ព្រឹតិ្តការណ៍ថ្មីៗ

លោក ហែម ដារិទ្ធិ ៖ ផ្លូវពង្រីកកាន់តែធំ តម្លៃដីកាន់តែឡើងថ្លៃ

3 ខែ មុន 46 tnn_admin

ភ្នំពេញ ៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ដែលអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋាននេះ បានលើកឡើងថា ផ្លូវនេះមានសារៈសំណាស់ ក្នុងការបញ្ចៀសចរាចរណ៍ ពីកំណាត់ផ្លូវសហព័ន្ធរុស្សី ពិសេសមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលមានការកកស្ទះ ឬពេលមនប្រតិភូអន្តរជាតិម្តងៗ យានយន្តគ្រប់ប្រភេទ អាចបង្វៀងមកតាមផ្លូវនេះបាន។

ផ្លូវបេតុង ដែលរដ្ឋបាលខណ្ឌពោធ៍សែនជ័យ បើកការដ្ឋានស្ថាបនាមាន ប្រវែង ១,៣២២ម៉ែត្រ និង ដាក់លូ ១ខ្សែ កណ្តាលទ្រូវផ្លូវ នៅភូមិតាងួន២ និងភូមិចំការឪឡឹក សង្កាតើកាកបាទី១ កំណាត់ផ្លូវ ប្រវែង ១,៣២២ម៉ែត្រ ដែលក្នុងនោះ ផ្លូវ ៦០k ប្រវែង ៣២ម៉ែត្រ ទទឹង ៨ម៉ែត្រ , ផ្លូវ ៦៨k ប្រវែង ១,០០២ម៉ែត្រ ទទឹង ១២ម៉ែត្រ និងគំរោងដាក់លូ ១ខ្សែ ចំកណ្តាលទ្រូវផ្លូវ ស្ថិតនៅភូមិតាងួន២ និងភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បានបើកការដ្ឋាន ជួសជុលកែលំអរ ដោយចាកបរតុង ថ្មី និងរៀបប្រព័ន្ធលូថ្មី នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមគំរោងថវិការអភិវឌ្ឍន៍ខណ្ឌ ឆ្នាំ២០១៩ ។

ដោយមើលឃើញពីសារៈសំខាន់បែបនេះហើយ បានជាសាលាខណ្ឌពោធិ៍សែនជ័យ ក្រោមកិច្ចគាំទ្រពីសាលារាជធានីភ្នំពេញ បានសំរេចទំលាក់ថវិការ ជិត២ពាន់លានរៀល ក្នុងឆ្នាំ២០១៩នេះ មកជួសជុលកែលំអរផ្លូវនេះឱ្យបានប្រសើរឡើង។

ជាការពិតណាស់ ក្នុងពេលដំណើរការស្ថាបនាផ្លូវនេះ ពិតជាជួបបញ្ហាច្រើន ពិសេសប៉ះពាល់ដល់ផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសងខាងផ្លូវនេះ តែដើម្បីបានផ្លូវធំទូលាយ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមជាមួយអាជ្ញាធរ ក្នុងការបង្ខិតរបង ឬដីធ្លីដែលប៉ះពាល់ ដើម្បីឱ្យក្រុមហ៊ុនទទួលការដំណើរការអនុវត្តគំរោងឱ្យបានរលូន តាមការគ្រោងទុក ។

លោកអភិបាលរូបនេះ បន្តថា គ្រាន់តែចាប់ដាក់គ្រឿងចក្រពង្រីកផ្លូវ តម្លៃដីនិងចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់ ដូច្នេះ បងប្អូនគួរសប្បាយតែចិត្ត និងត្រេកអរ ជាពិសេស ចូលរួមសហការណ៍ល្អ ជាមួយអាជ្ញាខណ្ឌ និង ក្រុមហ៊ុនទទួលរាប់រងធ្វើផ្លូវដាក់លូ ដើម្បីអោយដំណើរការស្ថាបនាជួសជុលរួចរាល់តាមពេលកំណត់ប្រកបដោយគុណភាពល្អប្រសើរ។

ដោយឡែកការហ្គារាសសាំង ដែលសង់រំលោភចំណីផ្លូវ ចុះពីផ្លូវ២០១១ លោកអភិបាល បានដាក់បទបញ្ជា អោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ ដឹកនាំមន្ត្រីជំនាញចុះដោះស្រាយជាបន្ទាន់ ដោយមិនអនុញ្ញាតអោយ សង់រំលោភលើចំណីផ្លូវជាដាច់ខាត មិនអាចយោគយល់ដល់បុគ្គល ម្នាក់ពីរនាក់ ប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋជារួមទេ។

លោកអភិបាល សំណូមពរ អាជ្ញាធរភូមិ សង្កាត់ សហការជាមួយក្រុមហ៊ុនទទួលការ ត្រូវដាក់ស្លាកសញ្ញាបង្វៀងផ្លូវ និងជួយសម្រួលចរាចរណ៍ ដល់អ្នកដំណើរ ឱ្យប្រើផ្លូវវាងបណ្តោះអាសន្ត តាមលទ្ធភាព ដើម្បីកុំឱ្យប៉ះពាល់ដល់សកម្មភាពការងារ ដែលនាំឱ្យការអនុវត្តគំរោងមានភាពយឺតយ៉ាវ ។

ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ បានណែនាំដល់ក្រុមហ៊ុនទទួលការ ត្រូវអនុវត្តឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេ ជាពិសេសបើធ្វើកន្លែងណា ត្រូវកំណត់ប្រវែងឱ្យច្បាស់លាស់ ប្រវែង ៥០ម៉ែត្រ ឬ១០០ម៉ែត្រ ត្រូវធ្វើឱ្យចប់សិន ទាំងការដាក់ប្រព័ន្ធលូ និង ចាក់បេតុង ហើយចាំបន្តទៅមុខទៀត ព្រោះថា ផ្លូវនេះចង្អៀត មានចរាចរណ៍មមាញឹកណាស់ មិនអាចបិទទាំងស្រុងបានទេ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ