ព្រឹតិ្តការណ៍ថ្មីៗ

ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរផ្លូវការ

1 ខែ មុន 17 tnn_admin

ខេត្តសៀមរាប៖ ដើមី្បដាក់ឲ្យដំណើរការ ក្នុងបរិបទនៃការកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភាក្រសួងបរិស្ថានត្រូវបានតែងតាំងលោក ស៊ុន គង់ ជាប្រធានមន្ទីរមន្ទីរបរិស្ថានខេត្តសៀមរាប រសៀលថ្ងៃទី២១ ខែ មិថុនា ឆ្នាំ ២០១៩នៅសាលាខេត្តសៀមរាប បានរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរបរិស្ថានក្រោមអធិបតីភាពរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង ការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អគ្គនាយកដ្ឋាន ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទី អង្គភាព អាជ្ញាធរក្រុង ស្រុក និង មន្ត្រីរាជការនៃសាមីមន្ទីរចូលរួម ។

ឯកឧត្តម ទៀ សីហា ក៏បានគូសបញ្ជាក់ថា ការប្រកាសមុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប គឺជាការប្រគល់ភារកិច្ច និង ការទទួលខុសត្រូវមួយយ៉ាងធំធេងថែមទៀត ដែលតម្រូវឲ្យសាមីខ្លួន ត្រូវតែបញ្ចេញឲ្យអស់សមត្ថភាព លទ្ធភាព និង ទេពកោសល្យ ដើម្បីជំនះបានរាល់ភាពលំបាកនានា ដែលកើតមានឡើងកន្លងមក ។ ឯកឧត្តមបានលើកផងដែរ ថាតាមរយៈការដឹកនាំអនុវត្តនូវគោលនយោបាយ និង ផែនការយុទ្ធសាស្ត្រពាក់ព័ន្ធទៅនឹងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានប្រកបដោយនីរន្តរភាព និង ការរស់នៅប្រកប ដោយចីរភាព ក្នុងគោលបំណងធ្វើឲ្យកាន់តែប្រសើរឡើង នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

ក្នុងនោះឯកឧត្តមក៏សូមឲ្យ មន្ទីរជំនាញប្រកាន់ខ្ជាប់នូវឥរិយាបថ សីលធម៌ សេចក្តីថ្លៃថ្នូរ ពិតជាអ្នកបម្រើប្រជាពលរដ្ឋ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានឲ្យគ្រប់ជំនាញ ស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់លើការអភិរក្សតំបន់ភ្នំគូលែន និង បឹងទន្លេសាទ ដែលជាគោលដៅនៃការ ពង្រីកអេកូទេសចរណ៍ធម្មជាតិ ព្រមទាំងសុំឲ្យបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ ពីគ្រប់ជាន់ថ្នាក់ គឺអនុវត្តទៅតាមច្បាប់ ។

លោក ខឹម សុវណ្ណា ប្រធាននាយកដ្ឋានធនធានមនុស្ស នៃអគ្គនាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ អាននូវប្រកាសរបស់ ក្រសួងបរិស្ថាន ស្តីពីការតែងតាំង លោក ស៊ុន គង់ ជាប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និង គណៈអធិបតីធ្វើការប្រគល់នូវសេចក្តីប្រកាស និង ត្រារួចមក លោកប្រធានមន្ទីរដែលទើបបានចូលកាន់តំណែងថ្មី ក៏បានឡើងធ្វើការប្តេជ្ញាចិត្ត ក្នុងការអនុវត្តន៍នូវយុទ្ធសាស្ត្រចតុកោណជំហានទី៤ នីតិកាលទី៦ នៃរដ្ឋសភា លើការកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមុំមួយនៃយុទ្ធសាស្ត្រ ។

ជានឹងការសំណេះសំណាលនេះដែរឯកឧត្តម សាយ សំអាល់ ក៏បានឯកភាព និង គាំទ្រនូវរាល់ចំណុចមួយចំនួន ដែល ឯកឧត្តមអភិបាលខេត្តលើកឡើង ព្រមទាំងបានបញ្ជាក់ថា ក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តគោលនយោបាយ និង យុទ្ធសាស្ត្រនានា ក្នុងក្របខណ្ឌ័នៃកំណែទម្រង់ស៊ីជម្រៅ ដើមី្បលើកកម្ពស់ប្រសិទ្ធភាពការងារ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចការពង្រឹងមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សុខសន្តិភាព និងស្ថិរភាពនយោបាយឲ្យកាន់តែរឹងមាំ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភានេះ រដ្ឋាភិបាលបានដាក់ចេញ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើមី្បកំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព បន្តពីយុទ្ធសាស្ត្រចតុកោលចំនួន៣ដំណាក់កាលកន្លងមក ដែលជារបៀបវារៈ អភិវឌ្ឍ សង្គម សេដ្ឋកិច្ចដ៏មានប្រសិទ្ធភាព ប្រែក្លាយប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និង កំពុងបោះជំហាន ប្រកបដោយភាពជឿជាក់ ឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និង ឈានទៅ ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

ឯកឧត្តមក៏បានបន្តទៀតថា ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រសួងបាន កំពុងបំពេញភារកិច្ចទាំងឡាយក្នុងដែលសមត្ថកិច្ចរបស់ខ្លួន ក្នុងការអនុវត្តគោលនយោបាយ ផែនការ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល តាមរយកំណែទម្រង់ស៊ីជម្រៅ សំដៅធ្វើទំនើបកម្មស្ថាប័ន និង កសាងរដ្ឋបាលទំនើប ។ ឯកឧត្តមក៏បានលើកឡើងពីតួនាទីភារកិច្ច ស្នូលនៃមន្ទីរបរិស្ថាន ចំពោះកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈ ចម្រុះ និង ការអភិវឌ្ឍដោយចីរភាព ។

ក្នុងនោះដែរឯកឧត្តម សាយ សំអាល់ ក៏បានធ្វើការផ្តាំផ្ញើ និង ផ្តល់នូវអនុសាសន៍មួយចំនួន សម្រាប់លោកប្រធានមន្ទីរបរិស្ថានដែលទើបឡើងកាន់មុខតំណែងថ្មី ដើមី្បក្នុងការអនុវត្តពីតួនាទី ភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផល គឺត្រូវគោរពឲ្យបាននូវច្បាប់ ក្នុងឧត្តមប្រយោជន៍ជាតិជាធំ និង អនុវត្តនូវគោលនយោបាយកម្មវិធី ថ្នាក់ជាតិ ព្រមទាំងបង្កើនការទំនាក់ទំនងឲ្យបានល្អ ជាមួយថ្នាក់ដឹកនាំ មន្ទីរអង្គភាព និង ត្រូវបង្កើនចំណេះដឹង ពង្រឹង សាមគ្គីផ្ទៃក្នុងឲ្យបានល្អ ក្នុងការដឹកនាំមន្ត្រីក្នុងមន្ទីររបស់ខ្លួនឲ្យបានល្អទៅអនាគត ដោយតម្កល់ខ្ពស់នូវឧត្តមប្រយោជន៍ជាតិ និង ប្រជាពលរដ្ឋ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!