ព្រឹតិ្តការណ៍ថ្មីៗ

តុលាការ មានភស្តុតាង ដាក់បន្ទុកជាច្រើន ស្របពេលដែល លោក រ៉ាត់ រ័ត្នមុនី បដិសេធ ការផលិតរឿង «ម្តាយខ្ញុំ លក់ខ្ញុំ»

5 ខែ មុន 141 តូ សុផល

ភ្នំពេញ៖ ដូចការគ្រោងទុកនៅរសៀលថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៩នេះ លោក កូយ សៅ ចៅក្រមជំនុំជម្រះ និងលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការបានបើកសវនា ការកាត់ទោស លោក រ៉ាត់ រ័ត្នមុនី ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា ពាក់ព័ន្ធបទល្មើស ញុះញង់ឱ្យមានការរើសអើង ដែលផ្តើមចេញពីការផលិតវីដេអូឯកសាររឿង «ម្តាយខ្ញុំ លក់ខ្ញុំ» ឲ្យសារព័ត៌មាន RT (Russia Today) របស់ប្រទេសរុស្ស៊ី។

ទោះជាយ៉ាងណាសំណុំរឿងនេះ នឹងត្រូវតុលាការបើកសាវនាការដេញដោលបន្តទៀត នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខដើម្បី សាកសួរសាក្សីពាក់ព័ន្ធបន្ថែមទៀត។

នៅក្នុងសវនាការនារសៀលនេះ ជនជាប់ចោទ រ៉ាត់ រ័ត្នមុនី បានច្រានចោល ការចោទប្រកាន់របស់តុលាការ និងអះអាងថា លោកមិនបានផលិតវីដេអូរឿង «ម្តាយខ្ញុំ លក់ខ្ញុំ» នោះទេ ដោយលោកគ្រាន់តែអ្នកបកប្រែភាសារឲ្យអ្នកសារព័ត៌មានចំនួន ៤នាក់របស់សារព័ត៌មាន RT (Russia Today) តែប៉ុណ្ណោះ។

លោក រ៉ាត់ រ័ត្នមុនី អះអាងថា «ខ្ញុំ គ្រាន់តែជាអ្នកបកប្រែឲ្យគេ ចំណែករឿងថត និងកាត់តវីដេអូ យកទៅផ្សាយ ខ្ញុំអត់បានដឹងទេ។ ហើយខ្ញុំ ក៏មិនបានស្គាល់តួអង្គក្នុងរឿងនោះដែរ គឺក្រុមអ្នកកាសែតរុស្ស៊ីទាំងអស់នោះ ជាអ្នកស្វែងរកដោយខ្លួនពួកគេ»។

ប៉ុន្តែបើយោងតាមកំណត់ហេតុសួរចម្លើយដើមបណ្តឹង (ជាជនរងគ្រោះ) និងសាក្សីជាច្រើននាក់ទៀត បានបញ្ជាក់ថា ជនជាប់ចោទ រ៉ាត់ រ័ត្នមុនី គឺជាអ្នកទាក់ទង រៀបចំតួអង្គ និងទីតាំងថត វីដេអូរឿង «ម្តាយខ្ញុំ លក់ខ្ញុំ» យ៉ាងពិតប្រាកដ។

កំណត់ហេតុ របស់តុលាការបញ្ជាក់យ៉ាងច្បាប់ថា ជនជាប់ចោទ រ៉ាត់ រ័ត្នមុនី ជាអ្នករត់ការទៅក្រសួងព័ត៌មាន ស្នើសុំការអនុញ្ញាតឲ្យក្រុមអ្នកសារព័ត៌មាន RT (Russia Today) របស់ប្រទេសរុស្ស៊ី ផលិតវីដេអូរឿង «ជីវភាព របស់ប្រជាពលរដ្ឋខ្មែរក្រោយរបបខ្មែរក្រហម» ដោយយកទីតាំង ខេត្តព្រះសីហនុ, ខេត្តសៀមរាប និងរាជធានីភ្នំពេញ ជាទីតាំងថត។

ផ្ទុយពីការស្នើសុំទៅក្រសួង លោក រ៉ាត់ រ័ត្នមុនី បានសហការជាមួយក្រុមអ្នកសារព័ត៌ RT (Russia Today) របស់ប្រទេសរុស្ស៊ី ផលិតវីដេអូរឿង «ម្តាយខ្ញុំ លក់ខ្ញុំ» ដោយសន្យាជាមួយតួអង្គថា នឹងផ្តល់លុយកាក់ខ្លះដើម្បីចាយវាយ និងផ្តល់លុយឲ្យបើកមុខរបរតូចៗ តាមចិត្តរបស់ពួកគេប៉ងប្រាថ្នាផងដែរ។

យោងតាមវីដេអូរឿង «ម្តាយខ្ញុំ លក់ខ្ញុំ» ដែលតុលាការចាក់បញ្ចាំងនៅក្នុងសវនាការ បានបង្ហាញអំពីដំណើររឿងស្ត្រីខ្មែរជាម្តាយបាន លក់កូនស្រីវ័យក្រមុំ ទៅឲ្យបម្រើផ្លូវភេទ របស់បុរសៗ ក្នុងតម្លៃចន្លោះពី ៤០០ដុល្លារ ទៅ១០០០ដុល្លារ ដែលអំពើនេះត្រូវ តុលាការចាត់ទុកថា ជាការប៉ះពាល់ដល់ ប្រពៃណី កិត្តិយស របស់ប្រទេសកម្ពុជា និងប៉ះពាល់ដល់កិត្តិយសរបស់ស្ត្រីខ្មែរ ជាពិសេសតួអង្គ ដែលលោក រ៉ាត់ រ័ត្នមុនី បានសម្ភាសន៍ និងថតយកទៅផ្សព្វផ្សាយ។

សូមជម្រាបជូនថា លោក រ៉ាត់ រ័ត្នមុនី ត្រូវអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ តាមសំណើររបស់អាជ្ញាធរកម្ពុជា ពាក់ព័ន្ធបទល្មើស ផលិតវីដេអូឯកសារស្ដីពី ការជួញដូរផ្លូវភេទនៅកម្ពុជាក្រោមចំណងជើងថា «ម្ដាយខ្ញុំ លក់ខ្ញុំ» ឲ្យសារព័ត៌មាន RT (Russia Today) របស់ប្រទេសរុស្ស៊ី និងបានចាក់ផ្សាយជាសាធារណៈកាលពីថ្ងៃ១៤ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ។
ក្រោយមកលោក រ៉ាត់ រ័ត្នមុនី ត្រូវតុលាការក្រុងភ្នំពេញ សម្រេចចោទប្រកាន់ និងឃុំខ្លួនជាបណ្តោះអាសន្ន បន្ទាប់ពីតុលាការ រកឃើញថា លោកបានប្រព្រឹត្តបទល្មើស ញុះញង់ឲ្យមានការរើសអើង យោងតាមមាត្រា ៤៩៦នៃក្រមព្រហ្មទណ្ឌ៕(ដោយ៖ ពូម៉ូតូឌុប)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ