ព្រឹតិ្តការណ៍ថ្មីៗ

ទទួលបានព័ត៌មានថា មានក្រុមហ៊ុន កាយផ្តាច់ផ្លូវចូលទៅកាន់ឆ្នេរប្រាក់ មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ក្រុមការងារចម្រុះរបស់ខេត្តព្រះសីហនុ បានចុះទៅពិនិត្យជាក់ស្តែង

1 សប្តាហ៍ មុន 47 តូ សុផល

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារចម្រុះរបស់ខេត្តព្រះសីហនុ ដឹកនាំដោយលោក ឈិន សេងងួន អភិបាលរងខេត្ត និងប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះទៅតំបន់វិនិយោគរបស់ក្រុមហ៊ុន យិៈចៀ ធួរីហ្សឹម ឌីវេឡុបមេន ខមភេនី ដែលមានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិព្រះសីហនុ រាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលការកាយផ្លូវរបស់ក្រុមហ៊ុនត្រង់ចំណុចជុំកណ្តាល ដែលកន្លងមកត្រូវ បានអ្នកសារព័ត៌មានមួយក្រុម ចោទថា ក្រុមហ៊ុនបានកាយផ្តាច់ផ្លូវចូលទៅកាន់ឆ្នេរប្រាក់ មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។ ការត្រួតពិនិត្យជាក់ស្តែងនៅកន្លែងផ្លូវជុំកណ្តាល តំណាងក្រុមហ៊ុនយិៈចៀ បានបញ្ជាក់ថា ក្រុមហ៊ុនបានសាងសង់ផ្លូវនេះ ដើម្បីភ្ជាប់ចរាចរណ៍ពីផ្លូវជុំកណ្តាលរបស់ក្រុមហ៊ុនចូលទៅកាន់ទីតាំងគម្រោងនានានៅឆ្នេរប្រាក់។

នៅរដូវវស្សា ទឹកភ្លៀងដែលហូរពីទួលភ្នំម្ខាងនៃផ្លូវ បានហូរកាត់លើផ្លូវធ្លាក់ទៅតំបន់ទំនាបម្ខាងទៀតនៃផ្លូវ។ ដើម្បីការពារកុំឱ្យខូចផ្លូវ ក្រុមហ៊ុនកំពុងរៀបចំសាងសង់លូទ្រីបកាត់ទទឹងផ្លូវដោះទឹកភ្លៀង គឺមិនមែនកាត់ផ្តាច់ផ្លូវមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរនោះទេ។

យោងតាមការបញ្ជាក់របស់លោកមេភូមិរាម លោកមេឃុំរាម និងមន្ត្រីឧទ្យានុរក្ស បានលើកឡើងថា ពីមុនទីនេះមិនមានផ្លូវទេ បើចង់ទៅឆ្នេរប្រាក់ គឺត្រូវជិះទូកតាមសមុទ្រ ហើយទីតាំងឆ្នេរប្រាក់នេះទៀតសោតគឺមិនមានប្រជាពលរដ្ឋរស់នៅទេ។

ក្នុងឱកាសនោះ លោក ឈិន សេងងួន បានណែនាំដល់តំណាងក្រុមហ៊ុនយិៈចៀ ត្រូវដាក់ស្លាកសញ្ញាការដ្ឋានគម្រោងនៅដើមផ្លូវបំបែកផ្លូវជុំកណ្តាល និងនៅទីតាំងការដ្ឋានសាងសង់លូទ្រីបដើម្បីសាធារណជនបានជ្រាប។

បន្ទាប់ពីពិនិត្យ និងសាកសួរព័ត៌មានរួចរាល់ ក្រុមការងារចម្រុះខេត្ត និងប្រតិភូក្រសួងបរិស្ថាន បានបន្តចុះទៅពិនិត្យទីតាំងមួយកន្លែងទៀតស្ថិតក្នុងតំបន់វិនិយោគរបស់ក្រុមហ៊ុនយិៈចៀ ដដែល ដែលទីតាំងនោះត្រូវបានប្រជាពលរដ្ឋមួយក្រុម ចោទថាក្រុមហ៊ុនបានកាយផ្តាច់ផ្លូវរបស់ប្រជាពលរដ្ឋ។ បើតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុនយិៈចៀ និងអាជ្ញាធរមូលដ្ឋាន ថា បងប្អូនប្រជាពលរដ្ឋទាំងនោះនៅទីតាំង(តំបន់ឆ្កែកាច) គឺស្ថិតនៅក្នុងតំបន់វិនិយោគរបស់ក្រុមហ៊ុន អេវើហ្រ្គីន សាក់សេស អេន អេស៊ា រីសត ឌីវេឡុបមេន គឺ មិនស្ថិតនៅក្នុងដីវិនិយោគរបស់ក្រុមហ៊ុនយិៈជា ទេ ហើយពួកគាត់ប្រើផ្លូវនៅខាងត្បូងភ្នំទទឹងឆ្ពោះទៅកាន់ភូមិស្មាច់ដែង ដោយកាត់តាមដីវិនិយោគរបស់ក្រុមហ៊ុន ម៉ូហ៊ីបា។

ដោយឡែកចំពោះផ្លូវដែលកាត់តាមដីវិនិយោគរបស់ក្រុមហ៊ុនយិៈចៀ នេះ ពីមុនមិនមែនជាផ្លូវទេ។ បន្ទាប់ពីក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនបានសង់ប៉ុស្ត៍យាមនៅចំណុច១៩ សម្រាប់បុគ្គលិកក្រុមហ៊ុននិងមន្ត្រីឧទ្យានជាតិ យាមប្រចាំការ ហើយក្រុមហ៊ុនបានត្រួសត្រាយព្រៃធ្វើជាផ្លូវលំដើម្បីងាយស្រួលក្រុមល្បាតធ្វើដំណើរនិងដើរយាមល្បាតការពារព្រៃនៅក្នុងទីតាំងដីវិនិយោគរបស់ក្រុមហ៊ុន។

ថ្មីៗនេះ ក្រុមហ៊ុនកំពុងដំណើរការអភិវឌ្ឍគម្រោងផ្ទះលំហែនៅលើទីតាំងនេះដែលមានផ្ទៃដីទំហំ១០០ហិកតា និងកំពុងសាងសង់ផ្លូវថ្មីមួយខ្សែទៀតអមជាមួយផ្លូវមេរបស់ក្រុមហ៊ុន(ធ្វើជាផ្លូវភ្លោះ) ទើបក្រុមហ៊ុនឈូសឆាយកាយផ្លូវលំនេះចេញវិញ។

បន្ទាប់ពីស្តាប់ការបំភ្លឺរបស់តំណាងក្រុមហ៊ុនយិៈចៀ ធួរីហ្សឹម ឌីវេឡុបមេន ខមភេនី និងអាជ្ញាធរមូលដ្ឋាន រួចមក ឃើញថា ករណីព័ត៌មានចោទប្រកាន់ទាំងពីរខាងលើ គឺកើតចេញពីការយល់ច្រឡំ និងការផ្តល់ព័ត៌មាន ស្តីពីការអភិវឌ្ឍ នៅទីតាំងការដ្ឋានគម្រោងមិនទាន់បានទូលំទូលាយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!