ព្រឹតិ្តការណ៍ថ្មីៗ

រឿងធំហើយ! ពលរដ្ឋប្តឹង ប្រធានមន្ទីរពេទ្យ កុមារជាតិ និងវេជ្ជបណ្ឌិតម្នាក់ ទៅតុលាការ ដោយចោទថា ធ្វេសប្រហែសឲ្យកូនពួកគាត់ស្លាប់

4 ខែ មុន 196 tnn_admin

ភ្នំពេញ៖ ប្រជាពលរដ្ឋជាឪពុកម្តាយរបស់កុមារស្លាប់នៅក្នុងមន្ទីរពេទ្យ កុមារជាតិ ព្រោះកើតជំងឺគ្រុនឈាម បានដាក់ពាក្យប្តឹងប្រធានមន្ទីរពេទ្យ កុមារជាតិ និងវេជ្ជបណ្ឌិតម្នាក់ឈ្មោះ សរ ច័ន្ទចិត្រា ទៅតុលាការ ដោយចោទប្រកាន់ថា បានធ្វេសប្រហែសក្នុងការព្យាបាលបណ្តាលឲ្យកូនពួកគាត់ស្លាប់។

យោងតាមពាក្យបណ្តឹងចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ មានឈ្មោះ ហៃ ឡុង ជាឪពុក និងឈ្មោះ ចោម ស្រីពៅ ជាម្តាយ របស់កុមារឈ្មោះ ឡុង ឌីណា ភេទប្រុស អាយុ ១៦ខែ បានរៀបរាប់ថា កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ពួកគាត់ បានយកកូនប្រុស ដែលក្តៅខ្លួន ទៅព្យាបាលនៅមន្ទីរពេទ្យ កុមារជាតិ។ នៅម៉ោង១រសៀលថ្ងៃដដែល គ្រូពេទ្យ បានចាក់ថ្នាំ និងព្យួរសេរ៉ូម ឲ្យកូនប្រុសពួកគាត់ ព្រោះក្រោយពិនិត្យឈាមទៅឃើញថា ជាជំងឺគ្រុនឈាមកម្រិតស្រាល។ ស្រាប់តែដល់ម៉ោង ៥ និង៥៥នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ កូនប្រុសពួកគាត់បានស្លាប់។

ក្រោយពីកូនប្រុសរបស់ពួកគាត់ស្លាប់ ស្រាប់តែ លោកវេជ្ជបណ្ឌិត សរ ច័ន្ទចិត្រា និងគ្រូពេទ្យចំនួន ៤នាក់ទៀត មកសម្រួល និងសន្យាថា មន្ទីរពេទ្យនឹងដោះស្រាយ ដូច្នេះទើបពួកគាត់ព្រមយកកូនទៅធ្វើបុណ្យនៅស្រុកកំណើតឯខេត្តព្រៃវែង។

ពាក់ព័ន្ធករណីនេះ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យ កុមារជាតិ បានប្រាប់ Swift News តាមទូរស័ព្ទនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះថា បន្ទាប់ពីយកឈាមទៅពិនិត្យគ្រូពេទ្យរកឃើញថា កុមារឈ្មោះ ឡុង ឌីណា បានស្លាប់ដោយសារមានជំងឺ EV71 និងជំងឺពងបែកលើខ្លួនប្រាណ ដែលជាប្រភេទជំងឺអាចបណ្តាលឲ្យកុមារក្រោមអាយុ ២ឆ្នាំងាយនឹងស្លាប់ ជាងមនុស្សពេញវ័យ។

លោកវេជ្ជបណ្ឌិត បានបន្តថា ក្រោយពីអ្នកជំងឺចូលមកសម្រាកនៅមន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែជាអកុសលមិនអាចជួយបាន។

ប្រធានមន្ទីរពេទ្យ បានអះអាងថា មន្ទីរពេទ្យ និងគ្រូពេទ្យមិនចង់ឲ្យអ្នកជំងឺស្លាប់នោះទេ និងព្យាយាមពន្យល់ឪពុកម្តាយអ្នកជំងឺដែរ ប៉ុន្តែពួកគាត់នៅតែមិនយល់ និងទាមទារសំណងពីមន្ទីរពេទ្យ ចំនួន ៣២,០០០ដុល្លារ។

ដោយសារតែអាណិតកុមារដែលស្លាប់ ក្រុមគ្រូពេទ្យបានចូលបុណ្យសព ចំនួន ៣លានរៀល ប៉ុន្តែអាព្យាបាលមិនព្រមទទួល។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ថ្លែងថា ជាការឆ្លើយតបចំពោះ ការផ្សាយលើបណ្តាញសង្គម Facebook របស់អាណាព្យាបាលរបស់កុមារដែលស្លាប់ ខាងមន្ទីរពេទ្យ ក៏បានចេញសេចក្តីបំភ្លឺរួចរាល់ដែរ៕ ដោយ ៖ Samret

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ