ព្រឹតិ្តការណ៍ថ្មីៗ

គ្រោះថ្នាក់ដោយ រថយន្តធុនធំ ស្ទើររាល់ថ្ងៃ តាមពិតចឹងសោះ!

4 ខែ មុន 122 តូ សុផល

ខេត្តព្រះសីហនុ៖ យោងតាម សារព័ត៌មានក្នុងស្រុក បានផ្សាយព្រោងព្រាត ជុំវិញករណីចរាចរណ៍ ភាគច្រើនបង្កឡើងដោយរថយន្តធំ ស្រាប់តែនៅថ្ងៃទី១២ខែមិថុនា ឆ្នាំ ២០១៩​ វេលាម៉ោង៩​ព្រឹក កម្លាំង​នៃអធិការ​ដ្ឋាន​នគរបាល​ស្រុកស្ទឹងហាវ​ បានបង្ក្រាប​មុខ​សញ្ញា​លក់​ចែកចាយ​ថ្នាំញៀន តាម​រថយន្ត​ដឹកទំនិញធុន​ធំ​មួយ​ករណី​ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។

សមត្ថកិច្ចប្រាប់ថា ខណៈ​ដេញ​បង្ក្រាប​នោះ មុខ​សញ្ញាដែលជាជនសង្ស័យ​បាន​លោត​ចុះ​ពី​រថយន្ត​ ហើយ​រត់​គេច​ខ្លួន​ពួន​ក្នុង​ព្រៃ​ នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​បាន​ឆែកឆេរ​ក្នុង​រថយន្ត​ រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់​ និង​ឧបករណ៍​សម្រាប់​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន។

លោកវរសេនីយ៍​ឯក​ រស់​ កី​ អធិការនគរបាលស្រុក​ស្ទឹង​ហាវ​ បាន​ឲ្យ​ដឹង​ថា មុខ​សញ្ញា​លក់​ចែកចាយ​គ្រឿងញៀន​តាម​រថយន្ត​ធុន​ធំ​នេះ​ សមត្ថកិច្ច​ជំនាញ​ បាន​តាម​ដាន​ឃ្លាំមើល​យូរ​មក​ហើយ​ លុះ​ដល់​វេលា​ម៉ោងដូច​ខាង​លើ​ ពេល​​សមត្ថកិច្ច​ឃាត់​រថយន្ត​បំរុង​ឆែកឆេរ​ ស្រាប់តែ​មុខ​សញ្ញា​បាន​បើក​រថយន្ត​ធុន​ធំ យ៉ាង​លឿន​ដើម្បី​គេច​ខ្លួន​ សមត្ថកិច្ច​បាន​សំរេច​ប្រើ​អាវុធ​បាញ់​បំបែក​កង់​មុខ​តែម្តង​ ពេល​រថយន្ដ​ត្រូវ​បាន​បញ្ឈប់​ល្បឿន​ អ្នក​បើក​បរ​បាន​លោត​ចុះ​ ហើយ​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​ បាត់​ទៅ​។ ពេលនោះកម្លាំងជំនាញ់​ បានដេញតាមរក នៅក្នុងព្រៃនោះដែរ​ ប៉ុន្តែជនសង្ស័យនោះ​បានគេចខ្លួនបាត់ទៅហើយ​ សមត្ថកិច្ច​បាន​បន្ត​ស្វែង​រក​រហូតដល់ម៉ោង ១៤ និង០០នាទី​ ទៅហើយនៅតែមិនឃើញ។

ពេលដែលកម្លាំងជំនាញ់ធ្វើការឆែកឆេរក្នុងរថយន្ត​ បានរកឃើញវត្ថុតាងមួយចំនួនមាន៖

១ ម្សៅក្រាមពណ៍សថ្លាសង្ស័យថាជាសាធាតុញៀនចំនួន ១០កញ្ចប់តូច។
២ ឧបករណ៍​សំរាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន និង​ឯកសារ​អត្តសញ្ញាណ័ណ្ណសញ្ចាតិខ្មែរ ប័ណ្ណបើកបរ ជា​របស់​ ជនសង្ស័យមាន ឈ្មោះម៉ិច ចន្ថា ភេទប្រុស​ អាយុ​៣២ ឆ្នាំ​ មាន​ស្រុក​កំណើត​ នៅ​ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​ មុខរបរ​បើកបរ​រថយន្ត​។

ក្រោយឃើញមានការចែកចាយ ប្រើប្រាស់គ្រឿងញៀន ដូចករណីខាងលើប្រជាពលរដ្ឋសំណូមពរដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តា ដាក់កម្លាំងត្រួតពិនិត្យអោយបានជាប្រចាំផង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ