ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម យន្ត មីន ប្រជុំជាមួយវិស័យឯកជន និងប្រជាពលរដ្ឋក្នុងការចូលរួមធ្វើលូទឹកកខ្វក់ផ្លូវលេខ ៥០០

4 ខែ មុន 17 តូ សុផល

ខេត្តព្រះសីហនុ៖ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំជាមួយវិស័យឯកជន និងប្រជាពលរដ្ឋដែលរស់នៅផ្លូវលេខ៥០០

មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃចន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ។

លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុបានឲ្យដឹងថា លូទឹកកខ្វក់ផ្លូវលេខ ៥០០ មានប្រវែង ១.៨២៥ម៉ែត្រ កំពុងរងការ ខូចខាតយ៉ាងធ្ងន់ធ្ងរ ហេតុនេះមានតែវិស័យឯកជន និងប្រជាពលរដ្ឋចូលរួមវិភាគទានក្នុងការរៀបចំដាក់លូថ្មីឡើងវិញ ។ តាមការសិក្សាផ្លូវនេះដាក់លូមូលដែលមានមុខកាត់ ១ម៉ែត្រ ដើម្បីរំដោះទឹកកខ្វក់ចេញបានទាន់ពេលវេលា ដោយសារតែតំបន់នេះ នឹងក្លាយជាអគារពាណិជ្ជកម្ម និងសណ្ឋាគារ ដែលតម្រូវឱ្យខេត្តរៀបចំប្រព័ន្ធលូទឹកកខ្វក់ឡើងវិញ ដើម្បីបញ្ចៀសការហូរទឹកកខ្វក់មកលើទ្រូងផ្លូវនាំឱ្យបាត់បង់សោ ភ័ណភាព និងបរិស្ថាន ។

ឯកឧត្តម យន្ត មីន បានធ្វើការសំណេះ សំណាលហើយបានលើកឡើងថា រាជរដ្ឋាភិបាលបានឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសិក្សា ដើម្បីធ្វើផ្លូវអទិភាពក្នុងក្រុងព្រះសីហនុ ចំនួន ២២ខ្សែ ក្នុងនោះ វិស័យឯកជនចូលរួមធ្វើផ្លូវ ៤ខ្សែ ដោយឡែកផ្លូវលេខ ៥០០នេះ ផ្លូវវានៅល្អ ក៏ប៉ុន្តែវាមានបញ្ហាប្រឈមរឿងលូទឹកកខ្វក់ ដូច្នេះយើងត្រូវរៀបចំប្រព័ន្ធលូទឹកកខ្វក់មុន ដើម្បីឱ្យដំណើរការទៅរលូន។ ដូច្នេះសូមវិស័យឯកជនចូលរួមទាំងអស់គ្នា ក្នុងការរៀបចំប្រព័ន្ធលូទឹកកខ្វក់នេះឡើងវិញ ។

ឯកឧត្តម យន្ត មីន បន្តថា វិស័យឯកជន ក៏បានចូលរួមធ្វើផ្លូវលេខ៤០០មួយខ្សែ ដែលមន្ទីរសាធារណការជាអ្នកបើកការដ្ឋានសាងសង់ មកដល់ពេលបច្ចុប្បន្នសាងសង់បានប្រមាណជាង ៣០ភាគរយ ហើយសង្ឃឹមថា វិស័យឯកជន និងបន្តសហការចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការស្ថាបនា ផ្លូវ លូ មួយចំនួនទៀតក្នុងក្រុងព្រះសីហនុឱ្យកាន់តែល្អ ឲ្យសាកសមជាទីក្រុងទេសចរណ៍នាទិសនារតី ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ