ព្រឹតិ្តការណ៍ថ្មីៗ

គណៈប្រតិភូខេត្តជាំងស៊ី ប្រទេសចិន ស្វែងយល់ពីសក្តានុពល វិនិយោគខេត្តព្រះសីហនុ

5 ថ្ងៃ មុន 11 តូ សុផល

ខេត្តព្រះសីហនុ ៖ លោក តឹង អ៊ីងគ័ង ប្រធានធនាគារខេត្តជាំងស៊ី ដឹកនាំគណ:ប្រតិភូខេត្ត ចូលជួបសំដែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុនៅសាលាខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ពីសក្តានុពលវិនិយោគ នាព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ។

ឯកឧត្តម យន្ត មីន បានជំរាបជូនពីសក្តានុពលរបស់ខេត្តព្រះសីហនុ មានដូចជា វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ជាវិស័យគោលដៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត ។ ខេត្តមានកំពង់ផែទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិ តំបន់ឆ្នេរ និងកោះ ៣៣ ជាមរតកធម្មជាតិដ៏មានតម្លៃ ដែលរាជរដ្ឋាភិបាលចាត់ទុកនឹងប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ -២០២៥ ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា វិស័យអទិភាពឈានមុខគេក្នុងការអភិវឌ្ឍខេត្តនាពេលបច្ចុប្បន្នមានទី១ កំពង់ផែសមុទ្រអន្តរជាតិក្រុងព្រះសីហនុ ក្នុងការ ដឹកជញ្ជូនតាមផ្លូវសមុទ្រជាលក្ខណៈជាតិ និងអន្តរជាតិ ដែលមានទំនិញជាកុងតឺន័រ ចេញ-ចូលប្រមាណ ៧៣ភាគរយ នៃបរិ មាណទំនិញនាំចេញ-ចូលទូទាំងប្រទេស ។ ទី២ ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន បាននឹងកំពុងប្រតិបត្តិការ មានក្រុមហ៊ុនអាកាស ចរណ៍ចំនួន១០ មានជើងហោះហើរចំនួន ១៣៣ជើងក្នុងមួយសប្តាហ៍ ហោះហើរទៅកាន់អន្តរជាតិ មាន ៩១ជើងក្នុងមួយសប្តាហ៍ ។ ទី៣ តំបន់សេដ្ឋកិច្ចពិសេសបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការលើក កម្ពស់សេដ្ឋកិច្ច បង្កើនការងារជូនប្រជា ពលរដ្ឋ ។ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើរការនិងមានរោងចក្រធំ តូចសរុប ២១៩ កន្លែង សិប្បកម្ម អាជីវកម្មខ្នាតតូច និងមធ្យមមាន ១.០៣៧កន្លែង និងសេវាកម្មផ្សេងៗទៀត ស្រូបយកកម្លាំងពលកម្មសរុប ៨១.៤៧៥នាក់ ស្រី ៣៨.៦៥២ នាក់ ក្នុងនោះទុនវិនិយោគក្នុងវិស័យឧស្សាហកម្ម មានចំនួន ៨ពាន់លានដុល្លាអាមេរិក និងធានាសន្តិសុខ សុវត្ថិភាពជូនអ្នកវិនិយោគនៅខេត្តព្រះសីហនុ ។

លោក តឹង អ៊ីងគ័ង ប្រធានធនាគារខេត្តជាំងស៊ី បានមានប្រសាសន៍ថា គណៈប្រតិភូមានគោលបំណងឈ្វេងយល់ពីសក្តានុពល និងការវិនិយោគនៅខេត្តព្រះសីហនុ ហើយក្រុមហ៊ុនវិនិយោគរបស់លោកចង់មកធ្វើ ការវិនិយោគលើវិស័យធនគារ និងសំណង់នៅខេត្តព្រះសីហនុ ព្រមទាំងបានកោតសរសើរឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដឹកនាំខេត្ត មានការអភិវឌ្ឍរីក ចម្រើនយ៉ាងឆាប់រហ័ស នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានអ្នកវិនិយោគគិន មកកាន់ខេត្តព្រះសីហនុយ៉ាងគំហ៊ុក ហើយសង្ឃឹមថា និងមានអ្នកវិនិយោគគិនមកកាន់ខេត្តព្រះសីហនុបន្តទៀត លោកក៏បានសន្យា ជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដល់វិនិយោគខេត្តជាំងស៊ី ឱ្យមកកាន់ខេត្តព្រះសីហនុបន្តទៀត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!