ព្រឹតិ្តការណ៍ថ្មីៗ

រងចាំរយៈពេលជិត១០ឆ្នាំ មិនដឹងយុត្តិធម៌នៅទីណា? បុរសវ័យ ៧០ឆ្នាំ ដែលអ្នកជិតខាងវាយរងរបួសធ្ងន់ព្រោះរឿងព្រំដី 

1 ខែ មុន 26 តូ សុផល

ភ្នំពេញ៖ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ សាលាឧទ្ធរណ៍ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះបានបើកសវនាការជំនុំជម្រះក្តីសំណុំរឿង ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

នៅក្នុងសំណុំរឿងនេះ មានជនជាប់ចោទឈ្មោះ មុំ វ៉ាត ភេទប្រុស អាយុ ៥៣ឆ្នាំ ទីលំនៅភូមិគាថាវង្សក្រោម ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

ចំណែកជនរងគ្រោះមានឈ្មោះ អ៊ួច ហឿន ភេទប្រុស អាយុ ៧៤ឆ្នាំ មានទីលំនៅភូមិគាថាវង្សក្រោម ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ តុលាការខេត្តកំពត បានផ្តន្ទាទោស ជនជាប់ចោទឈ្មោះ មុំ វ៉ាត ដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ (នៅក្រៅឃុំ) និងបង្គាប់ឲ្យសងសំណងជំងឺចិត្តទៅជនរងគ្រោះចំនួន ៥លានរៀល។

បន្ទាប់ពីមានបណ្តឹងឧទ្ធរណ៍ តុលាការបានបើកសវនាការ និងប្រកាសសាលដីកានៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ដោយសម្រេចតម្កល់សាលក្រមរបស់តុលាការខេត្តកំពតទុកជាបានការទាំងស្រុង។

ក្រោមមកសំណុំរឿងនេះ ត្រូវជនជាប់ចោទប្តឹងសារទុក្ខទៅតុលាការ និងត្រូវតុលាការកំពូលសម្រេចកាលពីថ្ងៃ២១ ខែមេសា ឆ្នាំ២០១៧ ដោយបង្វិលសំណុំរឿង ឲ្យសាលាឧទ្ធរណ៍ បើកសវនាការសារជាថ្មី ព្រោះតែយល់ឃើញថា ការផ្តន្ទាទោសជនជាប់ចោទ ដាក់ពន្ធនាគាររហូត ២ឆ្នាំ វាជារឿងធ្ងន់ធ្ងរពេក ដោយហេតុថា ជនជាប់ចោទជាជនពិការ (ស្វិតជើង)។

នៅក្នុងសវនាការ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ លោកមេធាវី ហេង សុធា បានថ្លែងសន្និដ្ឋានការពារសិទ្ធិជូនកូនក្តីឈ្មោះ អ៊ួច ហឿន ថា «តុលាការកំពូល យល់ថា ការផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារ ២ឆ្នាំ ជារឿងធ្ងន់ធ្ងរពេក ចុះកូនក្តីខ្ញុំបាទជាមនុស្សចាស់ជរាត្រូវ ជនជាប់ចោទ យកដងរែកវាយ បែកក្បាលជាច្រើនថ្នេរ ស្ទើរស្លាប់ ស្ទើររស់ អស់រយៈពេលជិត ១០ឆ្នាំ រងចាំយុត្តិធម៌ មិនទាន់បានសំណងសូម្បី ១សេន ចំណែកជនជាប់ចោទ រស់នៅក្រៅឃុំយ៉ាងសប្បាយរីករាយ តើតុលាការកំពូលគិតថាវាជារឿងអយុត្តិធម៌ទេ? ដូច្នេះខ្ញុំបាទស្នើសុំឲ្យសាលាឧទ្ធរណ៍តម្កល់សាលដីការបស់ខ្លួនកាលពីពេលមុនទុកជាបានការដដែល»។

ក្រោយពីសាកសួរដេញដោលចប់ តុលាការ សាលាឧទ្ធរណ៍ បានសម្រេចលើកពេលប្រកាសសាលដីកាសំណុំរឿងនេះ ទៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខ។

គួររម្លឹកថា កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១២ កន្លងទៅ មានហេតុការណ៍ហិង្សាមួយបានកើតឡើង រវាងឈ្មោះ អ៊ួច ហឿន និងឈ្មោះ មុំ វ៉ាត ផ្តើមចេញពីទំនាស់ពាក្យសម្តី ព្រោះរឿងព្រំដីជាប់គ្នា។

នៅក្នុងហេតុការណ៍នោះជនជាប់ចោទឈ្មោះ មុំ វ៉ាត បានវាយជនរងគ្រោះឈ្មោះ អ៊ួច ហឿន ចំនួន ៣ដងរែក បែកក្បាល និងត្រូវដងខ្លួនរបួសធ្ងន់ ត្រូវគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ភ្លាមៗជនជាប់ចោទ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការសម្រេចឃុំខ្លួន នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១២។ ក្រោយមកនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ ស្រាប់តែជនជាប់ចោទ បានចេញនៅក្រៅឃុំរហូតបច្ចុប្បន្ននេះ៕ ដោយ៖ Samret

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!