ព្រឹតិ្តការណ៍ថ្មីៗ

ទេសរដ្ឋមន្រ្តី ចុះត្រួតពិនិត្យប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ នៅក្រុងតាខ្មៅ

2 ខែ មុន 22 តូ សុផល

ខេត្តកណ្តាល៖ នៅថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារក្រសួងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ស្ថានីយបូមទឹកកខ្វក់ ការតបណ្ដាញលូរ និងការស្ដារ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

ការស្ថាបនាស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ស្ថានីយបូមទឹក ការតបណ្ដាញលូរពីផ្ទះប្រជាពលរដ្ឋ និងការស្ដារស្ទឹងនេះ គឺធ្វើឡើងក្រោមគម្រោងកម្ចីឥណទានសម្បទានរបស់ធនាគារនីហរ័ណ អាហរ័ណកូរ៉េ នូវទឹកប្រាក់ប្រមាណ ៦៤លាន ដុល្លារអាមេរិក ក្នុងគោលបំណងដើមរក្សាបាននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ អនាម័យល្អ បរិស្ថានស្រស់បំព្រង ការពារទឹកជំនន់ និងការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាវិនិយោគិនជាតិ និងអន្តរជាតិ។

សូមបញ្ជាក់ថា៖ អាងប្រព្រឹត្តិកម្មទឹកកខ្វក់នេះមានសមត្ថភាពចម្រោះទឹកកខ្វក់បានចំណុះ ៧៦០០ម៣/ថ្ងៃ ចំណែកឯស្ថានីយបូមទឹកកខ្វក់ទាំង១០ទីតាំងមានសមត្ថភាពបូមបាន ២៩ ៩៥២ម៣/ថ្ងៃ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប្រចាំឆ្នាំ ប្រកបដោយស្ថេរភាព និងរឹងមាំ បានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធា ដែលជាកត្តាជំរុញឱ្យតម្រូវការប្រើប្រាស់ទឹក ក៏ដូចសម្ភារៈផ្សេងៗមានការកើនឡើង ព្រមទាំងធ្វើឱ្យមានការហូរចូលនូវវិនិយោគចម្រុះរួមមាន៖ ការសាងសង់អគារ ខុនដូរ រមណីយដ្ឋាន និងអគារពាណិជ្ជកម្ម ព្រមទាំងរោងចក្រកាត់ដេរជាច្រើន នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលធ្វើឱ្យបរិមាណទឹកកខ្វក់មានការកើនឡើងផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!