ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ៖ ខ្មែរយើងមានភ័ព្វវាសនា និងមានមោទនភាពខ្ពង់ខ្ពស់ ដោយសារបុព្វបុរសខ្មែរបានបន្សល់ទុកនូវយុទ្ធគុន យុទ្ធសិល្ប៍ និងយុទ្ធសាស្ត្រសំបូរបែប

1 សប្តាហ៍ មុន 46 តូ សុផល

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីបើកសិក្ខាសាលាប្រកាសឱ្យប្រើប្រាស់ និងផ្សព្វផ្សាយសៀវភៅក្បាច់គុនកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០១៩ នេះ បានថ្លែងថា៖ ខ្មែរយើងមានភ័ព្វវាសនា និងមានមោទនភាពខ្ពង់ខ្ពស់ ដោយសារបុព្វបុរសខ្មែរបានបន្សល់ទុកនូវយុទ្ធគុន យុទ្ធសិល្ប៍ និងយុទ្ធសាស្ត្រសំបូរបែប ដូចមានតឹកតាងបញ្ជាក់តាមរយៈចម្លាក់នៅតាមប្រាង្គប្រាសាទនានា ដើម្បីទុកជាកេរដំណែលឱ្យកូនចៅជំនាន់ក្រោយធ្វើជាអាវុធការពារខ្លូន និងការពារទឹកដីឱ្យបាននៅបន្តគង់វង្សដល់សព្វថ្ងៃ។ យើងទាំងអស់គ្នាសូមគោរពបួងសួងដល់ព្រលឹងបុព្វបុរសដូនតាខ្មែរ សូមបន្តនៅឃុំគ្រងថែរក្សា និងសណ្ឋិតក្នុងខ្លួនយោធិនយើងទាំងអស់គ្នាឱ្យមានភាពអណត់អត់ធ្មត់ព្យាយាមហ្វឹកហាត់ក្បាច់គុនកងយោធពលខេមរភូមិន្ទឱ្យសម្រេចបានជោគជ័យ និងមានស្មារតីប្រយុទ្ធមោះមុតអង់អាចក្លាហាន ត្រៀមការពារជាតិប្រជាជន និងទឹកដី ជាពិសេសការពារសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមម្លប់រដ្ឋធម្មនុញ្ញ និងមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការប្រើប្រាស់ក្បាច់គុនក្នុងជួរកងទ័ពនេះ គឺជាភាពចាំបាច់ និងជាអាទិភាពមួយក្នុងចំណោមអាទិភាពផ្សេងៗទៀតនៃយុទ្ធសាស្ត្រយោធា។ ទោះបីកងទ័ពមានអាវុធយុទ្ធភណ្ឌទំនើបយ៉ាងណាក៏ដោយ បើយោធិនម្នាក់ៗមានសុខភាពផ្លូវកាយ ឬស្មារតីទន់ជ្រាយ នោះនឹងក៏មិនអាចតស៊ូប្រយុទ្ធដោយប្រើប្រាស់អាវុធទំនើបទាំងនោះបានដែរ។ ផ្ទុយទៅវិញបើយោធិនយើងម្នាក់ៗ មានកាយសម្បទារឹងមាំ មានស្មារតីប្រយុទ្ធមោះមុត និងស្វាហាប់រស់រវើក នោះបានន័យថាកងទ័ពយើងមានសមត្ថភាពពិតប្រាកដប្រកបដោយគុណភាព ដោយអាចពង្រឹងប្រៀបឈ្នះលើគ្រប់សមរភូមិជាក់ជាមិនខាន។ ដូចនេះ ការហ្វឹកហាត់ក្បាច់គុន គឺជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាពក្នុងការកសាងគុណភាពផ្លូវកាយ គុណភាពផ្លូវចិត្ត និងយុទ្ធវិធីត្រៀមប្រយុទ្ធ និងប្រយុទ្ធរបស់យោធិនប្រកបដោយលក្ខណៈបច្ចេកទេស និងគុណតម្លៃផ្នែកស្មារតីកម្រិតខ្ពស់។

សៀវភៅក្បាច់គុណនៃកងយុទ្ធពលខេមរៈភូមិន្ទ គឺជាករណីពិសេសមួយ ពិសេសត្រង់ថា វាមិនគ្រាន់តែជាឯកសារសម្រាប់មកវិញនោះទេ។ប៉ុន្តែវាខុសពីឯកសារផ្សេងៗទៀតត្រង់ថានេះគឺជារបស់ខ្មែរសុទ្ធជារបស់ដែលបុព្វបុរសខ្មែរយើងបានចងក្រងឡើងតាំងពីមុន ឥឡូវស្រាវជ្រាវរៀបចំចងក្រងឡើងវិញដៃកូនខ្មែរសុទ្ធសមត្ថភាពខ្មែរសុទ្ធរៀបចំដាក់ក្នុងកម្មវិធីហ្វឹកហ្វឺនរបស់កងទ័ពខ្មែរសុទ្ធនឹងត្រូវរៀបចំបណ្ដុះបណ្ដាលហ្វឹកហ្វឺនគ្រូខ្មែរសុទ្ធដល់កងទ័ពខ្មែរសុទ្ធ។ នេះគឺជាមោទនភាពជាតិរបស់យើងហើយ។

ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កងយោធពលខេមរភូមិន្ទ ដោយយើងនឹងចាប់ផ្ដើមដាក់ឱ្យអនុវត្ត និងផ្សព្វផ្សាយសៀវភៅក្បាច់គុនកងយោធពលខេមរភូមិន្ទ ដែលយើងទាំងអស់គ្នាបានខិតខំប្រឹងប្រែងរួមគ្នាជីកកកាយ និងរៀបចំចងក្រងបញ្ចប់ជាស្ថាពរ ហើយដែលឯកសារនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះនៃមេរៀនក្បាច់គុនកងយោធពលខេមរភូមិន្ទសម្រាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអំពាវនាវដល់សាលាហ្វឹកហ្វឺន និងគ្រប់បណ្តាកងឯកភាព ក្នុងកងយោធពលខេមរភូមិន្ទ ត្រូវយកចិត្តទុកដាក់ខ្ពស់អនុវត្តផែនការ និងគោលការណ៍របស់ក្រសួងការពារជាតិក្នុងការផ្សព្វផ្សាយ និងរៀបចំដាក់ឱ្យដំណើរការកម្មវិធីហ្វឹកហាត់ក្បាច់គុន កងយោធពលខេមរភូមិន្ទ ដោយចាត់ទុកកិច្ចការនេះ គឺជាជាផ្នែកមួយនៃផែនការកែទម្រង់កងយោពលខេមរភូមិន្ទរបស់រាជរដ្ឋាភិបាលផងដែរ។

ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងថា សមិទ្ធផលដ៏មានសារៈសំខាន់នេះ បានកើតឡើងក្រោមចក្ខុវិស័យប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយសម្ដេចធ្លាប់បានប្រកាសជាសាធារណៈក្នុងពិធីបើកកម្មវិធីអង្គរសង្ក្រាន្តក្នុងខេត្តសៀមរាបកន្លងមក ដោយឱ្យក្បាច់គុនបុរាណខ្មែរ ពិសេសគុនល្បុក្កតោ ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីហ្វឹកហាត់របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ អាស្រ័យហេតុនេះ ថ្នាក់ដឹកនាំក្រសួងការពារជាតិបានបន្តយកចិត្តទុកដាក់ប្រគល់ភារកិច្ចឱ្យយើងទាំងអស់គ្នា រៀបចំបង្កើតក្បាច់គុនកងយោធពលខេមរភូមិន្ទ ដោយធ្វើសំយោគពីក្បាច់គុនបុព្វបុរសខ្មែរ ក្រោមកិច្ចសហការជាមួយសហព័ន្ធយុទ្ធគុនបុរាណខ្មែរទាំងបី គឺសហព័ន្ធកីទ្បាគុនល្បុកតោកម្ពុជា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធយុទ្ធក្រមខមកម្ពុជា រហូតលេចចេញជារូបរាងផ្លូវការតាមរយៈប្រកាសរបស់ក្រសួងការពារជាតិលេខ ០០១ ប្រក.កពជ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ស្តីពីការដាក់ឱ្យប្រើឯកសារក្បាច់គុនក្នុងកងយោធពលខេមរភូមិន្ទ។

កិច្ចបញ្ចប់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករឭកប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ជូនដល់គណៈអធិបតី ភ្ញៀវកិត្តិយស យោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលមានវត្តមាននៅទីនេះ ក្នុងសេចក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុត រួមជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់ និងការខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចក្នុងការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងការធានានូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈព្រមទាំងការចូលរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍជាតិ ក្នុងរយៈកាលកន្លងមកនេះ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!