ព្រឹតិ្តការណ៍ថ្មីៗ

រ៉ាត់ រ័ត្នមុនី ផលិតវីដេអូ «ម្តាយខ្ញុំ លក់ខ្ញុំ» តុលាការ នឹងប្រកាសសាលក្រម នៅចុងខែនេះ!

3 ខែ មុន 60 តូ សុផល

ភ្នំពេញ៖ បន្ទាប់ពីសាកសួរដេញដោល សាក្សី និងអ្នកពាក់ព័ន្ធក្នុងសំណុំរឿង អស់ជាច្រើនម៉ោង លោក កូយ សៅ ចៅក្រមជំនុំជម្រះបានលើកពេលប្រកាសសាលក្រម សំណុំរឿង លោក រ៉ាត់ រ័ត្នមុនី ប្រធានសហព័ន្ធ សហជីពកម្មករសំណង់កម្ពុជា ទៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ។

គួរបញ្ជាក់ថា លោក រ៉ាត់ រ័ត្នមុនី ត្រូវតុលាការចោទប្រកាន់បទ ញុះញង់ឱ្យមានការរើសអើង យោងតាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ ដែលផ្តើមចេញពីការផលិតវីដេអូឯកសាររឿង «ម្តាយខ្ញុំ លក់ខ្ញុំ» ឲ្យឱ្យសារព័ត៌មាន RT (Russia Today) របស់ប្រទេសរុស្ស៊ី។

លោក នាក់ សុទ្ធា នាយកវិទ្យាល័យ ឥន្ទ្រទេវី ដែលជាសាក្សី បានបញ្ជាក់ជូន អង្គសវនាការនារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នេះថា លោក រ៉ាត់ រ័ត្នមុនី បានស្នើសុំទីតាំងសាលារបស់លោក ថតវីដេអូរឿង ជីវភាពប្រជាពលរដ្ឋខ្មែរក្រោយរបបប៉ុលពត។ ផ្ទុយពីការស្នើសុំ លោក រ៉ាត់ រ័ត្នមុនី បែរជាផលិតវីដេអូ ពាក់ព័ន្ធ ម្តាយលក់កូនឲ្យទៅបម្រើសេវាផ្លូវភេទ ដែលជាការប៉ះពាល់ដល់កិត្តិយសរបស់សាលាលោក រហូតថ្នាក់ដឹកនាំហៅលោកទៅសាកសួរ និងស្តីបន្ទោស។

តួអង្គ និងជាជនរងគ្រោះ នៃសំណុំរឿងនេះ ចំនួន ៤នាក់ បានអះអាងថា នៅមុនពេលថតវីដេអូ លោក រ៉ាត់ រ័ត្នមុនី បានសន្យានឹងរកជំនួយជួយពួកគេឲ្យបើកមុខរបរ តាមរយៈជំនួយដែលបានពីការចាក់ផ្សាយវីដេអូនេះនៅក្រៅប្រទេស។

ក្រុមជនរងគ្រោះ បញ្ជាក់បន្ថែមថា លោក រ៉ាត់ រ័ត្នមុនី ជាអ្នកបង្គាប់ បង្ហាត់ពួកគេឲ្យសម្តែង និងនិយាយ នៅមុនពេលថតវីដេអូ។

ក្រុមជនរងគ្រោះ បានប្តឹងទាមទារសំណងជំងឺចិត្ត សរុបចំនួន ២ម៉ឺនដុល្លារ ព្រោះពួកគេយល់ឃើញថា វីដេអូរឿង «ម្តាយខ្ញុំ លក់ខ្ញុំ» បានប៉ះពាល់ដល់កិត្តិយសរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ។

នៅក្នុងសវនាការកាលពីពេលកន្លងទៅ និងនៅរសៀលនេះ ជនជាប់ចោទ រ៉ាត់ រ័ត្នមុនី នៅតែច្រានចោលការចោទប្រកាន់របស់តុលាការ និងអះអាងថា លោកមិនបានផលិតវីដេអូរឿង «ម្តាយខ្ញុំ លក់ខ្ញុំ» នោះទេ ដោយលោកគ្រាន់តែអ្នកបកប្រែភាសារឲ្យ អ្នកសារព័ត៌មានចំនួន ៤នាក់ របស់សារព័ត៌មាន RT (Russia Today) តែប៉ុណ្ណោះ។

លោក រ៉ាត់ រ័ត្នមុនី បន្តថា «ខ្ញុំ គ្រាន់តែជាអ្នកបកប្រែឲ្យគេ ចំណែករឿងថត និងកាត់តវីដេអូ យកទៅផ្សាយ ខ្ញុំអត់បានដឹងទេ។ ហើយខ្ញុំក៏មិនបានស្គាល់តួអង្គដែរ គឺក្រុមអ្នកកាសែតរុស្ស៊ីទាំងអស់នោះ ជាអ្នកស្វែងរកដោយខ្លួនពួកគេ»។

លោក រ៉ាត់ រ័ត្នមុនី បានសុំឲ្យតុលាការទម្លាក់ការចោទប្រកាន់លើរូបលោក និងដោះលែងរូបលោកមានសេរីភាពវិញ។

ប៉ុន្តែបើយោងតាមកំណត់ហេតុសួរចម្លើយ ដើមបណ្តឹង (ជាជនរងគ្រោះ) និងសាក្សីជាច្រើននាក់ទៀត បានបញ្ជាក់ថា ជនជាប់ចោទ រ៉ាត់ រ័ត្នមុនី គឺជាអ្នកទាក់ទង និងរៀបចំតួអង្គ និងទីតាំងថត វីដេអូរឿង «ម្តាយខ្ញុំ លក់ខ្ញុំ» យ៉ាងពិតប្រាកដ។

កំណត់ហេតុរបស់តុលាការ បញ្ជាក់យ៉ាងច្បាប់ថា ជនជាប់ចោទ រ៉ាត់ រ័ត្នមុនី ជាអ្នករត់ការទៅក្រសួងព័ត៌មាន ស្នើសុំការអនុញ្ញាតឲ្យក្រុមអ្នកសារព័ត៌មាន RT (Russia Today) របស់ប្រទេសរុស្ស៊ី ផលិតវីដេអូរឿង «ជីវភាព ប្រជាពលរដ្ឋខ្មែរ ក្រោយរបបខ្មែរក្រហម» ដោយយកទីតាំងខេត្តព្រះសីហនុ, ខេត្តសៀមរាប និងរាជធានីភ្នំពេញ ជាទីតាំងថត។

ផ្ទុយពីការស្នើសុំទៅក្រសួង លោក រ៉ាត់ រ័ត្នមុនី បានសហការជាមួយ ក្រុមអ្នកសារព័ត៌ RT (Russia Today) របស់ប្រទេសរុស្ស៊ី ផលិតវីដេអូរឿង «ម្តាយខ្ញុំ លក់ខ្ញុំ» ដោយ សន្យាជាមួយ តួអង្គថា នឹងផ្តល់លុយកាក់ដើម្បីចាយវាយខ្លះ និងផ្តល់លុយឲ្យបើក មុខរបរតូចតាមចិត្តរបស់ពួកគេប៉ងប្រាថ្នាផងដែរ។

យោងតាមវីដេអូរឿង «ម្តាយខ្ញុំ លក់ខ្ញុំ» ដែលតុលាការចាក់បញ្ជាំងនៅក្នុងសវនាការ បានបង្ហាញអំពី ដំណើររឿងស្ត្រីជាម្តាយ បានលក់កូនស្រីវ័យក្រមុំ ទៅឲ្យបម្រើផ្លូវភេទរបស់បុរសៗ ក្នុងតម្លៃចន្លោះពី ៤០០ដុល្លារ ទៅ១០០០ដុល្លារ ដែលអំពើនេះត្រូវតុលាការចាត់ទុកថា ជាការប៉ះពាល់ដល់ប្រពៃណី កិត្តិយស របស់ប្រទេសកម្ពុជា និងប៉ះពាល់ដល់កិត្តិយសរបស់ស្ត្រីខ្មែរ ជាពិសេសតួអង្គដែលលោក រ៉ាត់ រ័ត្នមុនី បានសម្ភាសន៍ និងថតយកទៅផ្សព្វផ្សាយ។

សូមជម្រាបជូនថា លោក រ៉ាត់ រ័ត្នមុនី ត្រូវបអាជ្ញាធរថៃចាប់ខ្លួន កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០១៨ តាមសំណើររបស់អាជ្ញាធរកម្ពុជា ពាក់ព័ន្ធបទល្មើស ផលិតវីដេអូឯកសារស្ដីពី ការជួញដូរផ្លូវភេទនៅកម្ពុជាក្រោមចំណងជើងថា «ម្ដាយខ្ញុំ លក់ខ្ញុំ» ឲ្យសារព័ត៌មាន RT (Russia Today) របស់ប្រទេសរុស្ស៊ី និងបានចាក់ផ្សាយជាសាធារណៈកាលកាលពីថ្ងៃ១៤ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ៕ ដោយ៖ សំរិត

បន្ថែមយោបល់របស់អ្នក

យោបល់