ព្រឹតិ្តការណ៍ថ្មីៗ

ហេតុអ្វី អាជ្ញាធរខេត្តមណ្ឌលគិរី មិនអាចទប់ស្កាត់ការនាំឈើចេញពី កម្ពុជា ទៅ វៀតណាម តាមច្រកដាក់ដាំ?

1 ខែ មុន 67 តូ សុផល

ភ្នំពេញ៖ សេចក្តីរាយការណ៍ពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា មានរថយន្តធំ តូច រាប់សិបគ្រឿង

បាននឹងកំពុងមមាញឹកខ្លាំងក្នុងនាំដឹកឈើប្រណីតចេញពីប្រទេសកម្ពុជា ទៅប្រទេសវៀតណាម តាមច្រកដាក់ដាំ ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។ 

ប្រភពបន្តថា ឈើប្រណីតដែលក្រុមឈ្មួញ សម្រុកដឹកទៅប្រទេសវៀតណាម គឺត្រូវបានគេកាប់ចេញពីដែនជម្រកសត្វព្រៃភ្នំព្រេច (កោះញែក) ដោយដឹកតាមរថយន្ត សាំយ៉ុង,ឡង់គ្រីស័រ, លុចស៊ីស, បាឡែន និងរថយន្តកែច្នៃ ជាដើម។

ការកាប់ជញ្ជូនព្រៃឈើ ដឹកចេញទៅលក់នៅប្រទេសវៀតណាម នៅក្នុងខេត្តមណ្ឌលគិរី ហាក់ស្ងប់ស្ងាត់ បានមួយរយៈពេលខ្លី ក៏ស្រាប់តែកក្រើកឡើងវិញកាលពីដើមខែមិថុនានេះ បន្ទាប់ពីមានការរាយការណ៍ថា មានឈ្មួញឈើឈ្មោះ សារឿន ម៉ាប់ ចរចាបើកផ្លូវត្រូវ។

គេមិនដឹងថា ឈើប្រណីតរាប់រយឡានក្នុងមួយយប់ៗ ដែលថៅកែ សារឿន ម៉ាប់ ដឹកចេញទៅប្រទេសវៀតណាម នាវេលាយប់ ជាឈើស្របច្បាប់ ឬខុសច្បាប់នោះទេ? ប៉ុន្តែបើលោក សារឿន ម៉ាប់ ដឹកចេញគ្មានអ្នកចាប់ ទំនងជាមានច្បាប់ត្រឹមត្រូវហើយមើលទៅនោះ?

អ្វីដែលមហាជន និងពលរដ្ឋ មានចម្ងល់គឺនៅត្រង់ថា ហេតុអ្វី តំបន់ព្រៃអភិរក្ស នៃដែនជម្រកសត្វព្រៃភ្នំព្រេច (កោះកញែក) ដែលរដ្ឋាភិបាលកំណត់ថា ជាតំបន់ការពារ បែរជាត្រូវឈ្មួញកាប់ឈើប្រណីតដឹករាប់រយឡានយកទៅលក់នៅប្រទេសវៀតណាមបាន? ចំណែកប្រជាពលរដ្ឋគ្រាន់តែចូលទៅក្នុងព្រៃ បែរជាត្រូវមេព្រៃដេញចេញ។

សូមជម្រាបជូនថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ប្រជាសហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ថ្មូន បាននាំគ្នាដាក់ពាក្យប្តឹងលោក ហាន សាខន នាយដែនជម្រកសត្វព្រៃភ្នំព្រេច ចូលអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ពីបទ គំរាមកំហែង នៅពេលដែលពួកគាត់ចូលទៅក្នុងព្រៃ នៃដែនជម្រកសត្វព្រៃភ្នំព្រេច។

តើការអនុវត្តច្បាប់ ឬការការហាមឃាត់ មិនមានតែចំពោះប្រជាពលរដ្ឋ? ចុះឈ្មួញធំៗ ហេតុអ្វី កាប់ និងដឹកចេញទៅលក់តាមអំពើចិត្តបាន?

គេធ្លាប់បានដឹងថា ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ធ្លាប់ដាក់បទបញ្ជាឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ទប់ស្កាត់ការនាំចេញឈើពីកម្ពុជាទៅប្រទេសវៀតណាម។ ជាងនេះទៅទៀត សម្តេចតេជោ ក៏ធ្លាប់ស្នើដល់ភាគីវៀតណាម ឲ្យឈប់ទទួលទិញឈើព្រប្រទេសកម្ពុជាផងដែរ។

ប្រជាពលរដ្ឋ សុទ្ធតែនៅចាំ និងសាទរចំពោះ ការប្តាជ្ញាចិត្ត របស់សម្តេចតេជោ ក្នុងការការពារព្រៃឈើ ចុះហេតុអ្វី មន្ត្រីពាក់ព័ន្ធធំៗ នៅក្នុងខេត្តមណ្ឌលគិរី បំភ្លេចបទបញ្ជារបស់សម្តេចបែបនេះ? ដោយ៖ Samret

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!