ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តកូរ៉េដឹកទំនិញ  ជាន់ហ្វ្រាំងមិនស៊ី ជ្រុលទៅបុករថយន្ត២គ្រឿងបន្តកន្ទុយគ្នា

3 ខែ មុន 38 តូ សុផល

ភ្នំពេញ៖ សូមមេត្តាឱស្សាហ៍ឆែកមើលគ្រឿងក្រោមរថយន្តឲ្យបានញឹកញាប់ផង មានគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ រថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ដឹកប៉ិគួកទម្ងន់ជាង៤តោន យកទៅដាក់ឲ្យម៉ូយ បើកលឿនពេក ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុករថយន្ត២គ្រឿង បណ្តាលឲ្យខូចខាតយ៉ាងដំណំ ទី១.រថយន្ត Mercedes GLK 350 និងទី២.រថយន្ត Highlander តែសំណាងល្អមិនបង្កឲ្យមានមនុស្សណាម្នាក់ រងរបួសនោះទេ កាលវេលាម៉ោង១១:២០នាទីថ្ងៃត្រង់  ថ្ងៃអាទិត្យ  ទី០៩ ខែមិថុនា  ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ២ ទល់មុខ សាខា  ចាន់ឃីម  លក់សំបកកង់រថយន្ត ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ ថា នៅមុនកើតហេតុ គេឃើញរថយន្តមួយគ្រឿង  ម៉ាក Highlander ពណ៌ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ  2N-3231 បើកបរដោយនារីរូបស្រស់២នាក់  ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២  ទិសដៅពីត្បូងទៅជើង ក្នុងលឿនមិនសូវលឿនប៉ុន្មានទេ  លុះមកដល់ចំណុចកើតហេតុ  មានមនុស្សដើរឆ្លងផ្លូវ ទើបបន្ថយល្បឿន បើកទៅមុខយឺតៗ  និងមានរថយន្តមួយគ្រឿងទៀតម៉ាក Mercedes GLK 350 4Matic ពណ៍ស  ពាក់ស្លាកលេខភ្នំពេញ  2O-1958 បើកបរដោយស្ត្រីម្នាក់  និងមានមនុស្សប្រុសស្រីក្មេងចាស់ (លក្ខណៈ គ្រួសារ )៥-៦នាក់ទៀត  រួមដំណើរលើរថយន្ត បានបើកស្របទិសគ្នាមកពីក្រោយនិងបានបន្ថយល្បឿនយឺតៗដែរ ស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៍ខៀវ  ពាក់ស្លាកលេខភ្នំពេញ 2Q-6594 ដឹកប៉ិគួកទម្ងន់ជាង៤តោន យកទៅដាក់ឲ្យម៉ូយ  បើកលឿន ពេក ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្ត  Mercedes ពេញមួយទំហឹង  រុញទៅបុករថយន្ត Highlander ដែលនៅពីមុខគេនោះ  បណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ តែពុំបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ  គ្រាន់តែអ្នករួមដំណើរទាំងក្មេងទាំងចាស់  សុទ្ធតែស្រីៗ មានការភ័យតក់ស្លត់បន្តិចផងដែរ ។ ធ្វើឲ្យមានការកកស្ទះចរាចរណ៍បន្តិចដែរ  ហើយដោយមានប្រជាពលរដ្ឋ រាយការណ៍ ប្រាប់សមត្ថកិច្ច មូលដ្ឋានប៉ុស្តិ៍ចាក់អង្រែក្រោម បានដឹងផងដែរ។

បន្ទាប់ពីទទួលបាន ដំណឹងភ្លាម  លោកអនុសេនីយ៍ឯក  វុឌ្ឈ  ផូសារវ័ន្ត  នាយប៉ុស្តិ៍ ចាក់អង្រែក្រោម  បានដឹកនាំកម្លាំងចុះទៅជួយអន្តរាគមន៍  និងជួយសម្រួលចរាចរណ៍ ភ្លាម ដោយសារតែមិនមានអ្នករងរបួស  លោកបានបញ្ជាឲ្យ កម្លាំងយកថ្នាំមកបាញ់គំនូស  រួចឲ្យម្ចាស់រថយន្តរងគ្រោះទាំងពីរគ្រឿង  បើករថយន្តយកមកដាក់លើចិញ្ចើមផ្លូវសិន  ចំណែករថយន្តបង្ក  លោកបាននាំគ្នាជួយគាស់ទ្វាអោយ រថយន្តបើកមកអែបខាងសិន ដើម្បីដោះស្រាយមួយជំហានសិន  និងដើម្បីសម្រួលចរាចរណ៍កុំអោយមានការកកស្ទះផងដែរ ។

តាមសម្ដីបុរសម្ចាស់រថយន្តកូរ៉េដឹក ប៉ិគួកបានប្រាប់ថា នៅមុនកើតហេតុ  រូបគាត់បានបើករថយន្តកូរ៉េដឹក មួយគ្រឿងដែលបង្កហេតុ ពណ៍ខៀវ  ពាក់ស្លាកលេខភ្នំពេញ  និងស្ត្រីម្នាក់ទៀតជាបងស្រីរួមដំណើរជាមួយ ដោយដឹកប៉ិគួកពេញលើរថយន្ត ពីស្អាងយកទៅដាក់ឲ្យម៉ូយនៅផ្សារនាគមាស ដោយបានធ្វើដំណើរតាមផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ ក៏មានរថយន្ត២គ្រឿង កំពុងបើកយឺតៗបន្តកន្ទុយគ្នា ដោយសារខាងមុខមានមនុស្សដើរឆ្លងផ្លូវ ហើយរូបគាត់បានជាន់ហ្វ្រាំង ដើម្បីបន្ថយល្បឿន តែមិនដឹងរថយន្តយ៉ាងម៉េច  បានជាហ្វ្រាំងជាន់៤ទៅ៥ជើងហើយ  នៅតែមិនស៊ី ហើយមិនហ៊ានកាច់ចង្កូតទៅខាងណា  ទើបជ្រុលទៅបុករថយន្ត Mercedes ពណ៍ស  ពីក្រោយពេញទំហឹង   ហើយរុញរថយន្ត Mercedes នោះបន្តទៅបុករថយន្ត Highlander ពណ៍ខ្មៅ មួយគ្រឿងទៀត ជាប់គ្នាកណ្ដាលផ្លូវតែម្ដង បណ្ដាលឲ្យខូចខាតខាងមុខខាងក្រោយយ៉ាងដំណំ ។

ក្រោយកើតហេតុបុរសម្នាក់ជាតំណាងភាគីរថយន្តបង្កហេតុ  បានចេញមកដោះស្រាយដល់រថយន្តទាំងពីរគ្រឿងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ។

លោកមេប៉ុស្តិ៍  ក៏បានណែនាំដល់ភាគីខាងរថយន្តបង្ក សូមមេត្តាឱស្សាហ៍ឆែកមើលគ្រឿងក្រោមរថយន្តឲ្យបានញឹកញាប់ផង នេះសំណាងហើយ បុកនៅថ្ងៃឈប់សម្រាក ពុំមានសិស្សសាលា  ឬយានយន្តច្រើន តែបើសិនបើថ្ងៃធម្មតា មានក្មេងៗសិស្សសាលា ធ្វើដំណើរចេញពីសាលារៀនវិញ ច្បាស់ជាគ្រោះថ្នាក់ធំជាងនេះមិនខាន  ជាពិសេសទីប្រជុំជនតែម្ដង ដូច្នេះហើយ សូមការពារគ្រោះថ្នាក់យថាហេតុ ៕  (ដោយ៖ ម៉េង )

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ