ព្រឹតិ្តការណ៍ថ្មីៗ

សម្បូរអ្នកចង់បានម្ល៉េះ តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង?

5 ខែ មុន 112 តូ សុផល

ភ្នំពេញ៖ វាជារឿងគួរឲ្យភ្ញាក់ផ្អើល និងគួរឲ្យចាប់អារម្មណ៍ខ្លាំងមួយ នៅក្នុងមជ្ឈដ្ឋាន មន្ត្រីអប់រំ ជាពិសេស នៅក្នុងខេត្តព្រៃវែង ដោយហេតុថា ដំណឹងប្រកួតប្រជែងយកតំណែងជាប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រៃវែង ត្រូវគេមើលឃើញថា មានភាពចម្រូងចម្រាស នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

កាលពីអំឡុងឆ្នាំ២០១៧ នៅពេលដែលលោក ហ៊ឹម សុផល អតីតប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រៃវែងដល់អាយុចូលនិវត្តន៍ នៅគ្រានោះ ភាពចម្រូងចម្រាស នៃការជ្រើសរើស និងតែងតាំងបេក្ខភាព ប្រធានមន្ទីថ្មី ក៏បានកើតមានឡើងម្តងរួចមកហើយ។

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ហង់ ជួនណារុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា បានដាក់លិខិតគោរពស្នើសុំគោលការណ៍ពី សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីតែងតាំង លោក ឈុន សុផល ដែលជាអនុប្រធានមន្ទីរ ឲ្យធ្វើជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង។

ប៉ុន្តែនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ បានដាក់លិខិតគោរពស្នើសុំគោលការណ៍ពី សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីតែងតាំង លោក វ៉ែន ប្រណី ដែលជាអនុប្រធានមន្ទីរ ឲ្យធ្វើជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង ដោយមានការឯកភាព និងគាំទ្រពីមន្ត្រីថ្នាក់មន្ទីរ គណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត។

ទំបំផុតដំណែងប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានទៅលើលោក ឈុន សុផល ចាប់តាំងពីពេលនោះរហូត មកដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ដែលជាថ្ងៃលោក ឈុន សុផល ត្រូវចូលនិវត្តន៍។

បន្ទាប់ពីលោក ឈុន សុផល ចូលនិវត្តន៍ក្នុងឆ្នាំ២០១៩ នេះ តើដំណែងប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ត្រូវគេគិតថាគួរបានទៅលើអ្នកណា?

យោងតាមប្រភពមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រៃវែង មានមន្ត្រីអប់រំ ក្នុងខេត្តព្រៃវែង ភាគច្រើន សង្ឃឹម និងជឿជាក់ថា តំណែងប្រធានមន្ទីរថ្មី នឹងត្រូវបានទៅលើលោក វ៉ែន ប្រណី ដែលជាអនុប្រធានមន្ទីរ និងជាបេក្ខភាពដែលធ្លាប់ទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំខេត្ត និងមន្ត្រីថ្នាក់ក្រោម។

ប៉ុន្តែមកដល់ពេលនេះ គេមិនទាន់ដឹងថា មន្ត្រីរូបណានឹងឡើងកាន់តំណែងជាប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រៃវែង នៅឡើយទេ ដោយមានតែព័ត៌មានចចាមអារ៉ាមថា ប្រធានមន្ទីរថ្មីគឺជាលោក ប៉ាវ សុធីរ ដែលជាអនុប្រធានមន្ទីរមួយរូបផងដែរ។

ជាការកត់សម្គាល់ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញ លោក វ៉ែន ប្រណី បានបង្ហោះលើបណ្តាញសង្គម Facebook (Proney Ven) សារជាអក្សរ និងលិខិតជាច្រើនសន្លឹកដែលពាក់ព័ន្ធ ការស្នើសុំ និងឯងភាព ពីថ្នាក់ដឹកនាំ ក្នុងការតែងតាំងរូបលោក ជាប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រៃវែង។

គណនីហ្វេសប៊ុក ឈ្មោះ Proney Ven បាន សរសេរថា «តើខ្ញុំបានប្រព្រឹត្តកំហុសអ្វី? បម្រើការងារវិស័យអប់រំរយៈពេល២៦ ឆ្នាំហើយ មុខតំណែងជាអនុប្រធានមន្ទីរចំនួន១៤ឆ្នាំ រងនូវភាពអយុតិ្តធម៌ សូម្បីតែតម្លៃបន្តិចបន្តួចក៏គ្មានពីថ្នាក់ដឹកនាំក្រសួងអប់រំដែរ»។

យោងតាមខ្លឹមសារនៃការបង្ហោះនេះ អាចបញ្ជាក់ថា បេក្ខ ភាពដែលនឹងឡើងកាន់តំណែងជាប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ទំនងជាមិនមែនជាលោក វ៉ែន ប្រណី ដែលជាបេក្ខភាពបម្រុងទៀតហើយនៅឆ្នាំ២០១៩នេះ៕ ដោយ៖ សំរិត

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ