ព្រឹតិ្តការណ៍ថ្មីៗ

បង្ហោះ Facebook ថាជនជាតិចិនដេញកាប់គ្នា នៅខណ្ឌទួលគោក ត្រូវតុលាការកាត់ទោស ព្រឹកម៉ិញនេះ!

5 ខែ មុន 40 តូ សុផល

ភ្នំពេញ៖ យុវជនម្នាក់ដែលបានបង្ហោះវដេអូ និងព័ត៌មានមិនពិតលើបណ្តាញសង្គម Facebook ថាមានជនជាតិចិនមួយក្រុមដេញកាប់គ្នាពេញផ្លូវនៅក្នុងខណ្ឌទួលគោក ត្រូវតុលាការបើកសវនាការកាត់ទោសនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះ។

ជនជាប់ចោទឈ្មោះ អ៊ឹង ហ៊ុម ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវតុលាការចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, បទ ក្លែងលិខិតសាធារណៈ និងបទ ប្រើប្រាស់ឯកសារសាធារណៈក្លែង យោងតាមមាត្រា ៤៩៥, មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការនាព្រឹកនេះ ជនជាប់ចោទឈ្មោះ អ៊ឹង ហ៊ុម បានទទួលស្គាល់កំហុស និងស្នើសុំឲ្យតុលាការបន្ធូរបន្ថយទោសដល់រូបគេ។

ក្រោយសាកសួរដេញដោលចប់ តុលាការបាន លើកពេលប្រកាសសាលក្រមសំណុំរឿងនេះ ទៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ។

គួររម្លឹកថា សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាប់ចោទឈ្មោះ អ៊ឹង ហ៊ុម កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីជននេះ កាត់ត និងបង្ហោះវីដេអូ លើបណ្តាញសង្គម Facebook ប្រឌិតព័ត៌មានថា មានជនជាតិចិនមួយក្រុម កាន់កាំបិត និងដាវ ដេញកាប់គ្នានៅក្នុងខណ្ឌទួលគោក ដូចរឿងហុងកុង ដែលវីដេអូក្លែងក្លាយនេះធ្វើឲ្យមហាជន មានការយល់ច្រឡំ និងចែកចាយបន្តជាច្រើន នាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ សន្តិសុខសង្គម និងកិត្តិយសរបស់រាជរដ្ឋាភិបាលកម្ពុជា៕ (ដោយ៖ សំរិត)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ