ព្រឹតិ្តការណ៍ថ្មីៗ

ស្រ្តីពីរនាក់ ដែលរងគ្រោះដោយសារផ្ទុះគ្រាប់ ទទួលអំណោយពី ព្រះតេជគុណ ឥន្ទបញ្ញោ នឿន កុសល

4 សប្តាហ៍ មុន 18 tnn_admin

កណ្តាល ៖ ស្រ្តីពីរនាក់ ដែលរងគ្រោះ ដោយសារដុតព្រៃផ្ទុះគ្រាប់ នៅចំណុចខ្នងប្រឡាយភូមិស្រែគោកឃុំអន្លង់រមៀតស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ពេលនេះ ស្រ្តីរងគ្រោះម្នាក់ ត្រូវកាត់ដៃម្ខាងហើយ ហើយកាលពីរសៀលថ្ងៃចន្ទ័ ១៥កើតខែជេស្ឋ ឆ្នាំកុរ ឯក ព-ស ២៥៦៣ ត្រូវនិងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ព្រះតេជគុណ ឥន្ទបញ្ញោ នឿន កុសល ប្រធានមូលនិធិមនុស្សធម៌វត្តអង្គសិរី និងជាព្រះចៅអធិការ វត្តអង្គសិរី ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានយកអំណោយ របស់មូលនិធិ លើកទី៨៦ ជូនដល់ ជនទាំង២នាក់រងគ្រោះ។

ជនរងគ្រោះ ដោយផ្ទុះគ្រាប់បែក ១.ឈ្មោះ ចាន់ មុំ អាយុ៤០ឆ្នាំ ភេទស្រី របួសត្រូវកាត់ដៃម្ខាង និង ឈ្មោះ ឡាយ សុជាតិ អាយុ១៩ឆ្នាំ រងរបួសត្រូវអំបែងពេញខ្លួនស្ថិតនៅភូមិស្រែគោក ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អំណោយដែលនាំយកទៅចែកជូនក្នុងមួយគ្រួសារទទួលបាន អង្ករ២បាវ ទឹកសុទ្ធ២កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេះ នឹងក្នុងមួយគ្រួសារថវិកាចំនួន ២០០.០០០រៀល។ អំណោយទាំងអស់រួមមាន អង្ករ៤បាវ ទឹកសុទ្ធ៤កេះ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ មី២កេះ រួមថវិកាសរុប ៤០០.០០០រៀល។

គួររំលឹកថា ស្រ្តីពីរនាក់ត្រូវបានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីពួកគេបានកាប់ឆ្កាព្រៃនិងគំនរសំរាមក្នុងប្រឡាយទឹកក៏ស្រាប់តែ ប៉ះចំគ្រាប់សល់ពីសម័យសង្រ្គាម ក៏ផ្ទុះគ្រាប់តែម្តង កាលពីវេលាម៉ោង១៧និង៣០នាទីល្ងាច ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចខ្នងប្រឡាយ ភូមិស្រែគោក ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

បើតាមសម្ថកិច្ចបានប្រាប់អោយដឹងថានៅថ្ងៃកើតហេតុជនរងគ្រោះឈ្មោះ ចាន់ មុំ និងក្មួយស្រី ឈ្មោះ ឡាយ ស្រីជាតិ បានកាប់ឆ្ការព្រៃ នៅលើខ្នងប្រឡាយរួចយកទៅដុតនៅគំនរសំរាម ភ្លាមនោះក៏ ស្រាប់តែផ្ទុះ បណ្ដាលឲ្យរងរបួស ទាំង២នាក់តែម្តង។

សូមបញ្ជាក់ផងដែរថា ស្រ្តីរងគ្រោះឈ្មោះ ចាន់ មុំ មានប្តីនិងកូន៥នាក់ ហើយកូនស្រីទី៥ របស់ជនរងគ្រោះ ទើបតែមានអាយុ៣ខែ តែប៉ុណ្ណោះ។

ចាន់ មុំ បានរៀបរាប់ ទាំងទឹកភ្នែកថា ទីតាំងមាត់ប្រឡាយនេះ ពួកគាត់២នាក់ប្តីប្រពន្ធ សុំគេនៅ រយៈពេលជាង២០ឆ្នាំមកហើយ ដោយសារតែជីវភាពក្រីក្រ ពួកគាត់គ្មាន ដីលំនៅដ្ឋានទេ គឺដើរសុំដីគេនៅ។ នៅថ្ងៃកើតហេតុ ដោយសារតែ ទឹកប្រឡាយ រីង ហើយសំបូរដោយ សត្វមូស និង សត្វរុយ ច្រើនពេក ក៏សម្រេចចិត្ត នាំគ្នា កាប់ឆ្ការព្រៃ និងប្រមូលសំរាមដុត ដោយមិនដឹងថា នៅទីតាំង ប្រឡាយនេះ មានបន្សល់នូវគ្រាប់ ដែលសល់ពីសម័យសង្រ្គាមនោះទេ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានសម្លេងផ្ទុះ ងាកមើលខ្លួនឯង ឃើញមានឈាម របួសពេញខ្លួន រត់រកអ្នកស្រុកអោយជួយ។

ចាន់ មុំ បន្ថែមទាំងទឹកមុខសោកសៅទៀតថា “ក្រោយពីការយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យ ជួយសង្រ្គោះ រួចរាល់មក ដៃខាងឆ្វេង របស់ខ្ញុំ មិនអាចទុកនៅទៀតបាន ព្រោះតែរបួសធ្ងន់ធ្ងរពេក ក៏ត្រូវគ្រូពេទ្យកាត់ចេញ។ ពេលនេះខ្ញុំបាត់បង់អ្វីៗអស់ហើយ ហើយងាកមកមើលកូនស្រី ទើបតែមានអាយុ៣ខែទៀត ងាយមកខ្លួនឯងត្រូវ បាត់បង់ដៃម្ខាង ការងារ ក៏ត្រូវផ្អាក ផ្ទះសម្បែងពិតប្រាកដក៏គ្មាន”។

ជនរងគ្រោះ ចាន់ មុំ ក៏សូមអំពាវនាវ ដល់សប្បុរសជន សូមមេត្តា ជួយដល់គ្រួសារគាត់ផង ជាពិសេស សុំរកទីតាំងដី ក្បែរៗភូមិ សម្រាប់សង់ផ្ទះ គ្រាន់ជាទីជម្រក ដល់គ្រួសារ និងកូនៗ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!