ព្រឹតិ្តការណ៍ថ្មីៗ

ត្រៀមខ្លួនអោយហើយ! យានយន្តគ្មានបណ្ណសម្គាល់ គ្មានផ្លាកលេខ ឬការប្រើប្រាស់បណ្ណសម្គាល់យានយន្ត និងផ្លាកលេខក្លែងក្លាយ 

3 ខែ មុន 1106 តូ សុផល

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ដែលបានប្រព្រឹត្តទៅនៅខេត្តត្បូងឃ្មុំ។

ការប្រារព្វទិវានេះសហការរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំ ដើម្បីក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យយកចិត្តទុកដាក់លើកកម្ពស់សុវត្ថិភាពចរាចរណ៍។

កម្មវិធីនេះមានការចូលរួមពីអាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋប្រមាណជាង៤០០០នាក់។

ឆ្លៀតក្នុងឱកាសនោះ សម្តេចក្រឡាហោម បានផ្ញើសារណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាជូនចំពោះអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវខិតខំយកអស់ស្មារតីចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បង្កើនការប្រុង ប្រយ័ត្នគ្រប់ពេលធ្វើដំណើរតាមដងផ្លូវ មានសីលធម៌យោគយល់អធ្យាស្រ័យ ដើម្បីកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ និងទទួលនូវសេចក្តីសុខ និងសុវត្ថិភាព។

ជាមួយគ្នានេះផងដែរ សម្តេចបានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យចូលរួមអនុវត្តតាមអនុសាសន៍ដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបានស្នើឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្តទាំងអស់ បង្កើនការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់ចរាចរណ៍ និងចាត់វិធានការម៉ឺងម៉ាត់តាមច្បាប់ ចំពោះការហូរចូលយានយន្ត គេចវេសពីការបង់ពន្ធនាំចូលពីប្រទេសជិតខាង ការប្រើប្រាស់យានយន្ត ដោយគ្មានបណ្ណសម្គាល់ និងផ្លាកលេខ ឬការប្រើប្រាស់បណ្ណសម្គាល់យានយន្ត និងផ្លាកលេខក្លែងក្លាយ ដើម្បីធានាសន្តិសុខសុវត្ថិភាពសង្គម។

លើសពីនេះទៀត សម្តេចក្រឡាហោម បានស្នើឱ្យអង្គពិធី ក៏ដូចជាសិស្ស និស្សិតទាំងអស់ដែលបានចូលរួមក្នុងទិវាសប្តាហ៍សុវត្ថិភាពចរាចរណ៍លើកទី១២នេះ ពេលត្រឡប់ទៅវិញ សូមជួយផ្សព្វផ្សាយដល់បងប្អូនមិត្ដភក្ដិ និងខិតខំអនុវត្តវិធានការសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន និងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើចរាចរណ៍តាមផ្លូវជាប្រចាំគ្រប់ពេល និងគ្រប់ទីកន្លែង។

នៅចុងបញ្ចប់នៃកម្មវិធី សម្តេចក្រឡាហោមបានអញ្ជើញបំពាក់មួកសុវត្ថិភាពជានិមិត្តរូបដល់កងកម្លាំង នគរបាល កងកម្លាំងរាជអាវុធហត្ថ លោកគ្រូ អ្នកគ្រូ សិស្ស កាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា និងកាយរិទ្ធសរុបចំនួន១៦នាក់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ