ព្រឹតិ្តការណ៍ថ្មីៗ

ភ្ជង់ប្លន់យកគ្រឿង អលង្ការ ពីយុវជនម្នាក់បានសម្រេច តែ….!

1 ខែ មុន 112 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពភ្ជង់ប្លន់យកគ្រឿងអលង្ការពីយុវជនម្នាក់ បានសម្រេច តែគេចមិនរួចត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី២ ស្រាវជ្រាវបង្ក្រាបបាន។

ហេតុការណ៍នេះកើតឡើងតាំងពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងឃាត់ខ្លួនបានកាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កង សុគា ហៅបឺត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ខ្សែកធ្វើអំពីលោហៈធាតុ ពណ៌ទង់ដែងចំនួន១ខ្សែ , ខ្សែដៃធ្វើអំពីលោហៈធាតុពណ៌ទង់ដែងចំនួន១ខ្សែ និងម៉ូតូម៉ាកយ៉ាម៉ាហា ហ្វីណូ ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខ ភ្នំពេញ 1FA-5214 ចំនួន១គ្រឿង។

ចំណែកជនរងគ្រោះមានឈ្មោះ ស៊ុន លីដា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់ប្រហិត ស្នាក់នៅផ្ទះលេខ៣៤ បុរីឡាយគង់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីលក់ប្រហិតចៀននៅផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យទី១ ក៏បានជួបជាមួយជនសង្ស័យជិះម៉ូតូមួយគ្រឿង ម៉ាកយ៉ាម៉ាហា ហ្វីណូ ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខភ្នំពេញ 1FA-5214 នៅក្បែរផ្សារស្ទឹងមានជ័យថ្មី ក៏ឲ្យជូនខ្លួនទៅរកទិញគ្រឿងញៀនជក់ លុះជិះដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យបានឈប់ម៉ូតូ ចុះពីលើម៉ូតូ រួចដកកាំបិតបុង័តោភ្ជង់គំរាមយកខ្សែក ខ្សែដៃ របស់ជនរងគ្រោះបានសម្រេច ហើយជិះគេចខ្លួនបាត់ ។

ក្រោយកើតហេតុជនរងគ្រោះបានប្តឹងឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ ធ្វើការស្រាវជ្រាវ ប្រទះឃើញជនសង្ស័យខាងលើ ក៏ឃាត់ខ្លួនយកមកសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!