ព្រឹតិ្តការណ៍ថ្មីៗ

ទៅកោសជប់ បែរជាបបួលនាង អិកឹ ធ្លាយរឿងបាត់លុយពីកាបូប បែកទាំងមុខទៀត!

3 ខែ មុន 205 តូ សុផល

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រា បានចូលទៅ ម៉ាស្សាកោសជប់ មួយសន្ទុះក្រោយមកក៏រត់ចេញមកវិញទៀត ស្រែកឡូឡាចោទថាស្ត្រី ម្នាក់ដែលជាអ្នកម៉ាស្សា ក្នុងបន្ទប់នោះបានលួចយកលុយអស់ជាង៨០ដុល្លារ  និងមានស្នាមរបួសបែកក្បាល  ហើយភាគីខាងហាងម៉ាស្សាក៏មានរបួសប៉ោងភ្នែកដែរ  បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ០០:០៥នាទីយប់រំលងអាធ្រាត្រ  ឈានចូលថ្ងៃពុធ ទី៥ ខែមិថុនា   ឆ្នាំ២០១៩នេះ នៅក្នុងផ្ទះម៉ាស្សាកោជប់មួយកន្លែងយីហោ “7777 ម៉ាស្សាកោសជប់ តម្លៃ១០០០០រៀល” ដែលមានទីតាំងនៅជិតផ្សារPC ផ្លូវ៣៧១ ក្នុងសង្កាត់ចាក់អង្រែ  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ ។

ភាគីខាងហាងម៉ាស្សា ៖  ទី១.ឈ្មោះ  សុភា ភេទប្រុស  អាយុ៤២ឆ្នាំ រត់ម៉ូតូឌុប  ភូមិល្វា  ឃុំក្ដាញ់  ស្រុកព្រៃកប្បាស  ខេត្តតាកែវ  ជាប្ដីម្ចាស់ហាងម៉ាស្សា (របួសប៉ោងក្រោមភ្នែក)។

ទី២. ឈ្មោះ  ឈុំ  សារួន ភេទស្រី  អាយុ៣៥ឆ្នាំ មុខរបរម្ចាស់ ហាង ម៉ាស្សា  (ពុំមានរបួសទេ)។

ទី៣. ឈ្មោះ អា  លីន  ភេទស្រី  អាយុ៣១ឆ្នាំ  មុខរបរ ធ្វើការម៉ាស្សាកោសជប់  និងស្នាក់នៅក្នុងផ្ទះម៉ាស្សាកើតហេតុ ខាងលើ (ពុំមានរបួសទេ)។

ទី៤. ឈ្មោះ  ទីប  នឺម អាយុ៧៥ឆ្នាំ ម្ដាយស្ត្រីម្ចាស់ហាងម៉ាស្សា (របួសពកក្បាល)។

ភាគីខាងភ្ញៀវចូលម៉ាស្សា  ៖ ឈ្មោះ  សុខ  ស៊ីថា  អាយុ៥០ឆ្នាំ មុខបរបរប្រជាការពារភូមិ និងរត់កង់បីឥណ្ឌា មានទីលំនៅ ក្នុងភូមិសំបួរមាស  សង្កាត់ដង្កោ  ខណ្ឌដង្កោ  រងរបួសខ្នង  ដៃជើង  និងបែកថ្ងាស  ហូរឈាមជោកខ្លួន  ។

ប្រភពពីព័ត៌មានពីកន្លែងកេីតហេតុបានប្រាប់ឲ្យបានដឹងថា កាលពីម៉ោងជិត១២យប់ ថ្ងៃកើតហេតុខាងលើ  នៅមុនពេលកើតហេតុ  បុរសវ័យចំណាស់ខាងលើ  មិនដឹងទៅផឹកស្រាស្រវឹង នៅឯណានោះទេ បានមក កោសជប់ក្នុងហាងម៉ាស្សាកោសជប់កើតខាងលើ ដោយ ហៅ នារីបុគ្គលិកម៉ាស្សាម្នាក់ ចូលបន្ទប់មួយនៅជាន់ផ្ទាល់ដី ដោះបានដោះអាវកោសជប់ខាងមុខ  រួចដេកផ្កាប់មុខជប់ខាងខ្នងទៀត  រហូតរួចរាល់ ស្រាប់តែបុរសវ័យចំណាស់នោះងើបមកបបួលនារីម៉ាស្សា ឲ្យដេកជាមួយតែនាងមិនព្រម ដោយសុំតែលុយថ្លៃកោសជប់ប៉ុណ្ណោះ  ហើយគាត់ក៏លុក ហោប៉ៅ យកកាបូបចេញមក  ក៏ស្រែក ឡូឡា ថា  នារី ម៉ាស្សា ឲ្យគាត់នៅក្នុងបន្ទប់នោះ  បានលួចយកលុយរបស់គាត់ ជាង៨០ដុល្លារ  ហើយគាត់ចាប់ទាញនាងប្រតាយប្រតប់គ្នា  រហូតផ្អើលដល់ស្ត្រីម្ចាស់ហាងម៉ាស្សា និងប្ដី  នាំគ្នាព្រួតចាប់ បុរសចំណាស់នោះ ទាល់តែកើតមានហិង្សាឡើង  វាយតប់គ្នាទៅវិញទៅមក  ទើបបុរសចំណាស់នោះ  ព្យាយាម ស្រវេស្រវា ស្ទុះចេញមកខាងក្រៅ  ដោយមិនដឹងថា  ក្រវាសដៃទៅត្រូវ អ្នកណាខ្លះទេ  បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ ប្រាប់សមត្ថកិច្ច ចុះមកសាកសួរទាំងយប់ ។

បុរសវ័យចំណាស់បានអោយដឹងថា នៅមុនពេលកើតហេតុ  គាត់ទៅផឹកអស់២កំប៉ុង  ហើយបើករ៉ឺម៉កចូលជប់ខ្យល់រួច  បានទៅផ្ទះ លុះចូលមកជប់ខ្យល់ក្នុងហាងខាងលើ ដោយបាននារីបុគ្គលិក  ម៉ាស្សានោះ  ធ្វើការជប់ខ្យល់រួចហើយ  ងើបមកដកកាបូប  បម្រុងយកលុយអោយ  ស្រាប់តែពុំឃើញលុយខ្មែរនិងលុយដុល្លារសរុបជាង៨០ដុល្លារ  ដាក់ក្នុងកាបូប  បាត់អស់រលីង  ឃើញតែលុយក្រដាស១០០ដុល្លារ  ដែលគាត់លាក់ ក្រោមកាត ក្នុងកាបូបនោះប៉ុណ្ណោះ  ចំណែកលុយរាយបាត់អស់   ហើយស្ត្រីម៉ាស្សានោះ ប្រកែក ទើបឈ្លោះប្រកែកគ្នា ស្រាប់តែមានក្រុមនារីម៉ាស្សារួមទាំងប្ដីប្រពន្ធម្ចាស់ហាងម៉ាស្សា នាំគ្នាមកព្រួតវាយគាត់  រហូតកើតមាន របួសស្នាម  ទើបគាត់ ក្រវាសដៃដើម្បីរត់ចេញមកខាងក្រៅ  មិនដឹងត្រូវអ្នកណាខ្លះទេ  ព្រោះបើគាត់នៅក្នុងនោះ  ត្រូវគេព្រួតវាយស្លាប់មិនខាន ទើបគាត់ចង់ប្ដឹងពីស្ត្រីម៉ាស្សាម្នាក់នោះ  លួចលុយរបស់គាត់  ដូច្នេះក្មួយប៉ូលិសជួយនាំនាងទៅប៉ុស្តិ៍ផង។

ចំណែកឯស្ត្រី ដែលរងការចោទប្រកាន់ពីបុរសខាងលើ  ជាបុគ្គលិកហាងម៉ាស្សាកោសជប់ខាងលើ  បានបញ្ជាក់ប្រាប់វិញថា  រូបនាងសុំ បដិសេធ ទាំងស្រុង ចំពោះការចោទប្រកាន់មកលើនាងបែបនេះ ទាំងដែលគាត់មិនបាន ប៉ះពាល់ លុយ  ឬរបស់មានតម្លៃរបស់ បុរសនោះ បន្តិចឡើយ  ព្រោះពេលចូលដល់ក្នុងបន្ទប់ម៉ាស្សា កើតហេតុនោះ  បុរសចំណាស់ខាងលើ  ស្រវឹងទន់ខ្លួន  ហើយប្រាប់នាងថា  ទើបចូលហាងម៉ាស្សាកោសជប់ផ្សេងមួយហើយ តែគេមិនព្រមកោសអោយ  ដល់ពេលចូលហាងនេះ  ជួបនាង  នាងព្រមកោសអោយ  បានទុកដាក់កាបូបលុយរបស់គាត់ក្នុងហោប៉ាវ ហើយរូបនាងបានជប់ខ្យល់ តាមធម្មតា ដូចភ្ញៀវដទៃទៀតដែរ ទាំងមុខនិងខ្នង រួចហើយបុរសចំណាស់នោះក៏ងើបអង្គុយរួចបបួលនាង រួមភេទ ជាមួយគ្នា  ដោយប្រាប់ថាអោយលុយតាមក្រោយ តែរូបនាងមិនព្រម  ហើយបានចាប់ចង្កេះនាង ទើបនាងទ្រាំលែងបានស្រែកឲ្យគេជួយ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ ប្រញាប់ចុះមកដល់ក្រាម  ហើយបុរសនោះក៏ស្រែកឡូឡា ចោទដាក់គាត់ថា លួចយកលុយ អស់ចំនួន១០០ដុល្លារ ទៅវិញ  ហើយចំពោះការចោទប្រកាន់មកលើគាត់បែបនេះ រូបគាត់សុំបដិសេធ ទាំងស្រុង ។

ក្រោយមកក៏មានកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលើ  ចុះមកសាកសួរហើយ តែនេះគ្រាន់ជាការអះអាងរៀងៗខ្លួន ប៉ុណ្ណោះ ដូច្នេះ បើសិនជាមានករណីនេះពិតមែន  សូមអោយភាគីទាំងសងខាង ទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាល ចាក់អង្រែលើ  ដើម្បីឲ្យសមត្ថកិច្ចសាកសួរបំភ្លឺ និងកុំអោយបង្កការរំខានដល់ការរស់នៅរបស់អ្នកជិតខាង។

លុះមកដល់ប៉ុស្តិ៍ ភាគីទាំងសងខាង បានដាក់ពាក្យបណ្ដឹងប្ដឹងគ្នាទៅវិញទៅមក ទោះជាមានការ ពន្យល់ណែនាំរបស់សមត្ថកិច្ច មូលដ្ឋាន ក៏ដោយ ក៏ភាគីទាំងសងខាង នៅតែប្រកាន់ជំហរត្រូវរៀងខ្លួន ដោយភាគីខាង ភ្ញៀវចោទប្រកាន់ថា  នារីម៉ាស្សាលួចលុយរបស់គាត់  និងទាមទារ លុយមកវិញប៉ុណ្ណោះ ចំណែករបួសគាត់អាចព្យាបាលខ្លួនឯងបាន  រីឯភាគីខាងម្ចាស់ហាងម៉ាស្សា  បដិសេធមិនបានលួចយកលុយភ្ញៀវដាច់ខាត  ចំណែកឯរបួសគឺខាងគាត់របួសពីរបីនាក់ឯណោះ  ទើបការសម្របសម្រួលមិនត្រូវគ្នា។

ក្រោយពេលកើតហេតុ ក្រោយពីការសម្របសម្រួលពីសមត្ថកិច្ច  ភាគីទាំងសងខាងបានបញ្ចប់រឿងដោយស្មើគ្នា ៕ អត្ថបទ៖ ម៉េង

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ