ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរក្រុងភ្នំពេញ ចាត់វិធានការក្តៅ ចំពោះការបង្ក្រាបបទល្មើស និងល្បែងស៊ីសងគ្រប់ប្រភេទ​ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋ

1 ខែ មុន 48 តូ សុផល

ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក ឃួង ស្រេងបានដាក់ចេញជាវិធានការក្តៅក្នុងការបង្ក្រាបបទល្មើសនិងល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញដើម្បីឲ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅនិងសុខសាន្ត ក្នុងការរស់នៅ ខណៈដែលប្រទេសជាតិមានសន្តិភាពពេញបរិបូណ៌។

ការដាក់ចេញនូវយុទ្ធនាការបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៩ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដោយមានការចូលរួមពីកម្លាំងមានសមត្ថកិច្ចទាំងពីរភេទ អាជ្ញាធរដែនដីទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោកឃួងស្រេងបានមានប្រសាសន៍ថាការបង្កើតឲ្យមានកិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះធ្វើឡើងក្នុងគោលបំណងដើម្បីដាក់ចេញជាផែនការនិងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនោះលោកឃួងស្រេងក៏បានលើកឡើងពីបញ្ហាពាក់ព័ន្ធនឹងការទប់ស្កាត់រថយន្តធំៗចូលក្នុងរាជធានីភ្នំពេញការដោះស្រាយបញ្ហាការកកស្ទះចរាចរនៅក្នុងរាជធានីភ្នំពេញខណៈដែលរាជធានីមួយនេះតែងទទួលរងនូវការកកស្ទះចរាចរណ៍រាល់ថ្ងៃ។មានវិធានការទៅលើអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ដោយបើកគេចវេសពីការទទួលខុសត្រូវមុខច្បាប់ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។ ការពិនិត្យទៅលើការកកស្ទះចរាចរណ៍ដើម្បីរកវិធានការដោះស្រាយធ្វើយ៉ាងណាកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅតំបន់ស្មុគស្មាញមួយចំនួន។

ពាក់ព័ន្ធនឹងល្មើសល្បែងស៊ីសងនៅក្នុងរាជធានីភ្នំពេញលោកឃួងស្រេងបានមានវិធានការយ៉ាងម៉ឺងម៉ាត់ផងដែរលោកបញ្ជាក់ថានៅក្នុងរាជធានីភ្នំពេញកើតឡើងនូវល្បែងស៊ីសងគ្រប់ប្រភេទដែលនេះជាបញ្ហាមួយក្តៅគគុក។

ដូច្នេះទេលោកជំរុញឲ្យអភិបាលខណ្ឌទាំង១៤ត្រូវយកចិត្តទុកដាក់ក្នុងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំងនេះ។ ល្បែងស៊ីសងខុសច្បាប់ទាំងនេះវាជាចំនុចដែលផ្ដើមឲ្យមានបទល្មើសផ្សេងៗធ្វើអោយបាត់បង់ស្ថេរភាពនៅក្នុងសង្គមដូចជាអំពើឆក់ប្លន់លួចជាដើម។ ចំពោះបញ្ហាគ្រឿងញៀនក៏ជាបញ្ហាប្រឈមមួយដែលយើងបាននិងកំពុងធ្វើការដោះស្រាយផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរលោកឃួងស្រេងក៏បានដាក់ចេញនូវវិធានការមួយចំនួនទៀតដូចជាការរៀបចំសណ្ដាប់ធ្នាប់ចិញ្ចើមផ្លូវសាធារណៈនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ ការមានវិធានការទៅលើទូកនេសាទដែលចតយ៉ាងអាណាធិបតេយ្យនៅតាមដងទន្លេពិសេសនៅក្បែរសណ្ឋាគារសុខា ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់និងប៉ះពាល់នូវសោភ័ណភាពនៅរាជធានីភ្នំពេញ។ ការមានវិធានការទៅលើបែរត្រីមួយចំនួននៅតាមបណ្ដោយដងទន្លេសាប។ ដូច្នេះទេអភិបាលរាជធានីភ្នំពេញបានជំរុញនិងដាក់ចេញជាផែនការឲ្យអាជ្ញាធរខណ្ឌដែលមានដែនដីរបស់ខ្លួននៅតាមបណ្ដោយដងទន្លេសាបនេះត្រូវតែមានវិធានការទប់ស្កាត់ដើម្បីធ្វើយ៉ាងណាឲ្យទន្លេរបស់យើងមានសោភ័ណភាពទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!