ព្រឹតិ្តការណ៍ថ្មីៗ

រកឃើញអាវុធខ្លី២ដើម! ដកហូតម៉ូតូ២០គ្រឿង ទៅធ្វើការផាកពិន័យ  ព្រោះអ្នកបើកបរ ស្រវឹងស្រា និងអត់ពាក់មួក អត់ដាក់កញ្ចក់ !

2 ខែ មុន 346 តូ សុផល

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ  សម្រេចធ្វើការ ឃាត់ម៉ូតូ ២០គ្រឿងទៀតហើយ  ខណៈដែល ម្ចាស់ជិះឆ្លងកាត់ គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ ជាតិអាកុលនិងពង្រឹង ច្បាប់ចរាចរណ៍ ផ្លូវគោក  ហើយបានរកឃើញថា អ្នកទាំងនោះបានពិសារគ្រឿង ស្រវឹង លើសច្បាប់ ដែលត្រូវ ផាកពិន័យ   រួមទាំងអត់ពាក់មួកការពារសុវត្ថិភាព និងអត់ដាក់កញ្ចក់ ។

មន្ត្រីអនុវត្ត ច្បាប់ចរាចរណ៍ ផ្លូវគោករបស់ខណ្ឌមានជ័យ បានរៀបរាប់ប្រាប់ថា  កម្លាំងនគរបាលចម្រុះនៃអធិការដ្ឋានខណ្ឌមានជ័យ ដោយមានការបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ទោ  ម៉េង  វិមានតារា  អធិការនគរបាលខណ្ឌមានជ័យ  ដឹកនាំដោយអធិការរង៤រូប មាន លោក វរសេនីយ៍ត្រី គង់ សុវង្ស  និងលោក វរសេនីយ៍ត្រី ណឹប  វិបូ  និងលោកវរសេនីយ៍ត្រី ជឹម សុភ័ក្រ  និងលោកវរសេនីយ៍ទោ នូ  ទីន បានចុះដាក់ គោលដៅ ត្រួតពិនិត្យ អាវុធជាតិផ្ទុះ និង ជាតិអាកុល និងអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក នៅចំណុចមុខអតីតខារ៉ាអូខេ ឡាវេហ្គាស់ (La Vegas) លើកំណាត់ផ្លូវលេខ២៧១ ភូមិក្បាលទំនប់  សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់ពីម៉ោង៩:០០នាទី ដល់ម៉ោង១១:០០នាទីយប់ ថ្ងៃសុក្រ  ទី៧ ខែមិថុនា  ឆ្នាំ២០១៩នេះ។

មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ដដែលបន្តថា ជា លទ្ធផល  រថយន្តគ្រប់ប្រភេទ ឆ្លងកាត់គោលដៅត្រួតពិនិត្យ ចំនួន ៦៧គ្រឿង។

ម៉ូតូគ្រប់ប្រភេទ ឆ្លងកាត់គោលដៅត្រួតពិនិត្យ ចំនួន១៤៦គ្រឿង (ក្នុងនោះដកហូតចំនួន២០គ្រឿង ដែលអ្នកបើកបរ គ្មានពាក់មួកសុវត្ថិភាព កញ្ចក់សម្រាប់មើលក្រោយ និងខុសបច្ចេកទេស យកទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីផាកពិន័យតាមនីតិវិធី)។ និងរថយន្ត២គ្រឿង បានធ្វើការត្រួតពិនិត្យ ព្រមទាំងធ្វើការអប់រំណែនាំសូម ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា  ។

ចំណែកឯគ្រឿងញៀន ពុំមានឆ្លងកាត់ទេ តែមានអាវុធខ្លី ឆ្លងកាត់គោលដៅត្រួតពិនិត្យ ចំនួន ២ដើម ម៉ាក CF98 ដូចគ្នា លេខ 006029 និងលេខ 005455  ជារបស់មន្រ្តីយោធា អង្គរក្ស សម្ដេច មានលិខិតអនុញ្ញាត្តឲ្យប្រើប្រាស់ និងលិខិត បេសកកម្ម ត្រឹមត្រូវ ។

ចំពោះ លទ្ធផល ត្រួតពិនិត្យ ជាតិអាកុល  មានជាតិ អាកុលក្រោម ០,២៥ មិល្លីក្រាម  ក្នុង ១ លីត្រ ខ្យល់  មានត្រឹមកម្រិត អប់រំ ៣គ្រឿង បានធ្វើការអប់រំណែនាំ រួចអនុញាតិឲ្យបន្តដំណើរ។

បច្ចុប្បន្នម៉ូតូចំនួន២០គ្រឿង ដែលមានម្ចាស់បើកបរ មិនពាក់មួកសុវត្ថិភាព និងមិនដាក់កញ្ចក់សម្រាប់មើលក្រោយ និងខុសបច្ចេកទេស ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ  អូសឡើងរថយន្តយកទៅរក្សាទុកបណ្ដោះអាសន្ន  នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការផាកពិន័យតាមនីតិវិធី៕ (ដោយ៖ ម៉េង )

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!