ព្រឹតិ្តការណ៍ថ្មីៗ

ជិះម៉ូតូ EXCITER អត់ស្លាកលេខ ឃើញប៉ូលិសល្បាត បន្ថែមល្បឿនដូចហោះ ទៅបុកចូលក្រោមឡាន

5 ខែ មុន 37 tnn_admin

 

ភ្នំពេញ ៖ យ៉ាងហោចណាស់  យុវជន៣នាក់របួសធ្ងន់  ដេកស្តូកស្ទឹងក្នុងថ្លុកឈាម  ត្រូវបានរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈដែលពួកគេជិះម៉ូតូ EXCITERអត់ស្លាកលេខ មួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោង មិនបន្ថយល្បឿន ក៏ជ្រុលបុករថយន្តកូរ៉េមួយគ្រឿងទៀតពេញទំហឹង ធ្វើឲ្យម៉ូតូបុកចូលជាប់ក្រោមរថយន្ត បង្កការភ្ញាក់ផ្អើលទាំងយប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២២:១០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នេះ នៅត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវវេងស្រេង កែងផ្លូវ២១៧ (ទល់មុខសាលាអន្តរជាតិប៊ែលធី) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន៣នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក YAMAHA EXCITER ពណ៍ខ្មៅ (អត់ស្លាក់លេខ) ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿង ខណៈនោះក៏ជួបកម្លាំងនគបាលកំពុងល្បាតក្នុងមូលដ្ឋាន ឃើញ បើកម៉ូតូលឿនពេក និងពុំមានស្លាកលេខទៀតនោះ ទើបមានការសង្ស័យ  ក៏ជិះដេញតាមប្រាប់ឲ្យឈប់ ដើម្បីសួរនាំ តែបែរជាយុវជនខាងលើ មិនព្រមឈប់រួចក៏បន្ថែមល្បឿន កាន់តែលឿនជ្រុល លុះមកដល់កន្លែងកើតហេតុ  ក៏ជ្រុលទៅបុករថយន្តកូរ៉េមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខសៀមរាប 2A-5440 បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាសគ្នា បុកចំពីមុខពេញទំហឹង បណ្ដាលឲ្យម៉ូតូចូលក្រោមរថយន្តតែម្ដង ចំណែកឯមនុស្សវិញ ខ្ទាតបោកផ្ទប់រថយន្តធ្លាក់មកថ្នល់រងរបួសធ្ងន់ដេកក្នុងថ្លុកឈាមទាំង៣នាក់ ហើយត្រូវបានប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់នោះឃើញ ហើយផ្ដល់ដំណឹងទៅសមត្ថកិច្ចមូលដ្ឋាន  ទាក់ទងរថយន្តសង្គ្រោះមកដឹកយកទៅមន្ទីរពេទ្យតែម្ដង។ បន្តិចក្រោយមកមានរថយន្តគិលានសង្គ្រោះមន្ទីរសម្រាកព្យាបាលឯកជនសូគ៍ា មកដឹកយកអ្នករបួសទាំង៣នាក់នោះ យកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

បច្ចប្បន្នក្រោយពេលកើត រថយន្តនិងម៉ូតូដែលជាប់ក្រោមរថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្ទឹងមានជ័យទី៣ សហការ ប្រគល់អោយសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង រួចយកទៅរក្សាទុកបណ្ដោះអាសន្ន  នៅការិយាល័យចរាចរណ៍ជើងគោក  នៃស្នងការនគបាលរាជធានីភ្នំពេញ  ដើម្បីរង់ចាំការដោះស្រាយ តាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់