ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋប្តឹង លោក ពេជ្រ ចិន្ដា ចៅក្រមតុលាការខេត្តកំពង់ស្ពឺ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ជាឲ្យបើកការស្រាវជ្រាវជាបន្ទាន់!

3 ខែ មុន 107 តូ សុផល

ភ្នំពេញ៖ ក្រោយពីទទួលបានបណ្តឹងរបស់ពលរដ្ឋដែលកើតទុក្ខពុំសុខចិត្ត និងចោទប្រកាន់ថាលោក ពេជ្រ ចិន្តា ចៅក្រមនៃសាលាដំបូងខេត្តកំពង់ស្ពឺ កាត់ក្តីដោយអយុត្តិធម៌នោះ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាឲ្យមានការស្រាវជ្រាវលើករណីនេះភ្លាមៗ។

ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់តាម Telegram អោយដឹង នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះថា ករណីពលរដ្ឋប្តឹងលោក ពេជ្រ ចិន្តា ចៅក្រមនៃសាលាដំបូងខេត្តកំពង់ស្ពឺ ទៅឯកឧត្តម រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ពាក់ព័ន្ធភាពមិនប្រក្រតី នៃការដំណើរការនីតិវិធី ក្នុងសំណុំរឿងរដ្ឋប្បវេណី លេខ៦១១ ចុះថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៧នោះ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ។ហើយការស្រាវជ្រាវនេះ ធ្វើឡើងតាមបញ្ជា របស់ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌។

យោងតាមពាក្យបណ្តឹង របស់ពលរដ្ឋដែលផ្ញើជូន ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បានរៀបរាប់ថា ក្នុងនាមប្រជាពលរដ្ឋ នៃខេត្តកំពង់ស្ពឺ សូមលើកយករឿងលោក ពេជ្រចិន្តា ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ បានកាត់ក្តីក្នុងសុំណុំរដ្ឋប្បវេណីលេខ៦១១ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ជារឿងអយុត្តិធម៍បំផុតគ្មានពីរ។

សូមជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីដោយសង្ខេបថា ចំពោះរឿងរ៉ាវនេះលោក សុខ វាសនា ពិតជាបានធ្វើកិច្ចព្រមព្រៀង (មិនមែនកិច្ចសន្យាទេ) ជាមួយលោក រស់ ចិន្តា តាមរយៈលោក ម៉ែន សុផុន ក្នុងរឿងរត់ការធ្វើអាជ្ញាប័ណ្ណការដ្ឋានខ្សាច់មែន ប៉ុន្តែកិច្ចព្រមព្រៀងនោះ បានកំណត់ថា លុះត្រាតែលោក ម៉ែន សុផុន រត់ការធ្វើអាជ្ញាប័ណ្ណរួចរាល់ជាស្ថាពរទើប លោក សុខ វាសនា ផ្តល់ប្រាក់ដែលទទួលផលលាភពីអាជីវកម្មខ្សាច់ ឲ្យទៅលោក ម៉ែន សុផុន និងលោក រស់ ចិន្តា ដោយក្នុងមួយខែៗចំនួន ៥០០០ដុល្លារ រហូតគ្រប់ចំនួន ១៥០,០០០ដុល្លារ (ដប់ប្រាំម៉ឺនដុល្លារ) ទើបឈប់បង់តាមកិច្ចព្រមព្រៀង។

ប៉ុន្តែលោក ម៉ែន សុផុន បានយកលុយពីលោក សុខ វាសនា ជាង២ម៉ឺនដុល្លារ ទៅរត់ការធ្វើអាជ្ញាប័ណ្ណ មិនបានសម្រេចតាមកាលកំណត់ឡើយ រហូតទុកពេលជាងមួយឆ្នាំ ក៏នៅតែរត់ការមិនបានទៀត ដូច្នេះទើ បលោក សុខ វាសនា បានពឹងពាក់មនុស្សផ្សេង ឲ្យរត់ការធ្វើអាជ្ញាប័ណ្ណច្បាប់ ដោយដាក់ឈ្មោះ ក្រុហ៊ុន សុខ វាសនា អ៊ីនផត អ៊ិចផត បូមខ្សាច់សព្វថ្ងៃ ដោយមិនបានយកឈ្មោះ ឬស្លាកយីហោ របស់អ្នកណាមកប្រើនោះទេ។ ហើយ លោក សុខ វាសនា សុខចិត្តបោះបង់លុយដែលលោក ម៉ែន សុផុន យកទៅរត់ការនោះទាំងអស់ ដោយចាត់ទុកគាត់ចាញ់បោកគេទៅចុះ។

ក្រោយពីក្រុមហ៊ុនរបស់ លោក សុខ វាសនា បានរត់ច្បាប់ដំណើរការរកស៊ី ស្រាប់តែ លោក រស់ ចិន្តា និងលោក ម៉ែន សុផុន បានយកលិខិតកិច្ចព្រមព្រៀងដែលពួកគេអនុវត្តមិនបាននោះទៅប្តឹង លោក សុខ វាសនា ដើម្បីទាមទារលុយ។

ពាក្យបណ្តឹងពលរដ្ឋបន្ថែមថា ចំពោះដំណើររឿងក្តីវិញលោកចៅក្រម ពេជ្រ ចិន្តា បានរៀបចំនីតិវិធីកោះហៅអាជ្ញាធរ ភូមិ, ឃុំ, ស្រុក, មន្ទីរជំនាញ ឲ្យចូលខ្លួនទៅបំភ្លឺនៅចំពោះមុខលោក បើទោះជាមន្ត្រីទាំងអស់នោះ បានធ្វើលិខិតបំភ្លឺចូលសាលាដំបូង ខេត្តកំពង់ស្ពឺរួចហើយក្តី។

ចៅក្រម ពេជ្រ ចិន្តា កាត់ក្តីដោយមិនសិក្សាលិខិតកិច្ចព្រមព្រៀង មិនដែលនៅសុខៗ គេរកស៊ីយកលុយមកបង់ឲ្យខ្លួនមួយខែៗ ៥០០០ដុល្លារ? ដោយគ្មានដាក់ហ៊ុនមួយកាក់មួយសេននោះទេ។ លោកចៅក្រម ពេជ្រ ចិន្តា យកអង្គហេតុណាមកពិចារណាកាត់ក្តីឲ្យលោក សុខ វាសនា សងប្រាក់មួយខែៗ ៥០០០ដុល្លារ បើកិច្ចព្រមព្រៀងលុះត្រាតែ លោក ម៉ែន សុផុន និងលោក រស់ ចិន្ដា រត់ការសុំអាជ្ញាប័ណ្ណបានពីក្រសួងឲ្យក្រុមហ៊ុន ប៉ុន្តែជាក់ស្តែងមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានបញ្ជាក់យ៉ាងច្បាស់ថា គ្មានឈ្មោះ រស់ ចិន្តា និងឈ្មោះ ម៉ែន សុផុន មករត់សុំច្បាប់ធ្វើអាជីវកម្មបូមខ្សាច់ទេ គឺមានតែឈ្មោះ សុខ វាសនា ដែលមានច្បាប់ពីក្រសួងត្រឹមត្រូវ។

សូមជម្រាបជូនថា ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដាក់ជូនឯកឧត្តម រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពីលោកចៅក្រម ពេជ្រ ចិន្ដា កាលពីពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ បានប្រកាសសាលក្រមឲ្យភាពគីឈ្មោះ សុខ វាសនា ជាចុងចម្លើយចាញ់ក្តី និងត្រូវតម្រូវឲ្យសងប្រាក់ទៅភាគីដើមបណ្តឹងឈ្មោះ រស់ ចិន្ដា និងឈ្មោះ ម៉ែន សុផុន តាមកិច្ចព្រមព្រៀង។

ពាក់ព័ន្ធករណីនេះ លោកចៅក្រម ពេជ្រ ចិន្ដា បានប្រាប់តាម Telegram នារសៀលនេះថា «សូមអភ័យទោសផងដែល ខ្ញុំមិនអាចឆ្លើយបញ្ជាក់ជូនលោកបាន ព្រោះខុសនឹងវិជ្ជាជីវៈចៅក្រម តែអ្វីមាននៅក្នុសាលក្រមរួចហើយ ម្យ៉ាងទៀតបើភាគីណាមិនសុខចិត្តទៅនឹងការសម្រេច អាចប្តឹងឧទ្ធរណ៍»៕(ពូម៉ូតូឌុប)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ