ព្រឹតិ្តការណ៍ថ្មីៗ

តៃកុងចិត្តសឿង បើករថយន្ត​ LEXUS NX200t បុកមនុស្សប្រុសស្រីរបួសហេីយ​ នៅប្រឹងបើករត់អូសទាំងម៉ូតូក្រោមរថយន្ត​ បែកផ្កាភ្លើង ឆ្លងពីខណ្ឌមួយ ទៅខណ្ឌមួយ​

4 ខែ មុន 51 តូ សុផល

រាជធានីភ្នំពេញ ៖ យុវតីម្នាក់របួស​ធ្ងន់​ នឹងយុវជនម្នាក់ទៀតរបួស​ស្រាល​ ខណៈពេលកំពុងជិះម៉ូតូឌុបគ្នា​ ធ្វើដំណើរឆ្លងកាត់ផ្លូវបំបែកជាបួន ត្រូវ​រថយន្ត​ LEXUS NX200t ស៊េរីទំនើប​មួយគ្រឿង បើកបុកពេញទំហឹង ​ខ្ទាតបោកនឹងថ្នល់​ កៀបជាប់ម៉ូតូរបស់ជនរងគ្រោះក្រោម​រថយន្ត​ ហើយព្យាយាមបើករត់ អូសទាំងម៉ូតូទៅជាមួយ បែកផ្កាភ្លើងតាមផ្លូវ ​ត្រូវប្រជាពលរដ្ឋ​នាំគ្នា​ជិះដេញតាមស្រែក​រកសមត្ថកិច្ចអោយជួយដេញតាមឃាត់រថយន្តបង្កដែរ តែរហូតដល់ចំណុចក្រោមស្ពានអាកាស៧មករា ម៉ូតូបានខ្ទាតចេញពីក្រោមរថយន្ត ហើយរថយន្តនៅតែព្យាយាមបើករត់គេច រហូតដល់ផ្លូវហាណូយ រួចបត់ចូលក្នុងបុរីមួយកន្លែង ជាប់ហាងនំប៉័ងឈូកមាស II ហើយត្រូវបានសន្តិសុខបិតទ្វាររបងមិនអោយចូល ទើបប្រជាលរដ្ឋនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ច​ បង្កការភ្ញាក់ផ្អើលឡើងតែម្ដង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះ​បានកើតឡើងកាលពីវេលាម៉ោង០០៖២០នាទីយប់រំលងអាធ្រាត្រ​ ឈានចូលថ្ងៃអង្គារ៍​ ទី២៨​ ខែឧសភា​ ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចជិតX2 KTV តាមបណ្ដោយផ្លូវ៥៥​ កែងផ្លូវលេខ២២២​ ស្ថិតក្នុងសង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់មកកាន់ភ្នាក់ងារ TNN បានដឹងថា ​នៅមុនពេលកើតហេតុ​បន្តិច​ គេឃើញមនុស្សប្រុសស្រី២នាក់ ជិះម៉ូតូមួយគ្រឿង​ ម៉ាកហុងដាឌ្រីម​ (Honda Dream) ពណ៍ខ្មៅ​ស៊េរីឆ្នាំ​២០១៩ ពាក់ស្លាកលេខភ្នំពេញ​ 1HO-9228 ឌុបគ្នា ធ្វើដំណើរតាមបណ្ដោយ​ផ្លូវ​៥៥ ក្នុងទិសដៅ​ពីកើត​ទៅ​លិច​ លុះពេលមកដល់ចំណុចផ្លូវបំបែកជាបួនកើតហេតុខាងលើ ស្រាប់តែមានរថយន្ត​ស៊េរីទំនើប​មួយគ្រឿង ម៉ាក LEXUS NX200t ពណ៍ស ពាក់ស្លាកលេខភ្នំពេញ​ 2BB-6444 ធ្វើដំណើរ​តាម​ផ្លូវ​២២២​ ឆ្លង​កាត់​ផ្លូវ​៥៥ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ទើបជ្រុលទៅ​បុក​ម៉ូតូ​ជនរងគ្រោះ ​ពេញ​ទំហឹង​តែម្ដង បណ្តាល​ឲ្យម៉ូតូគៀបជាប់ក្រោមរថយន្តផ្នែកខាងមុខ និងបណ្ដាលឲ្យនារីរូបស្រស់ដែលជិះម៉ូតូពីក្រោយនោះ ខ្ទាតបេីងបោកក្បាលនឹងថ្នល់ រងរបួសធ្ងន់​ ដេកសន្លប់ស្តូកស្ទឹង​ ក្នុងថ្លុកឈាម​ ចំណែកយុវជនដែលជាអ្នកបេីកម៉ូតូបានរងរបួសស្រាល រលាត់ដៃ​ជើង​ចេញ​ឈាម ​រងរបួស​ស្រាល​ ហេីយត្រូវបានបងប្អូនអ្នកដំណេីរនិងប្រជាពលរដ្ឋនៅក្បែរនោះជួយសង្គ្រោះបឋម​ និងទាក់ទងហៅរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន​មកដល់យកទៅមន្ទីរពេទ្យ។

ប្រភពបន្ថែមទៀតថា​ ភ្លាមៗ​នោះរថយន្តបង្កមិនបានបន្ថែមល្បឿន​ បើកអូសទាំងគៀបជាប់ម៉ូតូក្រោមរថយន្ត ឡើងបែកផ្កាភ្លើងពេញផ្លូវ ត្រូវប្រជាពលរដ្ឋ​នាំគ្នា​ជិះដេញតាមស្រែក​រកសមត្ថកិច្ចតាមគោលដៅអោយជួយដេញតាមឃាត់រថយន្តបង្កដែរ តែពុំមានឃេីញឡេីយ​ ទេីបប្រជាពលរដ្ឋនិងបងៗអ្នករត់កង់បី បានត្រឹមតែដេញតាមពីក្រោយ រហូតដល់ចំណុចក្រោមស្ពានអាកាស៧មករា ម៉ូតូបានខ្ទាតចេញពីក្រោមរថយន្ត ហេីយរថយន្តនៅតែព្យាយាមបេីករត់គេចទៀត ហេីយក៏មិនឃេីញសមត្ថកិច្ចជួយស្ទាក់ឡេីយ រហូតដល់ផ្លូវហាណូយ រួចបត់ចូលក្នុងបុរីមួយកន្លែង ផ្ទះលេខ២C ផ្លូវបេតុង​ ជាប់ហាងនំប៉័ងឈូកមាស II ហេីយត្រូវបានសន្តិសុខបិតទ្វាររបងមិនអោយចូល ទេីបប្រជាលរដ្ឋនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ច​ខណ្ឌដូនពេញ​ ចុះមកពិនិត្យមើលជាក់ស្ដែង​ បង្កការភ្ញាក់ផ្អើលឡេីងតែម្ដង។

សមត្ថកិច្ចផ្នែកជំនាញផ្នែកវាស់វែង​ នៃអធិការដ្ឋានខណ្ឌដូនពេញ សហការជាមួយ​សមត្ថកិច្ចមូលដ្ឋាន​ប៉ុស្តិ៍ នៃខណ្ឌសែនសុខ ចូលទៅរកឃេីញរថយន្តបង្កជាក់ស្ដែង​ នៅមុខផ្ទះតែម្ដង​ ហេីយម្ចាស់កំពុង​នាំគ្នា​ ជញ្ជូនឥវ៉ាន់ចេញពីរថយន្តផងដែរ​ ព្រោះស្មានតែគេចបានសម្រេចហេីយ​ តែបែរជាស្ងាត់មាត់ឈឹង​​ឃេីញសមត្ថកិច្ច​ ចុះមកដល់មុខផ្ទះ​ ។

បច្ចប្បន្នក្រោយពេលកេីតហេតុ​ សមត្ថកិច្ចខណ្ឌដូនពេញ សហការជាមួយ​សមត្ថកិច្ចខណ្ឌសែនសុខ​ បានប្រគល់អោយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក ​នៃស្នងការដ្ឋាននរគរបាល​រាជធានីភ្នំពេញ​ ចុះអូសរថយន្តបង្ក ដែលបេីកគេចខ្លួនផ្អេីលមួយចំហៀងក្រុងនោះ​ យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ (អត្ថបទរូបភាព​ ម៉េង-AhBoYz)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ