ព្រឹតិ្តការណ៍ថ្មីៗ

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ថ្លែងអំណរគុណ ក្រុមគ្រូពេទ្យមន្ទីរពេទ្យហ្វាហាវ Medic Can Tho សហការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលបានចុះពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ

4 ខែ មុន 22 តូ សុផល

តាកែវ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក

និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានស្វាគមន៍គណៈប្រតិភូនៃមន្ទីរពេទ្យហ្វាហាវ Medic Cantho និងបានថ្លែងអំណរគុណដល់ក្រុមការងារនៃមន្ទីរពេទ្យនេះដែលបានយកអស់កម្លាំងកាយចិត្ត ពេលវេលា សម្ភារៈ ថវិកាចូលរួមសហការជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋតាមរយៈការសហការជាមួយនិងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)។ លោកឧត្តមសេនីយ៍បានបន្តថា ក្នុងនាមប្រទេសភូមិផងរបងជាមួយ ការទំនាក់ទំនងនេះគឺជាមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការសម្រាប់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ លោកបានបញ្ជាក់ថា ការទំនាក់ទំនងនេះមិនត្រឹមតែលើវិស័យសុខាភិបាលនោះទេប៉ុន្តែនឹងមានការទំនាក់ទំនងការលើវិស័យផ្សេងៗទៀតនៃប្រទេសទាំងពីរ។ 

ឧត្តមសេនីយ៍ត្រីវ៉ូ កៅគន់ សមាជិកក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យហ្វាហាវ Medic Can Tho បានលើកឡើងថាលោក និងក្រុមការងារនៃមន្ទីរពេទ្យហ្វាហាវ Medic Can Tho ពិតជារីករាយ និងចូលរួមជួយកងទ័ពនិងប្រជាជនកម្ពុជាដោយភាពស្មោះត្រង់ និងគ្មានលក្ខខណ្ឌ។ ជាក់ស្ដែងក្រុមការងារនៃមន្ទីរពេទ្យបានចុះព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ និងខេត្តតាកែវ។ លោកបានបន្តថានេះគឺជាសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការសម្រាប់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ 

សូមបញ្ជាក់ថា នេះគឺជាលើកទី៣ហើយ ដែលមន្ទីរពេទ្យហ្វាហាវ Medic Can Thoដែលបានចុះព្យាបាលប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ ដោយលើកទី១ព្យាបាលប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺនិងកំពង់ឆ្នាំង លើកទី២ ព្យាបាលប្រជាពលរដ្ឋនៅខេត្តព្រះវិហារ និងលើកទី៣នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ក្រុមគ្រូពេទ្យមន្ទីរពេទ្យហ្វាហាវ Medic Can Thoនៃប្រទេសវៀតណាម សហការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ក្រុមការងារចុះជួយស្រុកព្រៃកប្បាស បញ្ជាការដ្ឋានកងទ័ពជើងគោក និងយោធភូមិភាគទី៩នៃប្រទេសវៀតណាម បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួនប្រមាណជាង ២ពាន់នាក់ស្ថិតក្នុងបរិវេណអនុវិទ្យាល័យ ចំប៉ា ភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ