ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រកាសចូលកាន់តំណែងជាក្រុមប្រឹក្សាស្រុកក្រឡាញ់ អាណត្តិទី៣

5 ខែ មុន 14 tnn_admin

ខេត្តសៀមរាប៖ រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាស្រុកក្រឡាញ់ រៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកក្រឡាញ់ក្រោមអធិបតីភាពរបស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងដែនកំណត់នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ក្នុងការគ្រប់គ្រងចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ។ លោក ឃុត សំអាត ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាស្រុកក្រឡាញ់ អាណត្តិទី៣ ដែលមានសមាជិក-សមាជិកាចំនួន១៩រូប មានស្រី០២រូប ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជាចំនួន១៧រូប គណបក្សរួបរួមជាតិ០២រូប

ក្នុងកិច្ចស្វាគមន៍របស់លោក ម៉ន មនីរងី្ស អភិបាលស្រុកក្រឡាញ់ បានធ្វើសេចក្តីរាយការណ៍ អំពីសមទ្ធិផល ដែលស្រុកសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងមក លើកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងអរូបវន្ត័ នៅក្នុងស្រុកក្រឡាញ់។

បន្ទាប់ពីគណៈអធិបតីធ្វើការប្រគល់នូវអនុក្រិត្យ និង ការធ្វើចំណាប់អារម្មណ៍ប្តេជ្ញាចិត្តរបស់ លោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុកក្រឡាញ់ អាណត្តិទី៣រួចមក ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានលើកឡើងថា ទោះបីក្រុមប្រឹក្សាថ្នាក់ក្រោមជាតិត្រូវបានជ្រើសរើសតាមរយៈនៃការបោះឆ្នោតដោយផ្ទាល់ ឬមិនផ្ទាល់ក្តី ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ គឺ ជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងដែនកំណត់នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ក្នុងការគ្រប់គ្រងចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ ក្នុងការអនុវត្តការងារ សមាជិកសមាជិកាក្រុមប្រឹក្សាត្រូវខិតខំបម្រើផលប្រយោជន៍ និង សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព យុត្តិធម៌ មិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ ។

ឯកឧត្តមអភិបាលខេត្តបន្តទៀតថា ផ្អែកតាមរបាយការណ៍របស់រដ្ឋបាលស្រុកក្រឡាញ់ ក៏បានបង្ហាញឲ្យឃើញថា ក្រុមប្រឹក្សាស្រុកអាណត្តិទី២ គណៈអភិបាលស្រុកក្រឡាញ់ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច រួមទាំងប្រជាការពារ និង ប្រជាពលរដ្ឋទូទាំងស្រុកក្រឡាញ់ បានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាងនិងអភិវឌ្ឍស្រុកឲ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមមានការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា សការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងការពង្រឹង សន្តិភាព សិ្ថរភាពនយោបាយសង្គម បានធ្វើឲ្យកម្ពុជាទទួលបានការគាំទ្រពីសំណាក់មជ្ឈដ្ឋានជាតិ អន្តរជាតិដៃគូអភិវឌ្ឍន៍ ក៏ដូចអ្នកវិយោគនានា ដែលធ្វើឲ្យប្រជាពលរដ្ឋបានបោះជំហានទៅមុខបន្តទៀត ។

ឯកឧត្តមក៏មានចំណាប់អារម្មណ៍ផងដែរ ចំពោះការយកចិត្តទុកដាក់ក្នុងវិស័យអប់រំ ព្រមទាំងសុំឲ្យអាជ្ញាធរស្រុកយកចិត្តទុកដាក់ចំពោះសំណង់អាណាធិបតេយ្យ នៅក្នុងទីរួមស្រុក និង តាមបណ្តោយផ្លូវជាតិលេខ៦ ដែលធ្វើឲ្យប៉ះពាល់សោភណ្ឌភាពតាមដងផ្លូវ ដែលភ្ញៀវធ្វើដំណើរឆ្លងកាត់ទៅមក ព្រមទាំងងាយទទួលរងគ្រោះថ្នាក់ដោយចរាចរណ៍ទៀតផង ។ ឯកឧត្តម ទៀ សីហា ក៏លើកពីយន្តការមួយចំនួនដែលជាមូលដ្ឋានគ្រឹះ ក្នុងការអនុវត្តការងាររបស់សមាជិកក្រុមប្រឹក្សា អំពីគោលការច្បាប់ អង្គការវិន័យ ក្រមសីលធម៌ ក្នុងនោះដោយសង្កត់ធ្ងន់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ និង ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព សំខាន់លើការបង្រ្កាប់រាល់បទល្មើសព្រៃឈើ បទល្មើសនេសាទ បំបាត់កុងត្រូលជជុះ និង ការកាប់ទន្រ្ទានព្រៃលិចទឹកយកដីធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ដែលធ្វើឲ្យប៉ះពាល់តំបន់ធម្មជាតិ និងក្តាប់ឲ្យបានអំពីប្រជាពលរដ្ឋធ្វើចំណាក់ស្រុកនិងចំណូលថ្មី នៅក្នុងមូលដ្ឋានខ្លួន ដើមី្បធានាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ រួមទាំងបញ្ហាគ្រឿងញៀន និង សុំឲ្យបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ គឺអ្នកដែលប្រព្រឹត្តបទល្មើស ត្រូវទទួលទោសតាមច្បាប់ ។

ឯកឧត្តមមានសង្ឃឹម យ៉ាងម៉ុតមាំថាក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីអ្នកមុខអ្នកការ និង ប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកក្រឡាញ់ និង ខិតខំបំពេញការងាររួមគ្នា ដើមី្បសម្រេចបាននូវសមទ្ធិផលថ្មី ថែមទៀត ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ