ព្រឹតិ្តការណ៍ថ្មីៗ

កំពុងតែលឿន បុករបាំងថ្មពុះចែកទ្រូងផ្លូវ​ ដួលបោកនឹងថ្នល់សន្លប់ស្ដូក

3 ខែ មុន 14 តូ សុផល

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណៈយុវជនម្នាក់ បើកម៉ូតូ Zoomer មួយគ្រឿង

ពាក់ស្លាកលេខភ្នំពេញ 1GU-4347 ក្នុងល្បឿនលឿនពេក បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ដួលបោកនឹងថ្នល់សន្លប់ស្ដូក ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែតដឹកយកទៅសង្គ្រោះ ។

ហេតុការណ៍នេះបានកើតមានឡើងនៅវេលាម៉ោង៤:១០នាទីទៀបភ្លឺឈានចូលថ្ងៃសៅរិ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំណុចខាងលិចស្តុបវត្តមហាមន្ត្រី ប្រហែល១៥០ម៉ែត្រ ស្ថិតលើកំណាត់ផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នៅជាប់ខ្លួនជនរងគ្រោះមានអត្តសញ្ញាណប័ណ្ឌមួយឈ្មោះ ស៊ូ លីហុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានអាស័យដ្ឋាននៅផ្ទះលេខ៤៧អា ផ្លូវលេខ២៥១ ភូមិ១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងមានស្រុកកំណេីតនៅឃុំព្រៃស ស្រុកដង្កោ ភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញយុវជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា Zoomer-X ពណ៌ទឹកក្រូចលាយខ្មៅ មានស្លាកលេខភ្នំពេញ 1GU-4347 តែម្នាក់ឯង បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យយុវជនរងគ្រោះបោកនឹងថ្នល់សន្លប់ស្តូកស្តឹងកណ្ដាលផ្លូវ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកដំណើររាយការណ៍ប្រាប់សមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

បន្តិចក្រោយមកគេឃើញរថយន្តសាមុយមួយគ្រឿងរបស់មន្ទីរពេទ្យកាល់ម៉ែត្រ បានមកដល់ និងចុះមកពិនិត្យមើល និងសង្គ្រោះបឋម រួចប្រញាប់ប្រញាល់យកជនរងគ្រោះឡើងរថយន្តដាក់អុកស៊ីហ្សែន ដឹកយកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។

បច្ចប្បន្នក្រោយពេលកើតហេតុ ម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងព្រលិត ចុះមកបាញ់គំនូស រួចយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីរងចាំខាងសាច់ញាតិយកឯកសារពាក់ព័ន្ធមកបញ្ជាក់ ទើបសមត្ថកិច្ចប្រគល់ឲ្យយកទៅវិញបាន៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ