ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ត ស្លាកលេខ នប បុកតន្ត្រីករម្នាក់ស្លាប់ លោក ហេង ឡុង ប្រកាសរកយុត្តិធម៌

2 ខែ មុន 798 តូ សុផល

ភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ មានរថយន្ត ហាយឡែនឌ័រ បើកបរដោយមន្ត្រីសក្តិ៤ កន្លះម្នាក់ ពាក់ស្លាកលេខនគរបាល បើកបោះពួយយ៉ាងលឿនបុករះម៉ូតូពីរគ្រឿង និងបង្គោលស្លាកសញ្ញាចរាចរណ៍បណ្តាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ ស្ថិតនៅចំណុចស្តុបច្រកចូលវត្តសំរោងអណ្តែត តាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនបង្កជាមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកសក្តិ៤កន្លះ មុខងារជានាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ

ដំណើររឿង៖ មុនកើតហេតុគេឃើញរថយន្តហាយទ្បែនឌ័រមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខនគរបាល2-5769 ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាយណូយទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុបានរេចង្គូតទៅបុករះម៉ូតូពីរគ្រឿង។

មួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០៨ពណ៌ខ្មៅស្លាកលេខដាច់បាត់បើកបរបុរសម្នាក់និងម៉ូតូមួយគ្រឿងទៀតម៉ាកណៃហនពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1I-8405 បើកបរដោយបុរសម្នាក់ម៉ូតូទាំងពីរគ្រឿង បើកស្របទិសដៅគ្នាបណ្តាលប៉ើងជាង៥០ម៉ែត្រ រងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តបង្កបន្តទៅបុកបង្គូលស្លាកសញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដី រួមទាំងប្រអប់ភ្លើងស្តុបរួចទៅបុកបង្គូលភ្លើងស្តុបចរាចរណ៍ពីរដើម បណ្តាលឲ្យទ្រេតរថយន្តបង្កផ្ទប់ជាប់ទៅមុខលេងរួច និងខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ភ្លាមនោះៗម្ចាស់រថយន្តបង្ក បានបើកទ្វាររថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ទៅធ្វើការវាស់វែងយករថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ មូលហេតុ៖ បើកបររថយន្តមានស្ថានភាពស្រវឹងស្រា៕

លោក ហេង ឡុង បានសរសេរបង្ហោះក្នុងហ្វេសប៊ុករបស់ខ្លួនថា៖  ពិតជាគួរអោយសង្វេគណាស់ តន្ត្រីករម្នាក់ ត្រូវបានឡានជនបង្កបុកអោយរងរបួសធ្ងន់រហូតដល់ស្លាប់។ លោក សូមអំពាវនាវដល់អាជ្ញាធរទាំងអស់ មេត្តាជួយផ្តល់យុត្តិធម៌ជូនជនរងគ្រោះផង! រថយន្តបង្ករពាក់ស្លាកលេខ នប2-5769 ដូចក្នុងរូបនេះ។

ជនរងគ្រោះឈ្មោះ លោក សុខ គង់ ជាតន្ត្រីករហ្គីតាសូឡូ ខណ:គាត់ចេញពីលេងភ្លេងយប់មុិញ នៅផ្លូវហាណូយ ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលអោយស្លាប់បាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅវៀតណាម។ ឥឡូវកំពុងដឹកមកវិញ ទៅធ្វេីបុណ្យនៅចំការលេី (កំពង់ចាម)។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!