ព្រឹតិ្តការណ៍ថ្មីៗ

ផ្កាយ៣ ស ថេត ដឹកនាំកម្លាំងបង្ក្រាបគ្រឿងញៀន ទ្រុងទ្រាយធំទៀតហើយ!

4 ខែ មុន 568 តូ សុផល

រាជធានីភ្នំពេញ​ ៖ រឿងរ៉ាវដ៏កក្រើកក្រុងភ្នំពេញ កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ​ សហការជាមួយនគរបាលមូលដ្ឋាន​ខណ្ឌដូនពេញ​ បេីកប្រតិបត្តិការ​លក្ខណៈទ្រង់ទ្រាយធំ ចុះបង្រ្កោបទីតាំងគ្រឿងញៀនមួយដ៏ធំ​ទៀតហេីយ​ ក្នុងរាជធានីភ្នំពេញ​គឺ ក្លឹបកម្សាន្តរាត្រី​ លុច្សសារី​ (Luxurious)​ ដោយធ្វេីការឃាត់ខ្លួន​បុគ្គលិក និង​អ្នក​ពាក់ព័ន្ធ​ជាង​៤០០​នាក់។ 

ប្រតិបត្តិការ​បង្ក្រាបទីតាំងគ្រឿងញៀនដ៏ធំមួយទៀតនេះធ្វេីឡេីងនាវេលាម៉ោង២យប់រំលងអាធ្រាតឈានចូលថ្ងៃសៅរិ៍​ ទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ស​ ថេត​ និង​លោក​អភិបាលរងសាលារាជធានីភ្នំពេញ​ ព្រមទាំងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រួមជាមួយសមត្ថកិច្ចមូលដ្ឋាន​ ដឹកនាំដោយឧត្តមសេនីយ៍ត្រី សុង​ លី ស្នងការរង ទទួលផែនព្រហ្មទណ្ឌ ​បានឆ្មក់បង្រ្កាបក្លឹបកម្សាន្តរាត្រីមួយកន្លែងយីហោ លុច្សសារី​(Luxurious) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៥៣ តាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

បច្ចប្បន្ន​បន្ទាប់ពីត្រួតពិនិត្យក្លឹបខាងលេីនេះរួច បានរកឃេីញសារធាតុញៀនមួយចំនួន​ និងសម្រេចបិទក្លឹបជាបណ្តោះអាសន្ន​ ចំណែកមនុស្សប្រុសស្រីជាង៤០០នាក់ (ក្នុងនោះមានទាំងបុគ្គលិក​ ជនជាតិចិន​ និងជនជាតិវៀតណាម) ត្រូវបានឃាត់ខ្លួន​ បញ្ជូន តាមរថយន្តក្រុង​រដ្ឋាកស្វយ័តដឹកជញ្ជូនរាជធានី​ភ្នំពេញ​ (City Bus) ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរងចាំជំនាញធ្វេីតេស្តពិនិត្យទឹកនោម​ រក​សារធាតុញៀន​ និងបែងចែក​តាមប្រភេទបទល្មេីសដែលពាក់ព័ន្ធ​ ដេីម្បីកសាងសុំណំរឿង​បន្តតាមនីតិវិធី​ ។ 

ក្លឹបកម្សាន្ត «លុច្សសារី» ជាក្លឹបកម្សាន្តមួយ ក្នុងចំណោមក្លឹបកម្សាន្តជាច្រើននៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានបិទជាបន្តបន្ទាប់ក្រោយពីសមត្ថកិច្ចបានចូលឆែកឆេររកឃើញមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចាប់តាំងពីលោក ស ថេត ចូលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៨។​ ហេីយប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីបុរសម្នាក់ចូលទៅលេងក្នុងក្លឹបនេះ ហើយមានការផ្ទុះអាវុធបណ្តាលឱ្យនារីម្នាក់រងរបួសភ្លៅ៕

យ៉ាងណាមិញ​ ចំពោះព័ត៌មានលម្អិត​ TNN នឹងបន្ថែមជូននៅព្រឹកនេះបន្តទៀត!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ