ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែ ៖ សម្ដេចតេជោ ដឹងច្បាស់ពីទុក្ខលំបាក ការលះបង់តស៊ូ និងការចូលរួមរបស់អតីតយុទ្ធជន

3 ខែ មុន 44 tnn_admin

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជននៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវទំនប់បង្ហៀរទឹក សាលាបុណ្យ ផ្លូវក្រាលគ្រួសក្រហម និងចែកផ្ទះជូនសមាជិកសហគមន៍អតីតយុទ្ធជនកម្ពុជាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅតំបន់អភិវឌ្ឍន៍គ្រួសារអតីតយុទ្ធជនតេជោអូរអំបិល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩  បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន បានដឹងច្បាស់ពីទុក្ខលំបាកនិងការលះបង់តស៊ូ និងការចូលរួមរបស់អតីតយុទ្ធជន ព្រោះលោកបានយកជីវិតផ្សងព្រេងតស៊ូក្នុងការស្វែងរកសុខសន្តិភាពនៅទូទាំងប្រទេស ដែលលោកទើបតែរំលឹកពីការតស៊ូនាពេលថ្មីៗនេះ។ ការគិតគូរយកចិត្តទុកដាក់ និងជួយជាប់ជាប្រចាំចំពោះអ្នកអតីតយុទ្ធជន គឺជាការគោរពថ្លែងអំណរគុណចំពោះការលះបង់និងការចូលរួមរបស់អតីតយុទ្ធជនក្នុងការស្វែងរកសុខសន្តិភាព។

ទោះបីប្រមុខរាជរដ្ឋាភិបាលទៅដល់ទីណា គឺលោកតែងតែគិតគូពីសុខទុក្ខ ប្រជាពលរដ្ឋជានិច្ច។ ជាក់ស្ដែង លោកបានតាមដានការរុករកអ្នកដែលបានបាត់បង់ជីវិត និងអ្នករងរបួសដោយសារការបាក់អាគារនៅខេត្តព្រះសីហនុនិងបានចូលរួមសោកស្ដាយនិងរំលែកទុក្ខចំពោះគ្រួសារព្រមទាំងផ្ដល់ថវិកាដល់គ្រួសារជនរងគ្រោះផងដែរ។ ទាក់ទងនឹងការងារអតីតយុទ្ធជនលោកបានដាក់គោលការណ៍ឲ្យក្រុមការងារសមាគមអតីតយុទ្ធជនខេត្ត ស្រុក និងមន្ទីរសង្គមកិច្ច អាជ្ញាធរកងកម្លាំងប្រដាប់អាវុធ ចូលរួមទាំងអស់គ្នាដើម្បីអនុវត្តយន្តការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជីវភាពរស់នៅរបស់អតីតយុទ្ធជនក៏ដូចជាប្រជាពលរដ្ឋទូទៅ។ រាជរដ្ឋាភិបាលមិនដែលចោលអតីតយុទ្ធជននោះទេ គឺតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងអនាគតកូនចៅរបស់អតីតយុទ្ធជនតាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា សុខសន្តិភាពដែលយើងមានថ្ងៃនេះ គឺសម្រាប់តទៅកូនចៅជំនាន់ក្រោយទៀត ហើយការកសាងសមិទ្ធផលនៅថ្ងៃនេះក៏មិនមែនសម្រាប់តែពេលបច្ចុប្បន្ននេះទេគឺសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ ការកសាងសមិទ្ធផលនៅគ្រប់ទីកន្លែង គឺដើម្បីឲ្យប្រជាជនមានសេដ្ឋកិច្ចគ្រួសារធូរធារ។ ថ្ងៃនេះយើងកសាងផ្ទះជូនអតីតយុទ្ធជន កសាងសាលារៀន វត្តអារាម និងសមិទ្ធផលផ្សេងទៀត ហើយទៅអនាគតយើងនឹងកសាងសមិទ្ធផលជាច្រើនទៀត យើងនឹងមានការរីកចម្រើននៅក្នុងតំបន់នេះនិងកន្លែងផ្សេងទៀតនៅទូទាំងប្រទេស។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណចំពោះក្រុមការងារសមាគមអតីតយុទ្ធជនខេត្តឧត្តរមានជ័យ សប្បុរសជន និងផ្នែកពាក់ព័ន្ធទាំងអស់ដែលបានចុះជួយសាងសង់ផ្ទះជូនអតីតយុទ្ធជននិងសមិទ្ធផលនានាសម្រាប់ប្រជាពលរដ្ឋ។ សូមបន្តចូលរួមជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋយើងជាបន្តទៀត ស្របតាមឆន្ទៈ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជួយលើកស្ទួយកម្រិតជីវភាពរស់នៅអតីតយុទ្ធជន គ្រួសារពលីកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋ។ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលចង់បាន គឺអភិវឌ្ឍ និងថែរក្សាសុខសន្តិភាពមិនឲ្យលំបាកដូចពីអតីតកាល ហើយអ៊ំពូមីងអតីតយុទ្ធជនក៏ដូចជាប្រជាពលរដ្ឋទូទៅពិតជាចង់បានភាពសុខដុមរមនា រស់នៅដោយសុខសប្បាយសម្រាប់កូនចៅជំនាន់ក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ