ព្រឹតិ្តការណ៍ថ្មីៗ

ប្លែកៗ! បាត់ម៉ូតូរត់ទៅប្ដឹង តែប៉ូលិសប៉ុស្តិ៍បឹងត្របែក  ឆ្លើយថា ទៅវិញសិនទៅ ជាប់……ហើយ!

4 ខែ មុន 277 តូ សុផល

ភ្នំពេញ  ៖ ម្ចាស់ម៉ូតូ  កើតទុក្ខមិនសុខចិត្ត  ដោយសារចោរលួចម៉ូតូបាត់  មកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្របែក នៃអធិការដ្ឋាននគរបាលខណ្ឌចំការមនមន្ត្រីនគរបាលប៉ុស្តិ៍ប្រាប់ថា  ជាប់រវល់តាមចាប់បទល្មើសហើយ ហាក់បីដូចជាព្រងើយកន្តើយ មិនយកចិត្តទុកដាក់ អំពីបញ្ហាពលរដ្ឋទាល់តែសោះ ធ្វើឲ្យគាត់ថា លែងចង់ទៅដាក់ពាក្យបណ្ដឹងហើយ។

ហេតុការណ៍ចោរលួចម៉ូតូយកទៅបាត់ ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចនោះ បានកើតឡើង កាលពីវេលាម៉ោង១:២៣នាទីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ៤៥៦ កែងផ្លូវ៩៩ ស្ថិតនៅភូមិអំពិល ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន  រាជធានីភ្នំពេញ។

ម៉ូតូដែលត្រូវបានចោរលួចយកទៅបាត់នោះ ម៉ាកហុងដា ស្កុបពី ពណ៌ស ស៊េរី ២០១៤ ដោយម្ចាស់ ពាក់ស្លាកលេខភ្នំពេញ  2AP-6138 បានទុកម៉ូតូនៅមុខហាងរបស់គាត់ ហើយត្រូវបានជនសង្ស័យ ធ្វើសកម្មភាពលួចយកទៅបាត់ បង្កការភ្ញាក់ផ្អើលទាំងថ្ងៃតែម្ដង។

អ្វីដែលហួសចិត្តបំផុតនោះ គឺក្រោយពេលកើតហេតុរួច ម្ចាស់បានរត់ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្របែក ដើម្បីដាក់ពាក្យបណ្ដឹង ឲ្យជួយស្វែងរកម៉ូតូគាត់ បែរជាមន្ត្រីប៉ូលិសប៉ុស្តិ៍បឹងត្របែក ឆ្លើយមកវិញថា «ទៅវិញសិន ជាប់រវល់ចាប់បទល្មើសហើយ» ហាក់បីដូចជាព្រងើយកន្តើយ មិនយកចិត្តទុកដាក់  អំពីបញ្ហាពលរដ្ឋទាល់តែសោះ ធ្វើឲ្យគាត់ថា លែងចង់ទៅដាក់ពាក្យបណ្ដឹងហើយ។

សូមឲ្យលោក យិន សាន អធិការនគរបាលខណ្ឌចំការមន ជួយមើលមន្ត្រីក្រោមឱវាទរបស់លោកផង មេត្តាប្រើពេចន៍សមរម្យទៅលើពលរដ្ឋ កុំឲ្យពួកគាត់រិះគន់រឿងដដែលៗ ខណ:ដែលមួយរយ:ចុងក្រោយនេះ គេសង្កេតឃើញថា នៅខណ្ឌចំការមន មានចោរលួចចោរឆក់ ក្រុមក្មេងស្ទាវដេញវៃគ្នាផ្អើលពេញផ្លូវ សូមឲ្យលោកជួយជំរុញមន្ត្រីរបស់លោក យាមល្បាតពួនស្ទាក់ទាំងយប់ទាំងថ្ងៃផង។

ជាមួយគ្នានេះដែរ  កាលពីថ្ងៃ ទី៦ ខែមិថុនា ឆ្នាំ២០១៩ នៅមុខ ភោជនីយដ្ឋាន អាហារ ប៊ូ ហ្វេក្តៅ  បង្កង នាគ ផ្លូវ ព្រះមុនីវង្ស សង្កាត់ បឹងកេងកង១ ខណ្ឌចំការមន ភ្នំពេញ  ក៏មានករណីហួសចិត្តមួយកើតឡើងដែរ  គឺមន្ត្រីនគរបាលខណ្ឌចំការមន  ស្រែកថាក្មេងស្ទាវ មានគ្នា២នាក់ ជាចោរ  ខណៈពួកគេកំពុង ជិះម៉ូតូ ម៉ាក ស្កុបពី ធ្វើដំណើរ តាមផ្លូវ ព្រះមុនីវង្ស ក្នុងទិសដៅពី ត្បូងទៅជើង ខណៈមកដល់ចំនុចកើតហេតុ ក៏ស្រាប់តែ មាន បុរសម្នាក់ ដែល គេស្គាល់ថា ជានគរបាលខណ្ឌចំការមន  ព្រះនាម 20H ស្លៀកពាក់ ស៊ី វិល  បានជិះម៉ូតូឌុប ប្រពន្ធ និងកូនប្រុសម្នាក់ ធ្វើដំណើរ បញ្ច្រាសទិស ដៅចរាចរណ៍ហើយក៏បានស្រែក អោយពួកគេទាំង២នាក់ ថា ជា “ចោរ” រួចបានបត់ម៉ូតូជិះដេញតាមពួកគេ ហើយពួកគេ បានឈប់ម៉ូតូ ក៏ទាស់ពាក្យសំដី ទើបបុរសដែលគេស្គាល់ថា ជាសមត្ថកិច្ច នោះ វាយពួកគេមុន ហើយពួកគេបានហៅ គ្នីគ្នា មកវាយទៅវិញទៅមក បណ្តាលឲ្យមានរបួសស្នាមរៀងៗខ្លួន តែពេលនោះបុរសដែលគេស្គាល់ថា ជាសមត្ថកិច្ច នោះបានដកកាំភ្លើងខ្លី (មិនស្គាល់ម៉ាក ) មកគំរាមពួកគេ និងវាយមកលើពួកគេត្រូតែត្រូវ កម្លាំងសន្តិសុខ នៅក្បែរនោះ ជួយឃាត់ហើយបានដកកាំភ្លើងយកលាក់ទុកបាត់រួចហើយរត់គេចចូល ទៅ ក្នុង ហាង ខាងលើធ្វើពត់ជាសន្លប់ផងដែរ៕ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ