ព្រឹតិ្តការណ៍ថ្មីៗ

ផ្កាយ៣ ឌី វិជ្ជា ចុះសួរសុខទុក្ខ និងនាំយកថវិកា ជូនគ្រួសារសព ប្អូនប្រុស របស់ សារ៉េត គ្រីយ៉ា កីឡាករជម្រើសជាតិ  បាត់បងជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ 

4 ខែ មុន 25 តូ សុផល

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ ប្រធានក្លឹបព្រះខ័នរាជស្វាយរៀង អមដំណើរ ដោយលោក រិទ្ធ ឌីកា និងលោកគ្រូ យ៉ន់ សំអុន តំណាងរបស់លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ នាព្រឹកថ្ងៃ២កើត ខែជេស្ឋ ឆ្នាំច ពស២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ និងនាំយកថវិកាជូន គ្រួសារសពយុវជន អ៊ែល សុខជា ប្អូនប្រុស  សារ៉េត  គ្រីយ៉ា  កីឡាករបាល់ទាត់ជម្រើសជាតិ  ដែលស្លាប់បាត់បង់ជីវិត ខណៈពេលត្រឡប់មកពីជូនបងប្រុស ដែលជាកីឡាករបាល់ទាត់ជម្រើសជាតិឈ្មោះ  សារ៉េតគ្រីយ៉ា ដើម្បីឡើងទៅប្រកួតបាល់នៅខេត្តស្វាយរៀង លុះត្រឡប់មកវិញ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់គួរឲ្យអាសូរ។

ក្រៅពីការលើកទឹកចិត្តឡើងវិញ ដល់គ្រួសារយុវជនខាងលើនេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានបញ្ជាក់ថា នៅពេលនេះសមត្ថកិច្ចពាក់ព័ន្ធ កំពុងសហការជាមួយស្នងការដ្ឋាននគរបាលរាជធានី ដើម្បីពន្លឿនក្នុងការស្រាវជ្រាវរកម្ចាស់រថយន្ត  ធ្វើការដោះស្រាយគ្នាតាមច្បាប់  ដើម្បីផ្ដល់យុត្តិធម៍ជូនជនរងគ្រោះ។

សូមជម្រាបថា កាលពីវេលាម៉ោងជិត០១:០២នាទីថ្ងៃត្រង់ ទី១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខដេប៉ូខ្សាច់ (ជិតដីតារ៉េត) លើ កំណាត់មហាវិថី សម្ដេចតេជោ ហ៊ុន សែន  (ផ្លូវ ៦០ម៉ែត្រ ) ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ យុវជនរងគ្រោះ បានជិះម៉ូតូ Scoopy ត្រឡប់មកពីជូនបងប្រុស ដែលជាកីឡាករបាល់ទាត់ជម្រើសជាតិឈ្មោះ  សារ៉េតគ្រីយ៉ា ដើម្បីឡើងទៅប្រកួតបាល់នៅខេត្តស្វាយរៀង ដោយជូនទៅឡើងឡាន នៅតារាងបាល់ទាត់K11 ផ្លូវ២៧១ លុះត្រឡប់មកវិញ ក៏ជួបគ្រោះថ្នាក់ ជាមួយនឹងរថយន្តម៉ាកកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2J-3741 ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពីត្បូងជើង បុកគ្នាចំពីមុខពេញទំហឹង ខ្ទាតផ្លោងយុវជនអ្នកបើកបរម៉ូតូ បោកផ្ទប់ជាប់កញ្ចក់រថយន្តរងរបួសធ្ងន់ធ្ងរ ហើយស្លាប់ខណៈពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកអ្នកបើកបររថយន្តបង្ក បានគេចខ្លួនបាត់ស្រមោលតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ អ៊ែល សុខជា អាយុ១៩ឆ្នាំ ស្នាក់នៅផ្លូវលំ ភូមិព្រែកតាពៅ  សង្កាត់ដើមមៀន  ក្រុងតាខ្មៅ ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខកណ្តាល 1AA-0226 ។ ចំណែករថយន្ត  បង្កហេតុដែលមាន វិក័យប័ត្រ ទូទាត់ និង នាមប័ណ្ឌបន្សល់លើរថយន្ត ជារបស់ឈ្មោះ  ពេជ្រ  សុខខេន  សេវាដឹកជញ្ជូន  មាន អាសយដ្ឋាន នៅភូមិខ្ពបវែង  សង្កាត់កំពង់សំណាញ់  ក្រុងតាខ្មៅ  ខេត្តកណ្តាល  តែអ្នកបើកបររថយន្តបង្ក និងព្រូបាននាំគ្នារត់គេចខ្លួនចូលព្រៃត្រែងបាត់អស់ទៅ  ។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែង និងស្ទូចយករថយន្តបង្កនិងម៉ូតូ ទៅរក្សាទុកបណ្ដោះអាសន្ន  នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំស្រាវជ្រាវ  រកម្ចាស់រថយន្ត ឲ្យចូលខ្លួនទៅដោះស្រាយគ្នាតាមច្បាប់៕ (ដោយ៖ ម៉េង – AhBoYz)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ