ព្រឹតិ្តការណ៍ថ្មីៗ

ច្បាស់ការហើយ! គ្រូស្រៀង មហាព្រហ្ម បង្ហោះសារកក្រើកFacebook!

5 ខែ មុន 870 តូ សុផល

ស្នងការដ្ឋាននគរបាលខេត្តកំពត សូមធ្វើការបកស្រាយបំភ្លឺជូនសាធារណៈជនមេត្តាវិភាគ និងទទួលជ្រាបអំពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ គ្រូស្រៀង មហាព្រហ្ម ដែលបានបង្ហោះកាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៩ នូវខ្លឹមសារថា ៖ «នេះឬតម្លៃគ្រូបង្រៀន! សូមបងប្អូនជួយshareម្នាក់មួយមក នេះហើយលទ្ធផលទទួលបានពីការអភិវឌ្ឍសាលាបឋមសិក្សាមហាព្រហ្មកន្លងមក។

ត្រូវអ្នកលក់ដូរតាមរោងល្ខោនព្រួតវាយ ប្រជាពលរដ្ឋបានត្រឹមបញ្ជោះថែម ។ (វៃវាឲ្យងាប់ទៅ) នេះជាសម្ដីមេភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត គ្មានសមត្ថកិច្ចឬអាជ្ញាធរណាជួយដោះស្រាយទេ សូម្បីតែអធិការស្រុកឈូក» ។

-ជុំវិញការលើកឡើងខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត សូមជម្រាបជូនពីដំណើររឿងមានដូចតទៅ ៖
កន្លងមកលោកចៅអធិការវត្តមហាព្រហ្ម បានរៀបចំធ្វើពិធីបុណ្យឆ្លងសាលាឆាន់ ដោយមានពុទ្ធបរិស័ទ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សជាអ្នកមូលមតិគ្នាផ្តើមបុណ្យ ។

បន្ទាប់ពីមានការរៀបចំកម្មវិធីបុណ្យនេះឡើង លោកមេភូមិព្រៃពាយ បានធ្វើការស្នើសុំលោកនាយកសាលាបឋមសិក្សាមហាព្រហ្ម ដើម្បីដាក់សិល្បះល្ខោនកម្សាន្ត និងកន្លែងកម្សាន្តផ្សេងៗនៅក្នុងបរិវេណសាលា ព្រោះបរិវេណវត្ត និងសាលារៀនគឺនៅជាប់គ្នា ហើយលោកនាយកសាលារូបនេះ ក៏បានអនុញ្ញាត ។

លុះមកដល់ម៉ោង ១៧:៣០ នាទី ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៩ (ជាថ្ងៃបុណ្យឆ្លងសាលាឆាន់) លោកនាយកសាលារូបនេះ អះអាងថាការដាក់លក់ដូរ និងដាក់កន្លែងកម្សាន្តសម្រាប់ក្មេងលេងមិនបានសុំអនុញ្ញាតពីគាត់ រួចគាត់ក៏បានមកទាររកសេវាពីប្រជាពលរដ្ឋដែលជាអ្នកលក់ដូរ និងកន្លែងកម្សាន្តសម្រាប់ក្មេងលេងចំនួន ១៥ ម៉ឺនរៀល តែពួកគាត់មិនឲ្យ ហើយរូបគាត់ (នាយកសាលាមហាព្រហ្ម) ក៏មានការខឹងសម្បារ និងបានធ្វើការទាត់បំផ្លិចបំផ្លាញកន្លែងលក់ដូររបស់ប្រជាពលរដ្ឋ និងបានធ្វើការរុះរើរោង និងតូបលក់ដូររបស់ប្រជាពលរដ្ឋបណ្តាលឲ្យរងរបួសដោយខ្លួនឯងមិនមានអ្នកណាម្នាក់មកបង្កហិង្សាលើរូបគាត់ឡើយ ។ ក្រោយមកលោកនាយកសាលារូបនេះ បានមករកដុតរោងសិល្បះល្ខោនដែលកំពុងលេងនៅទីនោះទៀត ប៉ុន្តែត្រូវបានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចធ្វើការហាមឃាត់និងសម្របសម្រួលគាត់កុំឲ្យប្រព្រឹត្តបែបនេះទៀត ។ បន្ទាប់មកក៏មានអ្នកមកជម្លៀសគាត់ចេញពីទីនោះតែម្តង ។

សូមបញ្ជាក់ជូនថា ៖ ដើមចមនៃបញ្ហានេះគឺផ្តើមចេញពីការទារលុយប្រជាពលរដ្ឋដែលដាក់លក់របស់របរនៅទីនោះ ។ បច្ចុប្បន្នជុំវិញបញ្ហាដែលបានកើតឡើងនេះប្រជាពលរដ្ឋ លោកមេភូមិ លោកចៅអធិការវត្ត និងលោកតាអាចារ្យវត្តកំពុងដាក់ពាក្យបណ្តឹង និងសំណូមពរឲ្យដោះដូរលោកនាយកសាលារូបនេះ ចេញពីសាលារៀនបឋមសិក្សា មហាព្រហ្ម ។ ចំពោះករណីនេះសមត្ថកិច្ចយើងនឹងបន្តធ្វើការស្រាវជ្រាវអំពីសកម្មភាពលើកឡើងខាងលើដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ សូមអរគុណ !

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ