ព្រឹតិ្តការណ៍ថ្មីៗ

ឌុបបងប្រុសជាកីឡាករជម្រើសជាតិ  ទៅប្រកួតបាត់  ត្រឡប់មកវិញ  ជួបគ្រោះថ្នាក់ កណ្ដាលផ្លូវ៦០ម៉ែត្រ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ!

3 ខែ មុន 140 តូ សុផល

ភ្នំពេញ  ៖ យុវជនម្នាក់ជិះម៉ូតូ Scoopy ត្រឡប់មកពីជូនបងប្រុស ដែលជាកីឡាករបាល់ទាត់ជម្រើសជាតិឈ្មោះ  សារ៉េតគ្រីយ៉ាដើម្បីទៅប្រកួតបាល់នៅស្វាយរៀង ដោយជូនទៅឡើងឡាន នៅតារាងបាល់ទាត់k11 ផ្លូវ២៧១ លុះត្រឡប់មកវិញ  ត្រូវបានរថយន្តកូរ៉េ មួយគ្រឿងបុកពេញទំហឹងនៅផ្លូវ៦០ម៉ែត្រ ហើយស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោងជិត១:០២នាទីថ្ងៃត្រង់ ទី១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខដេប៉ូខ្សាច់ (ជិតដីតារ៉េត) លើកំណាត់មហាវិថី សម្ដេចតេជោ ហ៊ុន សែន  (ផ្លូវ ៦០ម៉ែត្រ ) ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ អ៊ែល សុខជា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិព្រែកតាពៅ១ សង្កាត់ដេីមមៀន  កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខកណ្តាល 1AA-0226 ។ ចំណែករថយន្ត  បង្កហេតុដែលមាន វិក័យប័ត្រ ទូទាត់ និង នាមប័ណ្ឌបន្សល់លើរថយន្ត ជារបស់ឈ្មោះ  ពេជ្រ  សុខខេន  សេវាដឹកជញ្ជូន  មាន អាសយដ្ឋាន នៅភូមិខ្ពបវែង  សង្កាត់កំពង់សំណាញ់  ក្រុងតាខ្មៅ  ខេត្តកណ្តាល  តែអ្នកបើកបររថយន្តបង្ក និងព្រូបាននាំគ្នារត់គេចខ្លួនចូលព្រៃត្រែងបាត់អស់ទៅ  ។

យោងតាមប្រភពព័ត៌មានពីលោក  យ៉ន់  សំអុន  គ្រូបង្វឹក ក្រុមបាល់ទាត់ យុវជនខណ្ឌមានជ័យ  បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង  ម៉ាកស្កុបពី (Honda Scoopy) ពណ៌ស ពាក់ស្លាកលេខកណ្តាល 1AA-0226 ឌុបបងថ្លៃដែលជាកីឡាករបាល់ទាត់ឈ្មោះ «សារ៉េតគ្រីយ៉ា» ទៅប្រកួតនៅស្វាយរៀង ដោយជូនដំណើរទៅឡើងរថយន្តនៅចំណុចតារាងបាល់k11 ផ្លូវ២៧១ សង្កាត់បឹងទំពុន  លុះពេលត្រឡប់មកវិញ ជិះម៉ូតូតែម្នាក់ឯង តាមបណ្តោយផ្លូវ៦០ម៉ែត្រ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុក៏បានជួបគ្រោះថ្នាក់ ជាមួយនឹងរថយន្តម៉ាកកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2J-3741 ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពីត្បូងជើង បុកគ្នាចំពីមុខពេញទំហឹង ខ្ទាតផ្លោងយុវជនអ្នកបើកបរម៉ូតូ បោកផ្ទប់នឹងកញ្ចក់រថយន្តរងរបួសធ្ងន់ធ្ងរ។ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំតែម្តង។ ចំណែកអ្នកបើកបររថយន្តបង្ក បានគេចខ្លួនបាត់ស្រមោលតែម្តង។

បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកមានជ័យ មកដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត តែអកុសលពេលទៅដល់មន្ទីរពេទ្យ ដោយសារតែស្ថានភាពរបួស ធ្ងន់ធ្ងរ ពេក  ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ  ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែលើ  និងសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌមានជ័យ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កនិងម៉ូតូ ទៅរក្សាទុកបណ្ដោះអាសន្ន  នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំស្រាវជ្រាវ  រកម្ចាស់រថយន្ត ឲ្យចូលខ្លួនទៅដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី នៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន  កំពង់សំណាញ់ ក្រុងតាខ្មៅ។

គួរបញ្ជាក់ថា  គំនូសសញ្ញាភ្លោះជាប់ ពណ៌លឿង តាមបណ្តោយទ្រូងផ្លូវ ប្រើសំរាប់បែងចែកទ្រូងផ្លូវជាពីរទិសចរាចរណ៍ផ្ទុយគ្នា និងហាមបើកបរជាន់ ឬឆ្លងកាត់។ គំនូសសញ្ញាចរាចរណ៍នេះ ប្រើលើផ្លូវដែលមានចរាចរណ៍ច្រើន ឬនៅត្រង់ផ្លូវកោងគ្រោះថ្នាក់ ឬត្រង់ស្ពាន។ អ្នកបើកបរនៅជិតគំនូសដាច់ៗ អាចឆ្លងកាត់ ឬ ជែងបាន ប៉ុន្តែអ្នកបើកបរនៅជិតគំនូសជាប់ មិនអាចឆ្លងកាត់ ឬជាន់បានឡើយ៕  ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ