលើនេះ សហការីយើង បានព្យាយាមសុំការបញ្ជាក់ពីលោក សៀង សុខ តាម Telegram តែលោកមិនឆ្លើយតបឡើយ៕ ដោយ៖ Samret

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ