ព្រឹតិ្តការណ៍ថ្មីៗ

រឿងធំហើយ! ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ជេរប្រមាថ កូនចៅក្នុងអង្គប្រជុំ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជាឲ្យស្រាវជ្រាវ

1 សប្តាហ៍ មុន 505 តូ សុផល

ភ្នំពេញ៖ បន្ទាប់ពីលោកគ្រូពេទ្យ ហ៊ូ ដា ប្រធានការិយាល័យប្រតិបត្តិ (OD) ស្រុកស្វាយអន្ទរ បានធ្វើសន្និសីទកាសែត ទម្លាយរឿងរ៉ាវដ៏ឈឺចុកចាប់ប្រាប់ក្រុមអ្នកសារព័ត៌មាន ថា ឯកឧត្តម ឧកញ៉ា បណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានជេរប្រមាថលោកនៅក្នុងអង្គប្រជុំ ឥឡូវរឿងនេះបានជ្រាបដល់ថ្នាក់ដឹកនាំក្រសួងហើយ។

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ព័ត៌មានក្នុងស្រុក តាមទូរស័ព្ទនៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩នេះ ថា ករណី ឯកឧត្តម ឧកញ៉ា បណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ជេរប្រមាថកូនចៅនៅក្នុងអង្គប្រជុំ ត្រូវ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាឲ្យ មន្ត្រីទទួលបន្ទុកចុះទៅស្រាវជ្រាវ និងដោះស្រាយ ដោយមានការសហការជាមួយថ្នាក់ដឹកនាំខេត្តផងដែរ។

លោកជំទាវ អ្នកនាំពាក្យ ការសម្របសម្រួលដោះស្រាយបញ្ហានេះ មិនទាន់បញ្ចប់នោះទេ ដូច្នេះ លោកជំទាវនៅមិនទាន់អាចបញ្ជាក់ជូននូវលទ្ធផលបានឡើយ។

សូមជម្រាបជូនថា កាលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ លោកគ្រូពេទ្យ ហ៊ូ ដា ប្រធានការិយាល័យប្រតិបត្តិ (OD) ស្រុកស្វាយអន្ទរ បានផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត ពាក់ព័ន្ធនឹងរឿងរ៉ាវដែល ឯកឧត្តមឧកញ៉ា បណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ជេរប្រមាថរូបលោកនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២៨ និងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

លោកគ្រូពេទ្យ ហ៊ូ ដា បានថ្លែងប្រាប់អ្នកកាសែត ទាំងទឹកភ្នែកប្រកបដោយការឈឺចុកចាប់ ថា « ឯកឧត្តម ប្រធានមន្ទីរសុខាភិបាល បានជេរប្រមាថខ្ញុំ ថា អាក្រពើ, អារមិលគុណ, អាព្រាត់ប្រាសគ្រួសារ, អាបើកឡានក្រឡាប់ …..។ គាត់ជេរខ្ញុំ ហើយគាត់ប្រាប់ ខ្ញុំថា គាត់ឲ្យឱកាស ៧ថ្ងៃដើម្បីទៅសុំទោសគាត់ទើបរួចខ្លួន»។

 

លោកគ្រូពេទ្យ ហ៊ូ ដា បានបន្តទាំងទឹកភ្នែកថា «ដោយសារគោរពគាត់ជាមេ ខ្ញុំបានទៅសុំទោសគាត់ និងធ្វើកិច្ចសន្យាជូនគាត់ទៀត ប៉ុន្តែទីបំផុតខ្ញុំត្រូវគាត់ Remove ខ្ញុំចេញពីគ្រុបការងារអស់រលីង ដែលហាក់កាត់ដៃជើង ខ្ញុំពីការងារអស់ហើយ»។

នៅក្នុងបទសម្ភាសរយៈពេលប្រមាណជិត ១ម៉ោងជាមួយក្រុមអ្នកកាសែត លោកគ្រូពេទ្យ ហ៊ូ ដា ប្រធានការិយាល័យប្រតិបត្តិ (OD) ស្រុកស្វាយអន្ទរ បានរៀបរាប់អំពីភាពមិនប្រក្រតីក្នុងការអនុវត្តការងាររបស់ ឯកឧត្តមឧកញ៉ា បណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ជាច្រើនដែលធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តរបស់មន្ត្រីក្រោមឱវាទ។

យោងតាមប្រភពពី មន្ត្រីសុខាភិបាលខេត្តព្រៃវែង មិនមែនតែលោកគ្រូពេទ្យ ហ៊ូ ដា ម្នាក់ទេដែលឈឺចាប់ចំពោះទង្វើរបស់ ឯកឧត្តមឧកញ៉ា បណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ប៉ុន្តែពួកគាត់មិនហ៊ានតវ៉ា ឬទម្លាយនោះទេ ព្រោះខ្លាចអំណាចមេ។

ក្រៅពីចូលចិត្តជេរប្រមាថ កូនចៅក្រោមឱវាទ ឯកឧត្តម ឧកញ៉ា បណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ក៏បានខិតខំរៀបចំការងារល្អៗដល់មន្ត្រីថ្នាក់ ក្រោមផងដែរ ដែលរួមមាន៖

ទី១ លោកជំទាវ ទន្តបណ្ឌិត ហ៊ន់ សុធារី ជាភរិយារបស់ ឯកឧត្តម ទទួលបានតួនាទីជា ប្រធានស្រុកប្រតិបត្តិព្រៃវែង

ទី២ លោកវេជ្ជបណ្ឌិត ហ៊ន់ រិទ្ធិ ជាប្អូនថ្លៃរបស់ ឯកឧត្តម ទទួលបានតួនាទី ជាអនុប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង

ទី៣ លោកស្រី ទន់ មករា ជាប្អូនថ្លៃជីដូនមួយរបស់ ឯឧត្តម ទទួលបានតួនាទីជា ប្រធានគណនេយ្យ មន្ទីរសុខាភិបាលខេត្តព្រៃវែង

ទី៤ លោកគ្រូពេទ្យ សេង លីអាន ជាបងប្រុសបង្កើតរបស់ ឯកឧត្តម ទទួលបាមតួនាទីជា ប្រធានការិយាល័យប្រតិបត្តិស្រុកពាមជរ និងមានសាច់ញាតិរបស់ ឯកឧត្តម ជាច្រើននាក់ទៀត ក៏កំពុងទទួលបានតួនាទីសំខាន់ៗ នៅក្នុងមន្ទីរសុខាភិបាលខេត្តព្រៃវែង និងតាមមន្ទីរពេទ្យនានាក្នុងខេត្ត និងតាមមណ្ឌលសុខភាពផងដែរ។

ពាក់ព័ន្ធ ករណីនេះ បណ្តាញព័ត៌មានយើង នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ០១៩នេះ បានទាក់ទងសុំការបញ្ជាក់ពី ឯកឧត្តម ឧកញ៉ា បណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង តាមទូរស័ព្ទ ប៉ុន្តែលោកទទួលហើយ និងបិទទូរស័ព្ទភ្លាមៗ បន្ទាប់ពីដឹងថាជាអ្នកសារព័ត៌មានចង់សម្ភាស រឿងលោកជេរប្រមាថកូនចៅ រហូតកូនចៅទ្រាំលែងបាន ហៅអ្នកកាសែតទៅធ្វើសន្និសីទ។ អង្គភាពសារព័ត៌មានយើង ក៏បានព្យាយាមទាក់ទង ឯកឧត្តម ឧកញ៉ា បណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ជាច្រើនដងទៀតដែរ ប៉ុន្តែឯកឧត្តម ឧកញ៉ា មិនលើកទូរស័ព្ទ។

អង្គភាពសារព័ត៌មានយើង ក៏ពុំទាន់សុំការបញ្ជាក់ពី ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានឡើយទេ ចំពោះរឿងរ៉ាវមួយនេះ ដោយសារ ទូរស័ព្ទរបស់ ឯកឧត្តម ហៅចូលប៉ុន្តែគ្មានអ្នកទទួល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!