ព្រឹតិ្តការណ៍ថ្មីៗ

សំណុំរឿង បើករថយន្តបំបុកមនុស្ស២នាក់ស្លាប់ និងរបួសធ្ងន់ នៅស្ពានដែកចំការដូង ពេលនេះ………

3 ខែ មុន 64 តូ សុផល

ភ្នំពេញ៖ ករណីបើកឡានបំបុកគេស្លាប់ រត់ទៅសម្ងំនៅផ្ទះធ្វើមិនដឹង ព្រោះគិតថាគ្មានអ្នកស្គាល់! តែមិននឹកស្មានដល់ថាអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌដង្កោ ដែលសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុង  នគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តកំពត តាមស្រាវជ្រាវចាប់ខ្លួន២ នាក់ហើយជាបន្តបន្ទាប់ដោយម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ដោយកម្លាំងកងរាជវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបាន និងម្នាក់ទៀត ត្រូវបានចាប់ខ្លួន នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ដោយនគរបាលខណ្ឌដង្កោ ដែលសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពតជាអ្នកបង្ក្រាបបាន។

សូមបញ្ជាក់ថាករណីខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៣យប់ថ្ងៃទី២៧ ឈានចូល២៨ ខែមេសា ឆ្នាំ២០១៩ ដោយមានករណីឃាតកម្ម យ៉ាងតក់ស្លុតមួយ បង្កដោយជនសង្ស័យ០១ក្រុម បើករថយន្តម៉ាកហាយឡែនឌ័រ ០២ គ្រឿង (មួយគ្រឿងពណ៌ទឹកប្រាក់និងមួយគ្រឿងទៀត ពណ៌ទឹកមាស) បានបើកបំបុកជនរងគ្រោះ០២នាក់ បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ នៅចំណុចស្ពាន ដែក ផ្លូវចំការដូង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រោយពេលកើតហេតុ ជនសង្ស័យបានគេចខ្លួនដោយសុវត្ថិភាព និងធ្វើឲ្យមហាជន ថ្កោលទោសធ្ងន់ធ្ងរ ចំពោះជនសង្ស័យ ។

ស្រាប់តែក្រោយមកត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បង្ហើបឲ្យដឹងថា ជនសង្ស័យម្នាក់ ដែលជាជនដៃដល់ ត្រូវបាននាំខ្លួនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់ទៅហើយ កាលរសៀលពីថ្ងៃទី១៦ខែឧសភា ឆ្នាំ២០១៩ ក្រោយអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការ ស្រាវជ្រាវប្រមូលភស្តុតាង និងស្វែងរកអត្តសញ្ញាណ ជនសង្ស័យយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ អាវុធហត្ថរាជធានីភ្នំពេញ ឈានដល់ ធ្វើការឃាត់ខ្លួនជនដៃដល់ម្នាក់ឈ្មោះ រិន សេងរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនិងអាស័យដ្ឋានបច្ចុប្បន្នរស់នៅ ភូមិខ្នាយកូវ ឃុំត្នោត ស្រុកកញ្ច្រៀវ ខេត្តព្រៃវែង។

លុះនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុង  នគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដែលសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត ស្រាវជ្រាវចាប់ខ្លួនបានបក្ខពួកម្នាក់ទៀតហើយ មានឈ្មោះ រិន រ៉េត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរត់តាក់ស៊ី ស្នាក់ផ្ទះជួលភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបនិងចាប់ខ្លួនបាន នៅចំណុចជើងភ្នំ ភូមិអង្គរំដួល ឃុំអង្គជ័យ ស្រុកអង្គជ័យ ខេត្តកំពត បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ រាជធានីភ្នំពេញតែម្តង។ ក្នុងនោះសមត្ថកិច្ចដកហូតបានរថយន្តហាយឡែនឌ័រមួយគ្រឿង និងស្លាកលេខរថយន្ត២ រួមមាន ភ្នំពេញ 2AT-7825 ចំនួន២បន្ទះផងដែរ។

ជនសង្ស័យបានសារភាពថា នៅថ្ងៃកើតហេតុរូបខ្លួននិងមិត្តភក្តិ០៧នាក់ផ្សេងទៀត បាននាំគ្នាផឹកស្រាបៀរ អស់០២កែស នៅផ្ទះរបស់ឈ្មោះ ថៃ រិទ្ធី រហូតដល់ម៉ោង០០និង១០យប់ ក៏នាំគ្នាទៅច្រៀងខារ៉ាអូខេ នៅឌីយ៉ាម៉ង ម្តុំស្ពានដែក ផ្លូវចំការដូង បន្តទៀត។ លុះដល់ម៉ោង ០២និង៣០យប់ ពួកគេក៏បានចេញពីច្រៀងវិញឡើងជិះរថយន្តរៀងៗខ្លួន ស្រាប់តែពេលនោះ មានបុរស ម្នាក់ឈរនៅចិញ្ចើមផ្លូវ “បាននិយាយថា ពួកហែងស្អីគេ មានឡានប៉ុណ្ណឹងឲ្យគេបើកទ្វារឲ្យ! អស្ចារ្យម្លេះ?” ឭដូច្នេះខ្លួន ក៏បាន ចុះពី រថយន្ត ទៅតវ៉ាជាមួយបុរសនោះ ហើយបុរសនោះក៏និយាយបន្តថា “ពួកហែងអស្ចារ្យអី? អាចុយម្រាយ!” ទន្ទឹមគ្នានោះ មិត្តភក្តិ របស់ខ្លួនឈ្មោះ រិន បូរ៉ា ក៏បានស្ទុះទៅវាយបុរសនោះតែម្តង ហើយសន្តិសុខនៅទីនោះក៏បានចូលមកឃាត់ រីឯបុរសនោះក៏ រត់គេច ខ្លួនបាត់។ ស្រាប់តែក្រោយមកបុរសនោះ ក៏បានត្រឡប់មកវិញដោយមានបក្ខពួក០២នាក់ កាន់សុទ្ធតែដាវនិងដែកថ្នាំងអំពៅ មកជាមួយផងដែរ ដោយដើរសំដៅមករកពួកខ្លួន ហើយខ្លួនក៏បើកឡានចេញ ស្រាប់តែបុរសនោះនិងបក្ខពួកធ្វើសកម្មភាពដេញកាប់ មិត្តភក្តិខ្លួន ទើបខ្លួនបើករថយន្តបំបុកក្រុមបុរសនោះ បណ្តាលឲ្យដួលលើដី ហើយខ្លួនក៏ ហៅបក្ខពួកឡើងរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុតែម្តង។ ស្រាប់តែថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ពេលខ្លួនកំពុងពុះអុសនៅផ្ទះឯស្រុកកំណើត ក្នុងខេត្តព្រៃវែង ក៏ស្រាប់តែសមត្ថកិច្ចចុះមកឃាត់ខ្លួន ជនសង្ស័យឈ្មោះ រិន សេងរ៉ា ដល់ផ្ទះតែម្តងទៅហើយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដែលសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពតចុះទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ រិន រ៉េត បានម្នាក់បន្ថែមទៀតតែម្តង ដោយដកហូតបានរថយន្តហាយឡែនឌ័រមួយគ្រឿង និងស្លាកលេខរថយន្ត២ រួមមាន ភ្នំពេញ 2AT-7825 ចំនួន២បន្ទះផងដែរ។ ដោយ៖ ម៉េង

បច្ចុប្បន្នជនសង្ស័យឈ្មោះ រិន រ៉េត ខាងលើ ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឃាត់ខ្លួន បណ្តោះអាសន្នធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការនិងផ្តន្ទាទោសតាមច្បាប់បន្តទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ