ព្រឹតិ្តការណ៍ថ្មីៗ

ចិត្តធម៌ណាស់! ចៅហ្វាយខេត្តសៀមរាប ចេញថ្លៃសំបុត្រយន្តហោះ ថ្លៃព្យាបាល ការហូបចុក ស្នាក់នៅជូន ជនជាតិអ៊ីរ៉ង់ រងគ្រោះដោយចោរឆក់

5 ខែ មុន 388 តូ សុផល

សៀមរាប៖ កាលពីព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៨ មានករណីចោរចំនួន ០៣នាក់ បានឆក់កាបូបភ្ញៀវទេសចរបរទេស(ជនជាតិ អ៊ីរ៉ង់)នៅតាមបណ្តោយផ្លូវកូម៉ៃ(ផ្លូវឆ្ពោះទៅប្រាសាទអង្គរវត្ត)ដែលបណ្តាលអោយជនរងគ្រោះធ្លាក់ពីលើរ៉ឺម៉កម៉ូតូរងរបួសបន្តិចបន្តួច។

ជាមួយនោះដែរ ក្រុមចោរបានយកកាបូបទៅបាត់ ដែលក្នុងកាបូបនោះមានលុយលិខិតឆ្លងដែន(Passport) ឯកសារ និងរបស់របរមួយចំនួនទៀត។

បន្ទាប់ពីទទួលបានព័ត៌មានពីកន្លែងកើតហេតុភ្លាម សមត្ថកិច្ចនគរបាលបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីស្រាវជ្រាវ និងឈានទៅកំណត់មុខសញ្ញាជនសង្ស័យ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២រូបផងដែរ។

ក្នុងឧបទ្ទេវហេតុនេះ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានឧបត្ថម្ភដល់ជនរងគ្រោះលើការចំណាយទាំងការស្នាក់នៅ ហូបចុក និងថ្លៃការព្យាបាលរបួស ព្រមទាំង សំបុត្រយន្តហោះទៅក្រុងបាងកកទៀតផង។

ជាមួយគ្នានេះ អាជ្ញាធរខេត្ត សូមថ្លែងអំណរគុណអាជ្ញាធរមានសមត្ថកិច្ច ដែលបានខិតខំបំពេញកាតព្វកិច្ច ក្នុងការស្រាវជ្រាវនិងកំណត់មុខសញ្ញាបានភ្លាមៗ ហើយក៏សូមចូលរួមសោកស្តាយចំពោះជនរងគ្រោះផងដែរ។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសហការអោយបានស្អិតរមួតជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការផ្តល់នូវព័ត៌មានដែលកើតមានឡើងនៅនឹងមូលដ្ឋានរបស់ខ្លួនមកសមត្ថកិច្ចអោយបានទាន់ពេលវេលា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ