ព្រឹតិ្តការណ៍ថ្មីៗ

សិស្សសាលា សន្ធរម៉ុក ២នាក់ ឆក់ជនជាតិចិន បានសម្រេច តែត្រូវប្រុសសង្ហារ បើកឡានបុកផ្តួលម៉ូតូ

5 ខែ មុន 174 តូ សុផល

ភ្នំពេញ​ ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយ ពីជនជាតិចិនប្រុសស្រី២នាក់ បានសម្រេច ខណៈពេលដែលជនជាតិចិនទាំង២នាក់នោះ​កំពុងតែដើរតាមផ្លូវហើយ នាំគ្នាបម្រុងជិះរត់គេច ស្រាប់តែត្រូវបុរសសង្ហារ២នាក់ បើករថយន្ត PRIUS មួយគ្រឿង​ទៅបុកម៉ូតូរបស់ជនសង្ស័យបណ្តាលឲ្យដួល ស្របពេលដែលកម្លាំងល្បាតមកដល់ក៏សួរនាំ រួចវាយខ្នោះឃាត់ខ្លួនបញ្ជូនទៅស្នាក់ប៉ុស្តិ៍ដើម្បីសាកសួរតែម្ដង ចំណែកឯជនជាតិចិនរងគ្រោះ​ បានរើសកាបូបរបស់ខ្លួនវិញ រួចនាំគ្នាចេញពីកន្លែងកើតហេតុបាត់ទៅ ។

ហេតុការណ៍នេះបានកើតមានឡើងនៅវេលាម៉ោង០១:៤៥នាទីយប់រំលងអធ្រាត្រ​ ឈានចូលថ្ងៃសៅរិ៍​ ទី១៥​ ខែមិថុនា ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចមុខ​ផ្សារទំនើប​ អ៊ីន & អៅ​ (In & Out)​ លើផ្លូវ៥១(ប៉ាស្ទ័រ​) កែងផ្លូវ២៩៤ ស្ថិតក្នុងសង្កាត់បឹងកេងកង​ទី២ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

ជនរងគ្រោះប្រុសស្រីមិនស្គាល់អត្តសញ្ញាណនោះទេ​ ដឹងត្រឹមតែជាជនជាតិចិនប៉ុណ្ណោះ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនជាតិចិនប្រុសស្រី២នាក់ កំពុងតែដើរតាមផ្លូវហើយដៃកាន់កាបូបស្ពាយធំមួយ ដើរបណ្ដើរនិយាយគ្នាបណ្ដើរ ដោយមិនបានប្រុងប្រយ័ត្ន​ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង​ ធ្វើសំណើរតាមបណ្ដោយផ្លូវ៥១ ពីជើងទៅត្បូង​ឌុបគ្នា​ក្នុងល្បឿនលឿនស្លេវ អែបមកជិត​រួចធ្វើសកម្មភាពឆក់កាបូបស្ពាយពីដៃរបស់ជនជាតិចិនប្រុសស្រីទាំងពីរនាក់នោះ​ បានសម្រេច​ ហើយបម្រុងជិះគេចខ្លួន តែចៃដន្យស្រាប់តែត្រូវបុរសសង្ហារ២នាក់ បើករថយន្ត PRIUS មួយគ្រឿង​ ធ្វើដំណើរតាមផ្លូវលេខ២៩៤ ពីកើតមកលិច​វិញ ឃើញដូច្នេះ​ក៏បើកទៅបំបុកម៉ូតូរបស់ជនសង្ស័យបណ្តាលឲ្យដួលរងរបួស​រលាត់ដៃរលាត់ជើង​ ស្របពេលដែលកម្លាំងល្បាតមកដល់ក៏សួរនាំផងដែរ​ ចំណែកឯជនជាតិចិនរងគ្រោះ​ បានមករើសកាបូបរបស់ខ្លួនវិញ រួចអរគុណម្ចាស់រថយន្តហើយក៏នាំគ្នាចេញពីកន្លែងកើតហេតុបាត់អស់ទៅ ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ ។

ទើបសមត្ថកិច្ចល្បាតធ្វើការវាយខ្នោះឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នោះ​ រួមទាំងដកហូតម៉ូតូមួយគ្រឿង ម៉ាក Honda Beat ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1HE-6041 ជិះធ្វើសកម្មភា ជាវត្ថុតាង​ រួចបញ្ជូនទៅស្នាក់ប៉ុស្តិ៍បឹងកេងទី១ ដើម្បីសាកសួរតែម្ដង។

ជាមួយគ្នានេះដែរ​ម្ចាស់រថយន្ត​ក៏ព្រមទៅប៉ុស្តិ៍ដើម្បីធ្វើជាសាក្សីបំភ្លឺជូនសមត្ដកិច្ចផងដែរ ។

នៅចំពោះ មុខសមត្ថកិច្ច​បានសួរនាំយកចម្លើយថា ជនសង្ស័យមានឈ្មោះ​ បឿន​ សុខលាភ ភេទប្រុស​ អាយុ១៦ឆ្នាំ មុខរបរ​សិស្សសាលាសន្ធរម៉ុក​ ថ្នាក់ទី៩ មានទីលំនៅ​ជិតសំណង់១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ បានឆ្លើយសារភាពថា​ រូបគេជាអ្នកធ្វើសកម្មភាពឆក់ និងជាអ្នកជិះពីក្រោយ ចំណែកឯជនសង្ស័យទី២មានឈ្មោះ លី សុខដាឡែន ភេទប្រុស​ អាយុ១៦ឆ្នាំ មុខរបរ​សិស្សសាលា​សន្ធរម៉ុក​ ថ្នាក់ទី៩ មានទីលំនៅ​ម្ដុំ​សន្ធរម៉ុក​ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក​ ជាអ្នកបើកម៉ូតូ។

ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា​ពួកគេពិត ជាបានឆក់កាបូបរបស់ជនជាតិចិនប្រុសស្រីដែលកំពុងដើរតាមផ្លូវនោះបានសម្រេចមែន​ ហើយបម្រុងជិះគេចខ្លួន​ ស្រាប់តែត្រូវឡានបុកបណ្ដាលឲ្យដួល​ ហើយសមត្ថកិច្ចចុះមកវាយខ្នោះឃាត់ខ្លួនតែម្ដង។

ក្រោយពេលកើតហេតុ​ ជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍​បឹងកេងកង​ទី១ ឃាត់ខ្លួន​ និងកសាងសំណុំរឿង​ ចាត់ការតាមផ្លូវច្បាប់​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ