ព្រឹតិ្តការណ៍ថ្មីៗ

អ្នកហ៊ានបាញ់បោះសេរី ត្រូវអស់បុណ្យស័ក្ដិ និងយកទៅកាត់ទោស

3 ខែ មុន 503 តូ សុផល

ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានដាក់បទបញ្ជា និងព្រមានដកបុណ្យស័ក្ដិចោល ព្រមទាំងនាំខ្លួនយកទៅកាត់ទោសតាមផ្លូវច្បាប់ ចំពោះជនទាំងឡាយណាដែលពូកែខាងបាញ់បោះសេរី។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានយកសារព្រមានរបស់សម្ដេចតេជោ ហ៊ុន សែន មកបង្ហោះនៅលើ Facebook របស់លោកយ៉ាងដូច្នេះថា «អ្នកពូកែបាញ់បោះយកទៅញាត់គុក ទាំងអស់។ អ្នកហ៊ានបាញ់បោះ ត្រូវអស់បុណ្យស័ក្ដិ និងយកទៅកាត់ទោស»។

ជាការកត់សម្គាល់ អ្នកដែលបាញ់បោះសេរីជាពិសេស ក្នុងជួរកងកម្លាំងប្រដាប់អាវុធ តែងរងការចាប់ខ្លួនជាបន្ដបន្ទាប់ រហូតបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីកាត់ទោសតាមផ្លូវច្បាប់។

ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោក ឌួង ណាគ្រី ដែលបានបាញ់បោះសេរីទាំងកណ្ដាលអាធ្រាត្រ នៅខណ្ឌច្បារអំពៅ ក៏ត្រូវបានចាប់ខ្លួនបញ្ជូន ទៅកាត់តុលាការ រហូតមានការឃុំខ្លួនដាក់ពន្ធនាគារ បើទោះមានកិច្ចអន្ដរាគមន៍យ៉ាងណាក៏ដោយនោះ។

ដោយឡែក ករណីមួយទៀត កាលពីប៉ុន្មានថ្ងៃមុន មន្ដ្រីយោធាម្នាក់ ដែលបានបាញ់បោះនៅ ខារ៉ាអូខេ ប៊ីហ្គោ ក៏ត្រូវបានឃាត់ខ្លួន និងត្រូវតុលាការចេញដីកាដាក់ពន្ធនាគារផងដែរ។

ដូច្នេះតាមរយៈបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល នៅថ្ងៃនេះគឺជាសារដាស់តឿនថ្មីមួយ ចំពោះអ្នកប្រើប្រាស់កាំភ្លើងត្រូវមានការប្រុងប្រយ័ត្ន និងជៀសឲ្យផុតពីបទល្មើសមួយនេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ