ព្រឹតិ្តការណ៍ថ្មីៗ

រឿងអីអោយប្រាកដទៅ ជិតដល់ថ្ងៃចូលរោងការ កូនក្រមុំស្លាប់ ក្នុងស្ថានភាពបែបហ្នឹង?

5 ខែ មុន 346 តូ សុផល

សៀមរាប៖ ស្ត្រីវ័យជំទង់ម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៩ វេលាម៉ោងប្រមាណជា ៧ និង ០០ នាទី យប់

ដោយសមត្ថកិច្ចនគរបាលកោសល្យវិច័្ចយ បានសន្និដ្ឋានថា ជាករណីចងកធ្វើអត្តឃាត ប៉ុន្តែក្រោយពីបានដឹកសាកសពទៅដល់គេហដ្ឋានឪពុកម្ដាយរបស់សពនៅក្នុងខេត្តបាត់ដំបង ស្រាប់តែលេចចេញនូវស្លាកស្នាមមិនប្រក្រតី ជាច្រើនកន្លែង នៅលើក្បាល និងខ្លួនប្រាណជនរងគ្រោះ ធ្វើឱ្យក្រុមគ្រួសារយល់ឃើញថា ជាករណីមិនប្រក្រតីទៅវិញ។

ហេតុការណ៍នេះកើតឡើងនៅផ្ទះគូរដណ្តឹងខាងប្រុស ស្ថិតនៅភូមិព្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ចំណែកជនរងគ្រោះឈ្មោះ សុខ វិច្ឆិការ ភេទស្រី អាយុ២៨ឆ្នាំ មានផ្ទៃពោះ ៤ខែទៀតផង។

តាមការឲ្យដឹង ពីប្អូនស្រីបង្កើតរបស់ជនរងគ្រោះ ឈ្មោះ សុខស្រីណុច បានឲ្យដឹងថា មុនពេលកើតហេតុគឺបងស្រីរបស់ខ្លួន ឈ្មោះ សុខ វិច្ឆិកា បានប្រាប់ខ្លួនថា គូរដណ្តឹងគាត់បាន វាយធ្វើបាបយ៉ាងដំណំ វាយក្បាលផង គំត្រចៀកផង ពីសំណាក់អនាគតស្វាមី ដែលត្រៀមចូលរោងការជាមួយគ្នានៅថ្ងៃទី 6 ខែ មិថុនា ឆ្នាំ 2019 ខាងមុខនេះ ហើយខណៈនោះបងស្រីខ្លួនត្អូញថា មានអាការឈឺក្បាលវិលមុខយ៉ាងខ្លាំង។

គ្រួសារជនរងគ្រោះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងទៀតថា នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ ពួកគាត់នឹងធ្វើដំណើរទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ដើម្បីស្នើសុំបើកការស៊ើបអង្កេតនិងកោសល្យវិច័្ចយ ឡើងវិញករណីនេះ ព្រោះពួកខ្លួនយល់ថា ករណីនៃការស្លាប់ជនរងគ្រោះនេះ គឺមានភាពមិនប្រក្រតីជាច្រើន ដោយសង្ស័យថា ជាអំពើឃាតកម្មឬក៏ការធ្វើទារុណកម្មឈានដល់ការបាត់បង់ជីវិត។

គ្រួសារជនរងគ្រោះ បានអំពាវនាវសុំយ៉ាងទទូច ដល់សមត្ថកិច្ចនគរបាលខេត្តសៀមរាប មេត្តាជួយរកយុត្តិធម៌ដើម្បីបញ្ជាក់ការពិត ជូនជនរងគ្រោះដែលបានបាត់បង់ជីវិតដោយអយុត្តិធម៌នេះផង។

គួរបញ្ជាក់ផងដែរថា ឥឡូវនេះសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារសព ដឹកយកទៅធ្វើបុណ្យសព នៅឯគេហដ្ឋានរបស់ជនរងគ្រោះ ស្ថិតនៅក្នុងភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជុំវិញករណីខាងលើនេះអ្នកសារព័ត៌មានយើងមិនទាន់អាចសុំការបកស្រាយអំពីស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឡើយទេ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ